វីដេអូឃ្លីបមួយ ដែលអ្នកដឹកនាំសម្តែងថាជារឿងអប់រំខ្លី តែបែរជាឲ្យតួស្រីស្រាតលីអូ កណ្តាលវាលដ៏ឥតកេរ្តិ៍ខ្មាស បានធ្វើឲ្យមហាជននៅក្នុងបណ្តាញសង្គម ឃើញហើយនាំគ្នារហួសចិត្តយ៉ាងខ្លាំង និងស្នើឲ្យសមត្ថកិច្ចហៅក្រុមនេះ ជាពិសេសអ្នកដឹកនាំរឿងយកមកដុសក្អែល ដើម្បីជាការព្រមានដល់អ្នកដទៃ។
ថាមែនៗ! ក្រោយមហាជនផ្ទុះការរិះគន់កាន់តែកក្រើកខ្លាំង ខណៈវីដេអូរីករាលដាលដូចភ្លើងឆេះព្រៃនោះ ស្រាប់តែប៉ុន្មានម៉ោងមុននេះ (ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២) ក្រុមសម្តែងថតវីដេអូឃ្លីបស្រាតលីអូ ផុសលើបណ្តាញសង្គម ធ្វើឲ្យប៉ះពាល់ ជាពិសេសតម្លៃសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ បានចេញវីដេអូសុំទោសជាសាធារណៈហើយ។
បើតាមការបញ្ជាក់ពីផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺក្រុមដែលសម្ដែងខាងលេី មិនមែនស្ថិតនៅក្នុងប្រទេសកម្ពុជាទេ គឺកំពុងរស់នៅប្រទេសថៃឯណោះ។
តែទោះយ៉ាងណា ក្រុមការងារជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានឲ្យដឹងថា បន្ទាប់ទាក់ទងទៅម្ចាស់គណនីឈ្មោះ KHEM YANG Online ដែលបានផុសវីដេអូដ៏អាសអាភាសខ្វះការគិតពិចារណានេះ ម្ចាស់គណនីក៏បានយល់ព្រមលុបឃ្លីបវីដេអូនេះចេញ ហើយក៏បានធ្វើវីដេអូសុំទោសជាសាធារណៈនូវកំហុសរបស់ខ្លួន និងសន្យាលែងឲ្យកើតមាននូវទង្វើដ៏អសិលធម៌ ធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរទៀតហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




