យុវជនសញ្ជាតិចិនរូបនេះពោលថា ៖ “ការរៀនសូត្រអាចពន្យារពេលបាន ប៉ុន្តែម្តាយរបស់យើងមានតែម្នាក់ប៉ុណ្ណោះ” ។
នៅក្នុងបន្ទប់អ្នកជំងឺមានយុវជនម្នាក់នៅវ័យក្មេង និងស្រស់សង្ហារ ដៃកាន់កន្សែងជូតមុខឲ្យម្តាយរបស់ខ្លួន ។ ពេលម្តាយបរិភោគអាហារមិនរលាយ គាត់អង្គុយអង្អែលពោះឲ្យម្តាយ រហូតទាល់តែម្តាយសម្សាន្តលក់ ក៏សិតសក់ ដណ្តប់ភួយ ហើយថើបលើថ្ងាសម្តាយ ប្រៀបដូចជាម្តាយធ្វើចំពោះខ្លួនកាលពីនៅតូច ។
ក្មេងប្រុសនេះ នៅស្រុកចាងហួ ប្រទេសចិន ឈ្មោះលីវ ទិនហុង អាយុ ២០ឆ្នាំ ជានិស្សិតសកលវិទ្យាល័យ ហើយពុំទាន់រៀនបានប៉ុន្មានថ្ងៃផង ក៏ទទួលព័ត៌មានថា ម្តាយធ្លាក់ខ្លួនឈឺ ជំងឺមហារីក ។
ដោយគ្មានរារែកចិត្ត យុវជននេះបានសម្រេចចិត្តធ្វើបែបបទផ្អាកការសិក្សា ដើម្បីមានពេលនៅក្បែរថែទាំម្តាយ ២៤ម៉ោង/២៤ម៉ោង ។
គាត់បានទិញប៉ៅអ៊ីបត់តូចមួយ ដើម្បីតាមនៅក្បែរម្តាយគ្រប់ពេលវេលា ។ ទិនហុង ដឹងថាពេលវេលាមិននៅសល់ច្រើនប៉ុន្មានទេ ហើយយល់ច្បាស់ថា នេះជាវេលាដ៏មានតម្លៃចុងក្រោយរបស់ខ្លួនសម្រាប់បំពេញភាពកត្តញ្ញូចំពោះម្តាយ ។ គាត់និយាយថា ៖ “ឆាកជីវិតមនុស្សម្នាក់មិនថា អ្នកណាទេ ក៏ត្រូវមានថ្ងៃត្រូវនិយាយពាក្យថា “លាហើយ” ហើយខ្ញុំមិនចង់ឲ្យជីវិតរបស់ខ្លួន នាំយកតាមនូវវិប្បដិសារីឡើយ” ។
ទិនហុង មានប្អូនប្រុសម្នាក់ ដែលក៏ប្រឹងប្រែងសន្សំពេលវេលាមកមន្ទីរពេទ្យថែទាំម្តាយដែរ ។ រីឯឪពុកដែលធ្វើការនៅរោងចក្រដែកថែប ក៏ពិតជាអាណិតកូនប្រុស ហើយក៏កក់ក្តៅក្នុងចិត្ត ពេលឃើញកូនប្រុសទាំងពីរ មានភាពកាត្តញ្ញូយ៉ាងនេះ ។
នៅថ្ងៃបុណ្យកំណើតរបស់ខ្លួន ទិនហុងបានសរសេរ status អរគុណអ្នកម្តាយ ដែលបាននាំជីវិតខ្លួនមកកាន់ពិភពលោកនេះ ហើយថែមទាំងផ្តល់ការស្រឡាញ់ថែទាំ ដោយគ្មានពាក្យរអ៊ូរទាំមួយមាត់ ។ គាត់សរសេរយ៉ាងកំសត់ថា ៖ កូនមិនដឹងថា តើអាចនៅក្បែរអ្នកម្តាយបានយូរប៉ុន្មានទៀតទេ តែមួយថ្ងៃបាននៅក្បែរអ្នកម្តាយពិតជាមានតម្លៃបំផុតសម្រាប់ជីវិតកូន ។
មិត្តភក្តិនិងសាច់ញាតិ សុទ្ធសឹងរំភើបចិត្តពេលឃើញទង្វើបែបនេះ ហើយក៏តែងលើកទឹកចិត្តដល់យុវជនម្នាក់នេះ ។
ទោះបីក្នុងវ័យ “ពេញសប្បាយ” ប៉ុន្តែយុវជនម្នាក់នេះ ពិតជាយល់ដឹងបាន ពីអ្វីដែលគួរធ្វើក្នុងជីវិតមនុស្សម្នាក់ៗ ។ ពោលគឺត្រូវដឹងថា ក្តីស្រឡាញ់ ទាមទារឲ្យទាន់ពេល កុំរង់ចាំដល់ពេលអ្វីៗវាកន្លងផុត ទើបសោកស្តាយនោះ! ៕