Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិត​ណាស់! ព្រោះតែ​រូបរាង​ដូច​កូនក្មេង បុរស​ម្នាក់​មិន​អាច​រក​ការងារ​ធ្វើ​បាន ខណៈ​អាយុ​ពិត​រហូតដល់​ទៅ…

បុរសអាយុ ២៧ ឆ្នាំម្នាក់ រស់នៅក្នុងទីក្រុង Dongguan ប្រទេសចិន បានជួបបញ្ហាក្នុងការស្វែងរកការងារ ដោយសារតែគាត់មើលទៅដូចកូនក្មេងអាយុ ៧-៨ ឆ្នាំ អុីចឹង។

ក្រោយពីមានមនុស្សគ្រប់គ្នា បានសន្មត់ថាជាកូនក្មេងមានអាយុមិនលើស ១០​ ឆ្នាំ បុរសដ៏អ័ភព្វជាមួយរូបរាងដែលមានឈ្មោះថា Mao Sheng បានអះអាងថា គាត់មានអាយុ ២៧ ឆ្នាំ ហើយ។ ហើយខណៈពេលដែលអ្នកខ្លះគិតថាជាពរជ័យនោះ តែយុវជនមកពីទីក្រុង Dongguan រូបនេះ បានអះអាងថាវាជាបណ្តាសា ព្រោះវារារាំងរូបគេមិនអាចទទួលការងារធ្វើបាន។ ព្រោះថា និយោជកភាគច្រើនមិនជឿថា គាត់មានអាយុដូចគាត់អះអាងនោះទេ។ ហេតុនេះ ពួកគេមិនចង់ឱ្យអាជ្ញាធរចោទប្រកាន់ប្រើកម្លាំងពលកម្មកុមារ។

Mao Sheng បានទទួលការចាប់អារម្មណ៍ពេញមួយប្រទេសចិន កាលពីសប្តាហ៍មុន បន្ទាប់ពីវីដេអូដែលបានថតរូបគេនៅតាមដងផ្លូវនៃទីក្រុង Dongguan បានរីករាលដាលនៅលើ Douyin (TikTok) ។ នៅក្នុងនោះ យុវជនរូបនេះបានបង្ហាញពីអាយុរបស់គាត់ ហើយបានត្អូញត្អែរថា គាត់មិនអាចរកការងារធ្វើដើម្បីផ្គត់ផ្គង់ឪពុករបស់គាត់ ដែលកំពុងមានជំងឺដាច់សរសៃឈាមខួរក្បាល។ គាត់បានសុំការងារនៅ​រោងចក្រក្នុងស្រុក​ជាមួយមិត្តភ័ក្តិម្នាក់ ប៉ុន្តែ​ខណៈ​ដែលពួកគេ​រកការងារបានលឿន តែគាត់វិញបែរជា​មិនសំណាងនោះទេ។

រឿងរ៉ាវរបស់ Sheng បានទាក់ទាញបេះដូងមនុស្សរាប់លាននាក់នៅជុំវិញប្រទេសចិន ដែលភាគច្រើនបានចោទប្រកាន់និយោជកថា មិនផ្តល់ឱកាសឱ្យគាត់ ដោយសារតែមុខមាត់ក្មេងខុសពីធម្មតា។ តែសំណាងហើយ បន្ទាប់ពីគាត់ល្បីតាមអនឡាញ សហគ្រិនជាច្រើនបានទាក់ទង និងផ្តល់ការងារឱ្យគាត់។

វីដេអូមួយទៀតដែលបង្ហោះនៅលើ Douyin កាលពីប៉ុន្មានថ្ងៃមុន បានបង្ហាញថា Mao ទទួលបានការងារមួយ ហើយសង្ឃឹមថា នឹងទទួលបានប្រាក់ខែគ្រប់គ្រាន់ ដើម្បីជួយឪពុករបស់គាត់ឱ្យជាសះស្បើយឡើងវិញ។ ពេលឡើងលើ​ភ្នំ​គាត់សង្ឃឹមថា​នឹងរកមិត្តស្រី ហើយបង្កើតគ្រួសារមានគ្នីគ្នាដូចគេដែរ។

ទោះបីជារឿងរ៉ាវរបស់ Mao Sheng ត្រូវបានសារព័ត៌មានជាច្រើនក្នុងប្រទេសចិន យកមកចុះផ្សាយក៏ដោយ ប៉ុន្តែគ្មានព័ត៌មានណា និយាយអំពីហេតុផលវេជ្ជសាស្រ្តណាមួយ សម្រាប់រូបរាងក្មេងជាងវ័យ របស់យុវជនវ័យ ២៧ ឆ្នាំ រូបនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×