ភ្នំពេញ៖ មេទ័ពកំពូលល្បីឈ្មោះរបស់កម្ពុជាចំនួន៣រូប ដែលឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រអាណត្តិទី៦ សម្រាប់គណបក្សប្រជាជនកម្ពុជា នឹងត្រូវព្យួរតួនាទីបណ្តោះអាសន្នសម្រាប់ការបោះឆ្នោតនាខែកក្កដា ខាងមុខនេះ។
ក្រសួងការពារជាតិបានឱ្យដឹងថា៖មេទ័ពសំខាន់ទាំង៣រូបនោះរួមមាន នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
យោងតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ឈុំ សុជាត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ការព្យួរតួនាទី អគ្គមេបញ្ជាការជាន់ខ្ពស់៣រូប នៅកងយោធពលខេរមភូមិន្ទ ដែលឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ គឺអនុវត្តទៅតាមច្បាប់ស្តីពីការបោះឆ្នោត។
មេទ័ពសំខាន់ៗរបស់កម្ពុជា៣រូបនោះរួមមាន ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និង ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រអាណត្តិទី០៦ មកពីគណបក្សប្រជាជនកម្ពុជា នឹងត្រូវព្យួរតួនាទីបណ្តោះអាសន្ន សម្រាប់ការបោះឆ្នោតនាខែកក្កដា ខាងមុខនេះ។
ការព្យួរតួនាទីបណ្តោះអាសន្ន សម្រាប់មេទ័ពទាំង៣ នៅក្នុងក្របខណ្ឌកងយោធពលខេមរភូមិន្ទ នាពេលខាងមុខនេះ គឺអនុវត្តទៅតាមច្បាប់ស្តីពីការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ របស់ព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឱ្យបេក្ខជនតំណាងរាស្ត្រព្យួរតួនាទី ជាបណ្តោះអាសន្ន។
មាត្រា២៥ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងប្រកាស៤.៣ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ គឺតម្រូវឱ្យមន្ត្រីរាជការ មន្ត្រីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម និងបព្វជិតសាសនា ដែលមានបំណងឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដាក់ពាក្យសុំច្បាប់ឈប់ពិសេស ឬលាចាកសិក្ខាបទរហូតដល់ ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោតជាស្ថាពរយ៉ាងតិច៧ថ្ងៃ មុនថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត។
សូមបញ្ជាក់ថា លោក នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រលេខរៀងទី១ នៅមណ្ឌលខេត្តព្រះសីហនុ។ លោក នាយឧត្តមសេនីយ៍ គន់ គីម បានឈរជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិតែមួយគត់ នៅមណ្ឌលឧត្តរមានជ័យ និង លោក នាយឧត្តមសេនីយ៍ មាស សុភា បានឈរជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិតែមួយគត់នៅមណ្ឌលព្រះវិហារ។
គួរបញ្ជាក់ថា៖តំណាងរាស្ត្រដែលជាប់ឆ្នោត ក៏មានសិទ្ធិក្នុងការលាលែងពីតំណែងរបស់ខ្លួនវិញផងដែរ ហើយបេក្ខជនតំណាងរាស្ត្រ ដែលឈរនៅលេខរៀងបន្ទាប់ នឹងឡើងជំនួសនៅក្នុងសភាជាតិ៕ ដោយ៖បញ្ញាស័ក្តិ