ភ្នំពេញ ៖ មនុស្សគ្រប់រូប តែងតែប្រាថ្នាចង់បានដៃគូជីវិត ប្រកបដោយភាពចុះសម្រុងគ្នា ដើម្បីដឹកដៃរួមជីវិតជាមួយគ្នា ប្រកបដោយសុភមង្គល រហូតដល់ចាស់ជរារៀងៗខ្លួន។ ជាក់ស្តែង ថ្មីៗនេះ មានប្តីប្រពន្ធជនជាតិជប៉ុន ១គូ បាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកលេងបណ្តាញសង្គម ដោយពួកគេ បានហៅលោកតា លោកយាយ ១គូនេះថា ជា «ប្ដីប្រពន្ធ Goal» ហើយមូលហេតុ ដែលគូស្នេហ៍យាយតា ១គូនេះ ត្រូវបានគេហៅបែបនេះ គឺដោយសារតែរាល់សកម្មភាព ដែលលោកតា លោកយាយ បានធ្វើនោះ គឺបានបង្ហាញយ៉ាងច្បាស់ ទៅកាន់អ្នកលេងបណ្តាញសង្គមទាំងឡាយ អំពីសេចក្តីសុខ សុភមង្គល ដែលគាត់ទាំង២ បានប្រគល់ឱ្យគ្នាទៅវិញទៅមក។
លោកតា Tsuyoshi (ស៊ុយ៉ូឈិ) និងលោកយាយ Tomi Seki (ថូមី សេគិ) ឬត្រូវបានគេហៅថា Bon និង Pon បានរៀបការជាមួយគ្នា អស់រយៈពេល ៤១ឆ្នាំមកហើយ ហើយភាពល្បីល្បាញរបស់ពួកគាត់ គឺចាប់ផ្ដើមឡើងដំបូង កាលពីជាង ៥ឆ្នាំមុន ដែលនៅពេលនោះ ពួកគាត់បានបង្ហោះរូបភាព ដែលបង្ហាញឱ្យឃើញ ពីការស្លៀកពាក់ស្រដៀងគ្នា នៅលើគណនីរបស់កូនស្រីគាត់។ បន្ទាប់ពីនោះ ក៏ស្រាប់តែមានមហាជនជាច្រើន បានស្នើឱ្យពួកគាត់ បង្កើតគណនីផ្ទាល់ខ្លួនឡើងតែម្ដង។
គូស្វាមីភរិយា វ័យចំណាស់ ១គូ មកពីប្រទេសជប៉ុននេះ ទទួលបានការចាប់អារម្មណ៍ និងមានភាពល្បីល្បាញយ៉ាងខ្លាំង នៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាម ដែលមានអ្នកតាមដានច្រើន រហូតដល់ជាង ៨៣០ ០០០នាក់ ដោយសារតែការស្លៀកពាក់ស្រដៀងៗគ្នា របស់ពួកគាត់ទាំង២។
ចំពោះរឿងនេះ លោកយាយ Tomi បាននិយាយរៀបរាប់ឱ្យដឹងថា ពួកគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលបានធ្វើនូវអ្វី ដែលគាត់មិនបានធ្វើកាលពីមុន ហើយជីវិតចូលនិវត្តន៍របស់គាត់ និងស្វាមី ពិតជាមានក្ដីសុខណាស់ នៅពេលរកឃើញរឿងមួយ ដែលធ្វើឱ្យពួកគាត់រីករាយ និងសប្បាយចិត្តបែបនេះ។
ទង្វើរបស់លោកតា និងលោកយាយដ៏គួរឱ្យស្រឡាញ់ និងស្ងើចសរសើរ ១គូនេះ ត្រូវបានគូស្វាមីភរិយាជាច្រើន នាំគ្នាប្រាថ្នា ចង់បានសេចក្ដីស្រឡាញ់ រវាងស្វាមី និងភរិយាបែបនេះជាខ្លាំង ដោយសារតែពួកគាត់មើលទៅ នៅតែមានភាពល្អូកល្អឺននឹងគ្នា បើទោះបីជាមានវ័យចំណាស់ហើយក៏ដោយ៕