បើទោះជាសមត្ថកិច្ចធ្វើការបង្រ្កាបយ៉ាងណា ក៏បច្ចុប្បន្ននេះ ល្បែងមាន់ជល់ គឺនៅតែកើតមាននៅគ្រប់ទីកន្លែងដដែល។ ហើយពិតណាស់ ដោយសារតែទីតាំងធំៗ ត្រូវបានបង្រ្កាប ជាហេតុធ្វើឲ្យក្រុមញៀនល្បែងមាន់ជល់ទាំងនោះ នាំគ្នាលួចលាក់ទៅលេងភ្នាល់ក្នុងព្រៃ ឬ តាមផ្ទះ ដែលសមត្ថកិច្ចតាមមិនទាន់។
តែទោះជាយ៉ាងណា ការលួចលាក់ប្រជល់មាន់នេះ មិនយូរមិនឆាប់ នឹងមិនអាចគេចរួចពីភ្នែកសមត្ថកិច្ចឡើយ ហើយគេក៏តែងតែឃើញក្រុមញៀនល្បែងមាន់ជល់ទាំងនោះ រត់ចែកជើងគ្នាជារឿយៗផងដែរ។
ជាក់ស្តែង ដូចក្នុងវីដេអូនេះ បានធ្វើឲ្យគ្រប់គ្នា ពិតជាគួរឲ្យអស់សំណើចខ្លាំងតែម្តង ខណៈបានឃើញសកម្មភាពក្រុមលេងល្បែងមាន់ជល់មានទាំងចាស់ទាំងក្មេង បានឡើងផ្លោះរបងផ្ទះ លោតចុះទាំងព្រលឹងចុងសក់ នៅពេលកម្លាំងសមត្ថកិច្ចចុះបង្រ្កាប ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការខណ្ឌមានជ័យ។
ហេតុការណ៍ដ៏ហួសចិត្តនេះ ត្រូវបានដឹងថា បានកើតឡើងនៅចំណុចស្របតាមបណ្តោយលូទឹកស្អុយ ភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។ ម្ចាស់ផ្ទះត្រូវបានគេស្គាល់ថាមានឈ្មោះ ឆើត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










