Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ តើ ទឹកដាំពុះច្រើនដង ពេលញ៉ាំហើយ “ប្រថុយនឹងរោគា” មែនឬ?

ភ្នំពេញ ៖ ផ្ទះអ្នកណាគេខ្លះ ដែលនិយមដាំទឹកញ៉ាំ ដែលអាចដោយសារតែគ្មានម៉ាស៊ីនចម្រោះទឹក ឬជឿថា ការដាំទឹក នឹងជួយសម្លាប់មេរោគបាននោះ អាចនឹងមានអារម្មណ៍ភ័យខ្លាចបន្តិចបន្តួច នៅពេលបានឮព័ត៌មានថ្មីមួយដែលថា នៅពេលដែលយើងញ៉ាំទឹក ដែលដាំពុះច្រើនៗដង អាចប្រថុយប្រថាននឹងជំងឺផ្សេងៗបាន…។ តើការពិតយ៉ាងណា ថ្ងៃនេះយើងមានចម្លើយមកជម្រាបជូន។

ញ៉ាំទឹកដែលដាំពុះច្រើនដង អាច "ប្រថុយនឹងរោគា" មែនឬ?
អ្នកវិទ្យាសាស្ត្រ ដែលជំនាញខាងផ្នែកចំណីអាហារ និងថ្នាំ បានបកស្រាយបញ្ជាក់ពីបញ្ហានៃការយកទឹកឆៅ ឬទឹកចេញពីក្បាលរ៉ូប៊ីណេ(ទឹកម៉ាស៊ីន) មកដាំឱ្យពុះច្រើនៗដង ដោយមិនប្ដូរទឹកថ្មី ដូចខាងក្រោម…៖
"តាមដែលមានការផ្សព្វផ្សាយព័ត៌មានថា ការយកទឹកចេញពីក្បាលរ៉ូប៊ីណេ មកដាំឱ្យពុះច្រើនៗដង ដោយមិនប្ដូរទឹកថ្មីនោះ នឹងធ្វើឱ្យសារធាតុ ស៊ីលវើរណៃត្រេត ក្នុងទឹកម៉ាស៊ីននោះ ក្លាយទៅជាសារធាតុ ស៊ីលវើណៃត្រៃត៍ ដែលបង្កគ្រោះថ្នាក់ដល់រាងកាយ…សូមជម្រាបថា រឿងនេះ មិនមែនជាការពិតឡើយ ព្រោះនៅក្នុងទឹកម៉ាស៊ីនគ្មានសារធាតុ ស៊ីលវើរណៃត្រេត នេះទេ ហើយការដាំទឹកឱ្យពុះ ក៏មិនធ្វើឱ្យសារធាតុ ស៊ីលវើរណៃត្រេត ប្រែទៅជា ស៊ីលវើរណៃត្រៃត៍ ដែរ"។ 

តែយ៉ាងណា អ្នកវិទ្យាសាស្ត្រជំនាញ បានបញ្ជាក់ថា បើសិនជាចង់ប្រើវិធីដាំទឹកឱ្យពុះ មុនយកមកញ៉ាំ ឬចម្អិនអាហារនោះ អ្នកជំនាញខាងចំណីអាហារ និងថ្នាំ បានណែនាំដូចតទៅ៖

"ការប្រើឆ្នាំង ឬកំសៀវដាំទឹកម៉ាស៊ីន បើមានការប្ដូរទឹក (មិនដាំទឹក ដែលធ្លាប់ពុះម្ដងហើយ) និងបានលាងសម្អាតឆ្នាំង ឬកំសៀវជាប់ជាប្រចាំ នឹងធ្វើឱ្យយើងប្រាកដក្នុងចិត្តបានថា នឹងមិនកើតមានការប្រមូលសន្សំកំណកកករ របស់វត្ថុកខ្វក់ ដែលអាចនឹងប្រឡាក់ប្រឡូស មកជាមួយនៅក្នុងទឹកនោះឡើយ"។

ដាំទឹកឱ្យពុះច្រើនៗដង មានគ្រោះថ្នាក់ឬទេ?
ទោះជាមិនមានជាតិពុលពី ស៊ីលវើរណៃត្រៃត៍ ក៏ពិតមែន តែការដាំទឹកឱ្យពុះ រួចទុកចោល រហូតដល់ត្រជាក់ ហើយដាំឱ្យពុះ តទៀតជាច្រើនដង ដូចអ្នកដែលប្រើកំសៀវដាំទឹកដើម្បីឆុងតែ ឬកាហ្វេនោះធ្លាប់ធ្វើនោះ វេជ្ជបណ្ឌិតជំនាញបានផ្ដល់ព័ត៌មានថា៖
"បើទឹក ដែលលោកអ្នកយកមកដាំនោះ ជាទឹកធម្មជាតិ ដូចជាទឹកអណ្ដូង ទឹកស្ទឹងទន្លេ ឬទឹកម៉ាស៊ីន ដែលមានជាតិអាស៊ីតក្នុងឆ្នាំង ឬកំសៀវលោហៈនោះ បើសិនជាដាំច្រើនៗដង វានឹងរឹតតែធ្វើឱ្យទឹកនោះត្រូវបានរម្ងាស់ខ្លាំង និងកើតជាដុំរឹងៗ តូចៗ តោងជាប់នៅក្នុងកំសៀវ ឬហៅថា កំណកកំបោរ ធ្លាក់មកលាយឡំនៅក្នុងទឹកច្រើនឡើង រួមទាំង "ទឹករ៉ែ" ដែលអ្នកមានលុយទាំងឡាយចូលចិត្តនាំគ្នាញ៉ាំ ព្រោះតែគិតថា ជាទឹកស្អាតបរិសុទ្ធនោះ ក៏ត្រូវតែប្រយ័ត្នដែរ ព្រោះដាំយូរៗទៅ ក៏នឹងបានកំណកកំបោរដូចគ្នា"

"ដូច្នេះហើយទើបយើងមិនគួរញ៉ាំទឹក ដែលដាំពុះច្រើនដងនោះទេ។ វិធីដែលល្អ គួរដាំទឹកម្ដងៗ ឱ្យល្មមតែសម្រាប់ញ៉ាំបានហើយ និងចាំបាច់ត្រូវចាក់ទឹកចាស់ចោល រួចប្ដូរទឹកថ្មីគ្រប់ពេល បើត្រូវការដាំទឹកឱ្យពុះជាថ្មី។ សម្រាប់កំសៀវដាំទឹក ដើម្បីឆុងកាហ្វេ ក៏មិនគួរដាក់ចោលនៅលើភ្លើង ឱ្យទឹកពុះជាប់រហូតដែរ ព្រោះអាចធ្វើឱ្យសារធាតុកំណកដែក រលាយធ្លាក់ចូលទៅក្នុងទឹកបាន និងឧស្សាហ៍បើកគម្របកំសៀវមើលផង បើឃើញមានកំណកកំបោរ គួរលាងសម្អាតចេញភ្លាម"៕

×