តាម AFP ចិនបានប្រកាសព័ត៌មានថា ប្រមុខការទូតប្រទេសនេះ នឹងទៅកាន់ក្រុងវ៉ាស៊ីនតោនៅថ្ងៃទី ២៣ ខែឧសភា ខណៈពេលដែលភាពតានតឹងពាណិជ្ជកម្មទ្វេភាគី ត្រូវបានកាត់បន្ថយ ប៉ុន្តែភាពតានតឹងថ្មីមួយទៀតបែរជាកើនឡើងទាក់ទិនដល់បញ្ហាកូរ៉េខាងជើង ក៏ដូចជាស្ថានការយោធារបស់ក្រុងប៉េកាំងនាសមុទ្រចិនខាងត្បូង ។
រដ្ឋមន្ត្រីការបរទេសចិន វ៉ាងយី
នៅថ្ងៃទី ២២ ខែឧសភា អ្នកនាំពាក្យក្រសួងការបរទេសចិនឲ្យដឹងថា “ចិននិងអាមេរិកនឹងពិភាក្សាអំពីទស្សនៈលើទំនាក់ទំនងទ្វេភាគី ព្រមទាំងបណ្តាបញ្ហាដែលភាគីទាំងសងខាងចាប់អារម្មណ៍” ។
លោកវ៉ាងយី នឹងមកកាន់រដ្ឋធានីរបស់អាមេរិក តាមផ្លូវដែលលោកវិលត្រឡប់ពីអាហ្សង់ទីន កន្លែងដែលលោកបានចូលរួមសន្និសីទប្រមុខការទូត នៃក្រុមបណ្តាប្រទេសមានខឿនសេដ្ឋកិច្ចរីកចម្រើន និងក្រុមប្រទេសទើបលេចធ្លោរលំដាប់ដំបូងពិភពលោក (G20) ហើយនៅទីនោះគេបានដឹងថា លោកបានពិភាក្សាជាមួយប្រមុខការទូតប្រទេសមួយចំនួន អំពីបញ្ហាសមុទ្រចិនខាងត្បូង ៕ សូយន