ក្មេងស្រីជំទង់អាយុ ១៦ ឆ្នាំ ម្នាក់ រស់នៅ Udon Thani បានប្រើហ្វេសប៊ុក ដើម្បីកំណត់ទីកន្លែងរស់របស់ឪពុករបស់នាង ដែលបានឃ្លាតឆ្ងាយពីនាងអស់រយៈពេល ១៥ ឆ្នាំ នៅពេលនាងមានអាយុទើបតែ១ឆ្នាំ ។
ប្អូនស្រី Benjarong Krasaesin បានប្រាប់ The Nation កាលពីថ្ងៃអង្គារ៍ ថា នាងពុំដែលបានជួបមុខឪពុកបង្កើតរបស់នាងទេ ក្នុងអំឡុងពេល ១៥ ឆ្នាំ មកនេះ ចាប់តាំងពីឪពុកម្តាយរបស់នាងចែកផ្លូវគ្នា ។
ចាប់តាំងពីពេលនោះមក ម្តាយរបស់ Benjarong បានទុកនាងឲ្យស្ថិតក្រោមការមើលថែបីបាច់ពីលោកយាយរបស់នាង ដែលមានឈ្មោះ Pensri Wisetwoharn អាយុ ៦១ ឆ្នាំ នៅពេលគាត់ (ម្តាយ) មានប្តីថ្មី និងបានចេញទៅក្រៅប្រទេស ។
Benjarong បន្តថា នៅពេលនាងនៅជាវ័យកុមារភាព នាងពុំដែលនឹកគិតដល់ឪពុករបស់នាងនោះទេ ព្រោះនាងទទួលបានការមើលថែពីជីដូនរបស់នាង ដែលនាងទម្លាប់ហៅថា «ម៉ាក់» ។
ក្រោយមក ទោះយ៉ាងណាក៏ដោយ នាងពិតជាបាននឹកដល់គាត់ (ឪពុក) ជាខ្លាំង ព្រោះនាងបានឃើញមិត្តៗភក្តិរបស់នាង ពួកគេមានឪពុកម្តាយគ្រប់ៗគ្នា ដូច្នេះ នាងក៏បានសួរលោកយាយរបស់នាងអំពីឪពុករបស់នាង ហើយទីបំផុត បានដឹងនាមត្រកូល និងឈ្មោះរបស់គាត់ ។
នាងបានសម្រេចចិត្តចាប់ផ្តើមស្រាវជ្រាវរកឪពុករបស់នាង នៅលើ Facebook តាមរយៈប្រើឈ្មោះរបស់គាត់ Thawee Krasin ជាពាក្យគន្លឹះ ដែលពាក្យបច្ចេកទេសហៅថា «Key Word» ។
បន្ទាប់ពីរកឃើញអាខោនឈ្មោះ Thawee Krasin រួចហើយ នាងក៏បានផ្ញើសារស្វាគមន៍មួយ និងបង្ហាញរូបថត១សន្លឹក ដែលនាងបានថតជាមួយគាត់កាលនៅតូច (អាយុ១ខួប) ដល់គាត់ ។ ហើយនៅពេលនោះ គាត់បាន Reply ថា៖ «តើ Por ជាកូនស្រីរបស់ប៉ាមែន?» ។
Benjarong បាននិយាយថា៖ «ខ្ញុំពិតជាមានការភ្ញាក់ផ្អើល និងរំភើបចិត្តយ៉ាងខ្លាំង ។ ភ្លាមៗនោះ គាត់បានដឹងថា ខ្ញុំជាកូនស្រីរបស់គាត់ ដែលបានបែកគ្នាអស់រយៈពេល ១៥ ឆ្នាំ» ។
ឪពុករបស់នាងបានប្រាប់នាងថា គាត់កំពុងធ្វើការនៅក្នុងទីក្រុងបាងកក ហើយនឹងមានពេលទំនេរ ទៅលេង Udon Thani ក្នុងរយៈពេល២ខែ ក្នុងអំឡុងពិធីបុណ្យចូលព្រះវស្សា បន្ទាប់ពីគាត់សម្រាកពីការងារ ។
ជីដូនរបស់នាងបាននិយាយថា ទោះបីឪពុករបស់នាងពុំដែលមកសួរសុខទុក្ខនាង ចាប់តាំងពីគាត់បានចាប់ផ្តើមមើលថែចិញ្ចឹមបីបាច់នាងអស់រយៈពេល ១៥ ឆ្នាំ កន្លងមកហើយនេះក្តី ក៏លោកយាយសប្បាយចិត្ត ដែលចៅស្រីរបស់គាត់អាចរកឪពុកឃើញនាពេលនេះ ៕ ចន្ទី