Tuesday, October 3, 2023

ចោម ខ្វា​ន់ អែប​កៀន! ត្រូវការ​តំណាង​មេ​តុងទីន អាច​កាត់​កញ្ចប់​ចាប់​ពី​7000$ ចែ​កា បង្ហាញ​លុយ​វាល់​លាន មិន​បោក​ដូច​តំណាង​ចែក​មាស​ទេ​ណា!

spot_img

ដូចដែលប្រិយមិត្ត មហាជន បានទទួលជ្រាបរួចហើយ រឿងរ៉ាវទាក់ទងករណីនាង ចោម ខ្វាន់ ម្ចាស់ក្រុមហ៊ុនមាសពេជ្រ ចំរើន សុវត្ថិភាព នៅមិនទាន់រសាយពីកំហឹងមហាជនស្អប់ខ្ពើមនៅឡើយនោះទេ បន្ទាប់ពីបានប្រើល្បិចបោកជនរងគ្រោះជាច្រើននាក់ ប្រមូលយកលុយអស់រាប់ម៉ឺនដុល្លារ ក្រោមរូបភាពអូសទាញឲ្យចូលធ្វើជាតំណាងចែកចាយមាស ក្នុងលក្ខខណ្ឌកាត់ស្តុកមានខ្ទង់ពាន់ និងរហូតខ្ទង់ម៉ឺនដុល្លារ ដោយតម្រូវឲ្យវេរលុយឲ្យមុន ទើបប្រគល់របស់ជាក្រោយ ប៉ុន្តែ ធាតុពិតបោកស្រស់ៗតែម្តង ព្រោះជនរងគ្រោះបានត្រឹមទទួលមាស «ខ្យល់» ប៉ុណ្ណោះ។

អ្វីដែលធ្វើឲ្យជនរងគ្រោះរងទឹកភ្នែក និងអស់សង្ឃឹមកាន់តែខ្លាំងនោះ គឺពេលនេះ នាង ចោម ខ្វាន់ កំពុងពួនសម្ងំនៅក្រៅប្រទេស ខណៈហាងក៏បានលួចរុះរើហាងទាំងយប់អស់ហើយទៀត បន្ទាប់ពីពួកគាត់បានឡើងពីខេត្តមកកាន់ភ្នំពេញ ដើម្បីទាមទារឲ្យនាង ចោម ខ្វាន់ ដោះស្រាយប្រគល់លុយជូនពួកគាត់វិញ និងថែមទាំងទម្លាយខ្ទេចពីល្បិចកលបោកប្រាស់ដ៏មិននឹកស្មាន។

តែយ៉ាងណាមិញ ស្របពេលដែលរឿងនេះមិនទាន់បាត់ក្តៅផង ស្រាប់តែពេលនេះ អ្នកលក់ឡនឡាញល្បីឈ្មោះម្នាក់ ដែលគេហៅថា ចែកាៗ បានកំពុងធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ទៀតហើយ គឺបន្ទាប់ពីបានបង្ហោះរូបភាពថតសម្ញែងជាមួយគំនរលុយទាំងបាច់ៗរួចមក ក៏បានប្រកាសក្តែងៗតាមវីដេអូ ជ្រើសរើសតំណាងមេតុងទីន ដោយអាចចូលកាត់ជាកញ្ចប់ចាប់ពី ៧ ពាន់ដុល្លារ រហូតទៅដល់ ៥ ម៉ឺនដុល្លារ។

អ្នកលក់ឡេរូបនេះ បានធ្វើការអះអាងថា ដោយសារតែមានការសោកស្តាយខ្លាំង ខណៈមានអាជីវករជាច្រើន ចង់ចូលរួមលេង ហេតុនេះនាងក៏សូមប្រកាសជ្រើសរើសតំណាងមេតុងទីន ដោយអាចចូលតាមកម្រិតកញ្ចប់គឺចាប់ពី 7000$ 15000$ និងរហូត 50000$។

ទោះជាយ៉ាងណា ក្រោយឃើញហាក់ចម្លែកខ្លាំងពេក វាមិនដែលមានតំណាងចែកចាយមេតុងទីន មហាជនអ្នកលេងបណ្តាញសង្គមជាច្រើន បានសម្តែងការហួសចិត្ត និងលើកឡើងចំៗថា៖ «ចូលធីមបោកមកទៀតហើយ, អ្នកភ្លឺដូចអូន អត់លុយអោយបោកទេ, តុងទីនមានតំណាងចែកចាយទៀត អញអើយអញ, ល្បែងគ្មានច្បាប់នេះ បងហ៊ានភ្នាល់ តិចទៀតមិនខុសពី ចោម ខ្វាន់ ទេ ដឹងតែទឹកភ្នែកម្នាក់ៗហេីយ, ខ្លាំងត្រង់រើសតំណែងចែកចាយតុងទីនទៀត ទីផ្សារសាហាវ, ដេីរផ្លូវ ចោម ខ្វាន់ ហេីយ បេីមិនជឿរង់ចាំមេីលលទ្ធផលទៅថ្ងៃមុខទៅ, រកសុីតឹងមិនដូចមុន ចឹងហើយចង់ប្រើក្បាច់ថ្មី ក្បាច់រត់ចោស្រុក,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img