សម្លៀកបំពាក់ដែលគេបោះចោលជាច្រើន ត្រូវបានបោកបក់មកលើឆ្នេរសមុទ្រអាហ្វ្រិក ហើយគ្មាននរណាដឹងថា ហេតុអ្វីបានជាមានរឿងចម្លែកនេះកើតឡើង។ ហើយបាតុភូតដ៏កម្រដែលលេចឡើងនៅលើឆ្នេរអាហ្វ្រិកនេះ បានធ្វើឱ្យអ្នកស្រុក ក៏ដូចជាអ្នកជំនាញជាច្រើនមានការភ្ញាក់ផ្អើល។
រូបភាពដែលត្រូវបានចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីគំនរភ្នំនៃសម្លៀកបំពាក់គ្របដណ្តប់លើឆ្នេរអាហ្វ្រិក។ ទាក់ទងករណីនេះ គេក៏បានប៉ាន់ប្រមាណថា នៅក្នុងប្រទេសហ្គាណាតែមួយគត់ ដែលរាល់សប្តាហ៍ សម្លៀកបំពាក់ប្រហែល ១៥ លាន ត្រូវបានដឹកជញ្ជូនទៅកាន់ Accra ពីប្រទេសផ្សេងៗជុំវិញពិភពលោក។ ហើយទាំងនោះគឺជាសម្លៀកបំពាក់ចាស់ៗដែលត្រូវបានគេបោះចោល ឬបរិច្ចាគទៅឱ្យអង្គការផ្សេងៗនៅក្នុងប្រទេសជាច្រើន។
តែទោះជាយ៉ាងណា អ្វីដែលអាក្រក់បំផុតកំពុងកើតឡើងនៅពេលនេះ គឺគំនរសម្លៀកបំពាក់ដ៏ធំសម្បើមនៅលើឆ្នេរសមុទ្រ ដែលបានរលួយអស់ជាច្រើនខែ ពិតជាបានធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។
គេដឹងថា នៅចក្រភពអង់គ្លេស សំលៀកបំពាក់ដែលគេបរិច្ចាគភាគច្រើនត្រូវបានគេបញ្ជូនទៅបរទេស ខណៈរហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកគឺជាអ្នកនាំចេញសម្លៀកបំពាក់ជជុះធំជាងគេ ក្នុងពិភពលោក។ ទន្ទឹមនឹងនេះ ប្រទេសចិនបានបោះចោលសម្លៀកបំពាក់ចាស់ៗចំនួន ២៦ លានតោនជារៀងរាល់ឆ្នាំ ដែលតិចជាង ១% ត្រូវបានប្រើប្រាស់ឡើងវិញ ឬកែច្នៃឡើងវិញ។
យោងតាមអ្នកជំនាញ មូលហេតុនៃការកកស្ទះច្រើន គឺការកើត និងការអភិវឌ្ឍន៍នៃ ‘ម៉ូដលឿន’ ។ ក្រុមហ៊ុនផលិតសម្លៀកបំពាក់ដែលមានគុណភាពទាបជាច្រើន ដែលបម្រើអ្នកប្រើប្រាស់មួយចំនួនធំ ឆ្លើយតបទៅនឹងនិន្នាការចុងក្រោយបង្អស់។
ហេតុនេះ សម្លៀកបំពាក់ទាំងនោះ មិនមានន័យថា អាចប្រើបានយូរនោះទេ ហើយត្រូវបានគេបោះចោលបន្ទាប់ពីស្លៀកប៉ុន្មានដង។
ភ្នំនៃសម្លៀកបំពាក់បោកបក់នៅលើច្រាំង បង្ហាញថា ប្រហែល ៤០% ស្ថិតក្នុងស្ថានភាពមិនល្អ ដែលត្រូវបានបោះចោលភ្លាមៗ ក្លាយជាគំនរសំរាមដែលរលួយបន្តិចម្តងៗ។
រូបភាពនៃគំនរសម្លៀកបំពាក់ដ៏ធំសម្បើមដែលគ្របដណ្តប់លើឆ្នេរសមុទ្រនៃប្រទេសហ្គាណា បានបង្ហាញពីរូបភាពនៃការបំពុល ដែលតំបន់នានានៃពិភពលោកកំពុងជួបប្រទះ ខណៈដែលមនុស្សជាច្រើនមានទំនោរទន់ទៅនឹងសម្លៀកបំពាក់ថោកៗ ដែលអាចបោះចោលបាន។
នៅប្រទេសខ្លះ ពេលបរិច្ចាគសម្លៀកបំពាក់ដែលមិនបានប្រើ អ្នកអាច ឬមិនដឹងច្បាស់ថា សម្លៀកបំពាក់ទាំងនោះគេទៅទីណា ដោយគិតថាត្រូវបានវេចខ្ចប់ ហើយផ្ញើទៅនរណាម្នាក់ដែលត្រូវការជំនួយ។ ទោះយ៉ាងណាក៏ដោយ ក្នុងករណីខ្លះ វាជាការពិតដែលថា សម្លៀកបំពាក់ចាស់ៗទាំងនោះ នៅតែត្រូវបានដឹកជញ្ជូនទៅក្រៅប្រទេស ហើយបោះចូលទៅក្នុងកន្លែងចាក់សំរាម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


