Sunday, December 4, 2022

នោះក្រុមហ៊ុន Meta ត្រូវបានរងការចោទប្រកាន់ថា បានប្រមូលទិន្នន័យសុខភាពរបស់អ្នកជំងឺដោយគ្មានការអនុញ្ញាត

spot_img

ភ្នំពេញ ៖ មិនទាន់បានទាំងមួយសប្តាហ៍បន្ទាប់ពីក្រុមហ៊ុន Tim Hortons បានយល់ព្រមដោះស្រាយបញ្ហាពាក្យបណ្ដឹង ក្រោយពីរងការចោទប្រកាន់ថា ក្រុមហ៊ុនបានទាញយកទីតាំងរបស់អតិថិជន ដោយមិនមានការអនុញ្ញាតពីអ្នកប្រើប្រាស់តាមរយៈកម្មវិធីរបស់ពួកគេផងនោះ ក្រុមហ៊ុន Meta ក៏កំពុងតែប្រឈមមុខនឹងការប្តឹងចោទប្រកាន់ពីបទប្រមូលទិន្នន័យសុខភាពរបស់អ្នកជំងឺដោយគ្មានការយល់ព្រម។ នេះបើតាមនាយករដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។

នៅក្នុងពាក្យបណ្ដឹងពីរដែលបានដាក់ស្នើ បានចោទប្រកាន់ក្រុមហ៊ុន និងមន្ទីរពេទ្យថា បានបំពានច្បាប់ការពារទិន្នន័យឯកជនភាពរបស់រដ្ឋ California និងច្បាប់ផ្សេងទៀតដោយបានប្រមូលទិន្នន័យអ្នកជំងឺដោយគ្មានការយល់ព្រម។ ពួកគេបានអះអាងថា កម្មវិធីតាមដាន Pixel របស់ក្រុមហ៊ុន Meta បានផ្ញើព័ត៌មានទាក់ទងទៅនឹង ស្ថានភាពសុខភាព ព័ត៌មានលម្អិតអំពីការណាត់ជួប និងទិន្នន័យផ្សេងទៀតរបស់អ្នកជំងឺទៅឱ្យហ្វេសប៊ុក។

កាលពីខែកន្លងទៅមានអ្នកជំងឺម្នាក់បានប្ដឹងក្រុមហ៊ុន Meta ដោយចោទប្រកាន់ថា ក្រុមហ៊ុនបានប្រមូលទិន្នន័យពីមន្ទីពេទ្យសាកលវិទ្យាល័យ California ក្រុង San Francisco ដែលមាននៅក្នុងប្រព័ន្ធផ្ទុកទិន្នន័យរបស់កម្មវិធី Dignity Health ហើយបន្ទាប់មកពួកគេបានប្រើទិន្នន័យទាំងនោះដើម្បីធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មទាក់ទងនឹងបញ្ហាបេះដូង និងជង្គង់។

នៅក្នុងពាក្យបណ្ដឹងថែមទាំងបានចោទប្រកាន់ក្រុមហ៊ុន Meta ថា ជាគោលការណ៍ក្រុមហ៊ុនដែលមានប្រើកម្មវិធី Pixel ត្រូវតែមានការយល់ព្រមពីអ្នកជំងឺ មុននិងអាចបញ្ជូនទិន្នន័យទៅហ្វេសប៊ុក ប៉ុន្តែ Meta មិនបានព្យាយាមអនុវត្តតាមគោលការណ៍របស់ខ្លួននោះទេ បើទោះបីជាពួកគេបានដឹងពីការបញ្ជូនទិន្នន័យទាំងនោះក៏ដោយ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី