ជនរងគ្រោះជាច្រើន នៅពេលនេះ បានកំពុងតែពិបាកចិត្តខ្លាំង ដេកក៏មិនលក់បក់ក៏មិនល្ហើយ ក្រោយពីត្រូវចាញ់បោកអ្នកមានមុខមាត់ដ៏មានអំនួតនៅលើបណ្តាញសង្គមឈ្មោះ ចោម ខ្វាន់ ប្រមូលលុយយកទៅចាយហ៊ីហា ដោយម្នាក់ៗអស់រាប់ពាន់ ម៉ឺនដុល្លារ ក្រោមរូបភាពល្បិចឆបោក អូសទាញឲ្យចូលធ្វើជាតំណាងចែកចាយគ្រឿងមាស និងផ្លាកទីន ដោយតម្រូវឲ្យវេរលុយមុន ទើបផ្តល់ផលិតផលតាមក្រោយ តែចុងក្រោយលុយក៏អស់របស់ក៏មិនបាន។
ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃមុននេះ មានស្រ្តីប្រមាណ១០, ២០នាក់ ក្នុងចំណោមជនរងគ្រោះជាច្រើនទៀត អ្នកខ្លះមកពីបណ្តាខេត្ត បានមកប្រមូលផ្តុំស្រែកទាមទាររកយុត្តិធម៌ ស្ថិតមុខហាងលក់មាសពេជ្រ «ចំរើនសុវត្ថិភាព» ទើបបើកថ្មីមួយកន្លែង នៅក្នុងរាជធានីភ្នំពេញ ក្រោយចាញ់បោកតារាហ្វេសប៊ុកនាង ចោម ខ្វាន់ ដែលជាថៅកែហាងមាសពេជ្រខាងលើ។
បើទោះជាជនរងគ្រោះជាច្រើន បានចេញមកទាមទារឲ្យសងលុយដល់ពួកគាត់វិញយ៉ាងណាក៏ដោយ តែម្ចាស់ក្រុមហ៊ុនហាងមាសពេជ្រនាង ចោម ខ្វាន់ ហាក់ធ្វើព្រងើយមិនដឹងមិនឮ ចេញមុខធ្វើការដោះស្រាយឲ្យជនរងគ្រោះណាម្នាក់នោះឡើយ និងផ្ទុយទៅវិញ បែរជាគំរាមប្តឹងជនរងគ្រោះដែលតាមទារលុយទៀតផង។
តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងនោះ គឺស្របពេលជនរងគ្រោះជាច្រើន បានកំពុងតាមទារលុយជុំទិស និងសូម្បីទារជេរតាមហ្វេសប៊ុក កាន់តែកក្រើកខ្លាំង ស្រាប់តែកាលពីយប់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ គេបានប្រទះឃើញក្រុមហ៊ុន ចំរើនសុវត្ថិភាព របស់ ចោម ខ្វាន់ បានធ្វើការរុះរើស្លាកយីហោទាំងកណ្តាលយប់តែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



