Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ គុណសម្បត្តិរបស់ផ្លែទំពាំងបាយជូរ គ្រប់ពណ៌ ក្នុងការប្រឆាំងរោគា

ភ្នំពេញ ៖ នៅពេលនឹកដល់ផ្លែឈើ ដែលមានពណ៌ស្រស់ស្អាត មនុស្សជាច្រើន ច្បាស់ជានឹកឃើញផ្លែឈើត្រកូល ប៊ើរី (Berry) មិនខាន តែបើចង់រក យកមកទទួលទានបែបស្រស់ៗនោះ វាក្លាយជារឿងមួយ ដែលមិនសូវជាងាយស្រួលប៉ុន្មានឡើយ តែ បើសម្រាប់ផ្លែទំពាំងបាយជូរវិញ នៅលើទីផ្សាក្នុងស្រុកយើង ងាកទៅខាងណា ក៏ឃើញមានដែរ។ ផ្លែទំពាំងបាយជូរ ជាផ្លែឈើសុខភាពមួយ ដែលយើងមិនគួរមើលរំលងឡើយ ព្រោះវាផ្តល់នូវគុណប្រយោជន៍ មិនចាញ់ផ្លែឈើត្រកូល ប៊ើរី ប៉ុន្មានឡើយ ដោយផ្លែទំពាំងបាយជូរ ទាំង ៣ពណ៌ចម្បងៗទាំងនោះ មានគុណប្រយោជន៍ដល់រាងកាយផ្សេងៗពីគ្នា…

១. ទំពាំងបាយជូរពណ៌បៃតង៖ សម្បូរទៅដោយ សារធាតុ អ៊ែនទីអុកស៊ីឌែនត៍ ដូចជា កាតេស៊ីន(Catechin) និង ធើសូធីលប៊ីន(Ptersotilbene)។ ផ្លែទំពាំងបាយជូរពណ៌បៃតង ជួយការពារជំងឺមហារីកពោះវៀនធំ មហារីកប្លោកនោម មហារីកក្រពេញពងស្វាស មហារីកសុដន រោគសរសៃឈាមបេះដូង រោគរបស់ប្រព័ន្ធសរសៃប្រសាទ រហូតដល់អាចការពារការឆ្លងមេរោគផ្សឹត និងមេរោគវីរុសផ្សេងៗបានទៀតផង។

២. ទំពាំងបាយជូរពណ៌ក្រហម៖ ផ្លែទំពាំងបាយជូរក្រហមនេះ អាចចាត់ទុកបានថា ជាស្តេចនៃផ្លែឈើគ្រប់ប្រភេទ ព្រោះវាមានសារធាតុអាហារ ដែលមានប្រយោជន៍ចំពោះសុខភាពច្រើនណាស់។ ពណ៌ក្រហមស្រស់ របស់ផ្លែទំពាំងបាយជូរនោះ ប្រកបទៅដោយ សារធាតុ ហ្វ្លាវ៉ូណយដ៍ (Flavonoid) ដែលជាសារធាតុប្រឆាំងរ៉ាឌីកាល់សេរី និងមានសារធាតុអាហារសំខាន់មួយទៀត គឺ រេស្វ៊ើរ៉ាថ្រូល(Resveratrol) ដែលមានគុណសម្បត្តិ ជាសារធាតុជួយការពាររោគបេះដូង រោគមហារីក និងជួយពន្យារវ័យ ហើយក្រៅពីនេះ ផ្លែទំពាំងបាយជូរក្រហម នៅមានសារធាតុ សាប៉ូនីន(Saponin) ដែលមានគុណសម្បត្តិជាសារធាតុប្រឆាំងមេរោគបាក់តេរី វីរុស ការពារការដុះសាច់ កាត់បន្ថយការបឺតជ្រាបរបស់ខូលេស្តេរ៉ូលនៅក្នុងលោហិត ដែលហុចផលល្អ ដល់ការការពាររោគបេះដូងទៀតផង។

៣. ទំពាំងបាយជូរពណ៌ខ្មៅ៖ ស្ថាប័នវេជ្ជសាស្ត្រ Mayo Clinic បានណែនាំថា បើលោកអ្នកចង់បញ្ចុះទម្ងន់ ចូរទទួលទានផ្លែទំពាំងបាយជូរខ្មៅ ក្នុង ១ថ្ងៃ ១ដង ដោយអាចញ៉ាំលេងនៅពេលទំនេរ ឬដាក់នៅក្នុងញាំសាលាដ ធ្វើជាម្ហូបញ៉ាំក្នុងពេលបាយក៏បាន ព្រោះតាមរយ:ការសិក្សាស្រាវជ្រាវ គេបានរកឃើញថា ផ្លែទំពាំងបាយជូរខ្មៅ សម្បូរទៅដោយកាកសរសៃ ធ្វើឱ្យមានអារម្មណ៍ថា ឆ្អែត និងផ្តល់នូវកាឡូរីទាប ធ្វើឱ្យការធ្វើការងាររបស់ពោះវៀន ដំណើរការបានតាមប្រក្រតី។ សារធាតុ អ៊ែនទីអុកស៊ីឌែនត៍ នៅក្នុងផ្លែទំពាំងបាយជូរខ្មៅ នៅជួយក្នុងការបណ្តេញសារធាតុ ថក់ស៊ីន ចេញពីរាងកាយមនុស្ស ដែលវានឹងជួយឱ្យកម្មវិធី ក្នុងការបញ្ចុះទម្ងន់ កាន់តែមានប្រសិទ្ធទ្វេឡើងថែមទៀតផង៕

×