ភ្នំពេញ៖ អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទនាយរងសេនាធិការចំរុះ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាលោកនាយឧត្តមសេនីយ៍ គន់ គីម បានស្នើសុំអោយបងប្អូនអតីតយុទ្ធជនចូលរួមជាមួយរដ្ឋបាលប៉ុស្តិ៍ សង្កាត់ ដើម្បីអនុវត្តគោល នយោបាយភូមិ សង្កាត់អោយមានសុវត្ថិភាព។
ការស្នើបែបនេះរបស់លោកនាយឧត្តមសេនីយ៍ គន់ គីម បានធ្វើឡើងកាលព្រឹកថ្ងៃទី២៣ឧសភាក្នុងពិធីអបអរសាទរខួបលើកទី១១ទីវាអតីតយុទ្ធកម្ពុជា២១មិថុនានិងពិធីបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជនកម្ពុជានៅរាជធានីភ្នំពេញ ជិត៤០០០នាក់នៅមជ្ឈ មណ្ឌលមហោស្របកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។
លោកនាយឧត្តមសេនីយ៍បានមានប្រសាសន៍ថា បងប្អូនអតីតយុទ្ធជនយើងទាំងអស់ត្រូវធ្វើជាសេនាធិការអោយរដ្ឋបាលប៉ុស្តិ៍ សង្កាត់ ក្នុងការចូលរួមផ្តល់ជាព័ត៌មាន ពិសេសពាក់ព័ន្ធ ករណីចោរលួច ចោរប្លន់ ល្បែងស៊ីសងនិងបញ្ហាគ្រឿងញៀនជាដើម មានន័យថា បើបងប្អូនទទួលបានព័ត៌មាននេះត្រូវរាយការណ៍ទៅរដ្ឋបាលប៉ុស្តិ៍ សង្កាត់ ដើម្បីបង្ក្រាបអោយអស់ធ្វើយ៉ាងណាអោយភូមិ សង្កាត់របស់យើងមានសុវត្ថិភាព ។
លោកនាយឧត្តមសេនីយ៍ ក្នុងឱកាសនោះក៏បានលើកឡើងពីអារម្មណ៍របស់បងប្អូនយុទ្ធជន ដែលពួកគាត់ប្រាប់មកលោកថា បងប្អូនអតីតយុទ្ធជនយើងបញ្ជាក់ហើយថា សមាគមអតីតយុទ្ធជនកម្ពុជានេះពិតជាបានបង្ហាញពីសកម្មភាពរបស់ខ្លួនបានយ៉ាងល្អ ក្នុងការ ជួយទៅលើអតីតយុទ្ធជន ពិសេសនៅរយៈពេល២ទៅ៣ឆ្នាំចុងក្រោយនេះ ខណៈដែល៧ទៅ៨ឆ្នាំមុនមិនសូវបានយកចិត្តទុកដាក់អោយចំគោលដៅ ។តែពេលនេះ សូម្បីតែជីវិតចុងក្រោយក៏សមាគមនបានបង្កើតអោយមានកម្មវិធីចូលរួមគោរពវិញ្ញាណក្ខន្ធ អតីត យុទ្ធជនយើងដែរ។
លោកនាយឧត្តមសេនីយ៍ បានជម្រុញអោយអាជ្ញាធរថ្នាក់សង្កាត់ ខណ្ឌ ថ្នាក់រាជធានីភ្នំពេញចេញលិខិតរំលែកទុក្ខ ពេលដែលគាត់ទទួលមរណៈភាព។លោកសន្យាថា នឹងបន្តជួយដល់អតីតយុទ្ធជនរបស់យើងជាងនេះទៀត ដោយត្រូវស្រង់ស្ថិតិអោយជាក់លាក់ ដើម្បីអោយយើងបានដឹងនិងចុះជួយអោយចាំគោលដៅចង់បានរបស់បងប្អូនយើងតែម្តង។ លោកនាយឧត្តមសេនីយ៍ គន់ គីម បានមានប្រសាសន៍បន្តទៀតថា សម្តេចតេជោ ហ៊ុន សែនបានយកចិត្តទុកដាក់ណាស់ចំពោះបងប្អូនអតីតយុទ្ធជនយើង ដោយបងប្អូនបានលះបងគ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិ ហើយជាងនេះទៅទៀត នៅបានបោះឆ្នោតគាំទ្រគណៈបក្សប្រជាជនកម្ពុជារហូតមកថែមទៀត ។ ដោយមើលឃើញពីគុណបំណាច់នេះសម្តេចបានធ្វើលិខិតស្នើសុំទៅព្រះមហាក្សត្រ ដើម្បីប្រទានជាគ្រឿងឥស្សរិយសមេដាយការពារជាតិជូនបងប្អូនថែមទៀត។
លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានលើកឡើងពីសកម្មភាពការងារដែលសហគមនបានចុះជួយនិងយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជនកម្ពុជាទាំង១២ខណ្ឌនៅរាជធានីភ្នំពេញផងដែរ ។
លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបន្ទាប់ពីអានសារលិតរបស់សម្តេចតេជោរួចមក ក៏បានលើកឡើងពីគុណបំណាច់ដ៏ធំធេងរបស់សម្តេច តេជោហ៊ុន សែន ដោយសម្តេច បានលះបង់គ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិ។ទន្ទឹមនឹងនេះលោកសូមអោយបងប្អូនអតីតយុទ្ធជនកម្ពុជា កុំភ្លេចទៅចូលរួមការបោះឆ្នោតនៅថ្ងៃទី២៩កក្កដា២០១៨ខាងមុខនេះ ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្តេចតេជោហ៊ុន សែនធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត ។
លោកបញ្ជាក់ថា បើមានសម្តេចតេជោ ប្រទេសយើងនឹងរក្សាបានសន្តិភាពបន្តទៀត ហើយបើមានសន្តិភាពហើយនោះប្រទេសយើងនឹងមានការអភិវឌ្ឍជាងនេះបន្ថែមទៀត៕