ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ រួមជាមួយលោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក អោង ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ព្រមទាំងអាជ្ញាធរដែនដីស្រុកសណ្ដាន់ និងស្រុកសន្ទុក បានដឹកនាំសហការី និងមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ អមដំណើរឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ទៅត្រួតពិនិត្យភូមិសាស្ត្រដែនជម្រកសត្វព្រៃ ព្រៃឡង់ នៅក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ជាប់ព្រំប្រទល់ ស្រុកសំបូរ ខេត្តក្រចេះ ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានដឹកនាំសហការី រួមជាមួយកងកម្លាំងចម្រុះបានទៅត្រួតពិនិត្យតំបន់ព្រៃឡង់ ដែលត្រូវរងការកាប់ទន្ទ្រានដោយជនល្មើសក្នុងអំឡុងពេលបុណ្យចូលឆ្នាំកន្លងទៅ មានប្រមាណពី ៥ ទៅ ៦ហិកតា ស្ថិតនៅក្នុងតំបន់អូរកង់ ភូមិសាស្ត្រដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ជាប់ព្រំប្រទល់ ស្រុកសំបូរ ខេត្តក្រចេះផងដែរ ។
ឯកឧត្តម នួន ផារ័ត្ន បានថ្លៃងនូវការសោកស្ដាយជាខ្លាំង ចំពោះការបាត់បង់ព្រៃឡង់ ដែលរងការលួចកាប់ទន្ទ្រានប្រមាណជា ៥ ទៅ ៦ហិកតា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំកន្លងនេះ នឹងបានចាត់វិធានការយ៉ាងមុឺងម៉ាត់ ឱ្យស្ថាប័នបរិស្ថានខេត្តកំពង់ធំ រៀបចំដីការដកហូតជាន្ទាន់យកមកធ្វើជាសម្បត្តិរដ្ឋ និងបានបញ្ជាឲ្យរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការស្រាវជ្រាវែករកមុខសញ្ញាជនប្រព្រឹត្តបទល្មើស ដើម្បីផ្ដន្ទាទោសឲ្យបានធ្ងន់ធ្ងរបំផុត និងសន្យាផ្ដល់ជូនរង្វាន់ចំពោះជនណាដែលបានផ្ដល់ព័ត៌មានពីមុខសញ្ញា ជនដែលបានលួចកាប់ទន្ទ្រានព្រៃឈើ និងអ្នកនៅពីក្រោយខ្នង ដើម្បីចាប់ឃាត់ខ្លួនយកផ្ដន្ទាទោសតាមផ្លូវច្បាប់។
ឯកឧត្តម នួន ផារ័ត្ន បានដាក់បទបញ្ជាឲ្យឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ ត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំកែសម្រួលកម្លាំងចម្រុះដែលប្រចាំការ នៅទីបញ្ជាការស្រាល ឈរជើងក្នុងភូមិសាស្ត្រ ឃុំសុចិត្រ ស្រុកសណ្ដាន់ ដើម្បីបង្កេីនការគ្រប់គ្រងនៅតំបន់នេះឲ្យបាន ដោយមិនឲ្យមានការកាប់ទន្ទ្រានជាថ្មី និងល្បាតឃ្លាំមេីល ចាំចាប់ខ្លួនជនប្រព្រឹត្តបទល្មើសជាក់ស្ដែង ដើម្បីនាំខ្លួនបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្តេជ្ញាចិត្ត គោរពអនុវត្តយ៉ាងមុឺងម៉ាត់តាមបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ និងបន្តសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ រួមជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី ដើម្បីរួមគ្នាក្នុងការការពារធនធានធម្មជាតិរបស់យើងឲ្យនៅគង់វង្ស សម្រាប់កូនចៅយើងជំនាន់ក្រោយៗទៀតឲ្យបាន ។រក្សាសិទ្ធដោយ៖សុទ្ធលី










