ឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋចំនួន៥គ្រួសាររស់នៅភូមិដីក្រហម ឃុំត្រពាំងប្រសាទ កំពុងដង្ហោយសុំការអន្តរាគមន៍ពីអាជ្ញាធរស្រុកត្រពាំងប្រាសាទ ខណៈលោក ឧកញ៉ា លី ហួរ បានរំលោភយកដីពលរដ្ឋជនពិការ១២០ហិកតា ហើយបានយកកម្លាំង សមត្ថកិច្ចប៉េអឹមស្រុកត្រពាំងប្រាសាទ មកធ្វើការរារាំងមិនឲ្យប្រជាពលរដ្ឋ ចូលធ្វើការបង្កបង្កើនផលលើដីរបស់ខ្លួនឡើយ។
ប្រជាពលរដ្ឋចំនួន៥គ្រួសាររស់នៅភូមិដីក្រហម ឃុំ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ ដែលពីមុនពួកគាត់ធា្លប់តែធ្វើ និងរកជ័រសម្រាប់លក់ចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ក្រុមពលរដ្ឋទាំងនោះ កំពុងដង្ហោយសុំការអន្តរាគមន៍ពីអាជ្ញាធរស្រុកត្រពាំងប្រាសាទ និងអភិបាលខេត្តឧត្ដរមានជ័យ ឲ្យជួយដោះស្រាយបញ្ហាឧកញ៉ា លី ហួរ រំលោភយកដីអាស្រ័យផលរបស់ពួកគាត់ ចំនួន១២០ហិចតា។
នៅថ្ងៃទី២៣ ខែឧសភា ២០១៨ ប្រជាពលរដ្ឋក្រីក្រ ចំនួន៥គ្រួសារ បានឲ្យដឹងថា លោកឧកញ៉ា លី ហួរ រំលោភយកដី អាស្រ័យផលរបស់ពួកគាត់ចំនួន១២០ហិកតា ហើយបច្ចុប្បន្ននេះ ខាងលោកឧកញ៉ា បានធ្វើការភ្ជួររាស់សឹងតែអស់ទៅហើយ ។ ពួកគាត់ បានបន្ដទៀតថា សមត្ថកិច្ច ប៉េអឹមស្រុកត្រពាំងប្រាសាទ បានធ្វើការហាមឃាត់មិនឲ្យពួកគាត់ចូលក្នុងបរិវេណដីអាស្រ័យផលរបស់ពួកគាត់ឡើយ តាមការរបង្គាប់បញ្ជាពីលោកឧកញ៉ារូបនោះ បើនៅតែចូលខាងប៉េអឹមនឹងធ្វើការចាប់ដាក់ខ្នោះចំពោះពួកគាត់។
ប្រជាពលរដ្ឋ រងគ្រោះទាំង៥គ្រួសារ បានធ្វើការសុំការអន្តរាគមន៍ពីអាជា្ញធរស្រុកខេត្តផងដែរ ប៉ុន្តែខាងអាជា្ញធរទាំងអស់នោះបានត្រឹមតែធ្វើការសន្យាចំពោះពួកគាត់ដែលជាជនរងគ្រោះ តែប៉ុណ្ណោះគឺមិនមានការដោះស្រាយឲ្យឡើយ។ ពួកគាត់ បានអំពាវនាវទៅដល់អាជ្ញាធរខេត្ត លោក ស ថាវី និងប្រមុខរាជរដ្ឋាភិបាល ជួយដល់ពួកគាត់ឲ្យបានទាន់ពេលវេលាផង នឹងបានបង្កបង្កើនផលចិញ្ចឹមជីវិតកូនចៅ។
ករណីខាងលើនេះ មិនអាចទំនាក់ទំនងលោកឧកញ៉ា លី ហួរ ស្រាយបំភ្លឺបានទេ៕ ដោយ៖បញ្ញាស័ក្តិ