មន្ត្រីប៉ូលិសអន្តោប្រវេសន៍ម្នាក់ត្រូវបានគេសង្ស័យថា ជាប់ពាក់ព័ន្ធក្នុងអំពើចាប់ជំរិតស្ត្រីអាយុ ៣៩ ឆ្នាំម្នាក់ នៅព្រលានយន្តហោះសុវណ្ណភូមិ (ថៃ) កាលពីយប់ថ្ងៃទី៦ ខែឧសភា ដោយទាមទារប្រាក់លោះ ១៥ លានបាត, នាយរងការិយាល័យប៉ូលីសទេសចរណ៍ លោក Surachate Hakparn បានឱ្យដឹងកាលពីថ្ងៃចន្ទ ។
លោក Surachate និយាយថា ជនរងគ្រោះត្រូវបានបញ្ជាក់ថាមានឈ្មោះ Jincai Chen ជាជនជាតិចិន ត្រូវបានចាប់ខ្លួនដោយមនុស្ស ៥ នាក់ នៅពេលនាងទើបមកដល់ព្រលានយន្ត ពីទីក្រុងហុងកុង ប៉ុន្តែ ត្រូវបានដោះលែងដោយសុវត្ថិភាព នៅកន្លែងដងផ្លូវមួយក្នុងសង្កាត់ Bang Na 14 ប៉ុន្មានថ្ងៃក្រោយមក ។ ជនជាតិចិន៤នាក់, ស្រីជនជាតិថៃម្នាក់ឈ្មោះ Wansikan Termthanapat និងមនុស្សជាច្រើនផ្សេងទៀត ចូលរួមនៅក្នុងសកម្មភាពចាប់ជំរិតនេះ ក្នុងនោះក៏រួមមានទាំងមន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់មិនបញ្ចេញឈ្មោះ នៅការិយាល័យប៉ូលីសអន្តោប្រវេសន៍ Samut Prakan ។ បច្ចុប្បន្ន ប៉ូលីសកំពុងស្វែងរកដីកាចាប់ខ្លួន ប៉ុន្តែជនសង្ស័យជនជាតិចិនចំនួន៤នាក់ ក្នុងនោះមានឈ្មោះ Wenqui Sun, Ming Song, Dongliang Sun and Meiling Kai បានរត់គេចខ្លួនចេញពីប្រទេសថៃរួចទៅហើយ, លោក Surachate បន្ថែម ។
ក្រុមចាប់ជំរិតទាំងនោះ បានទាមទារលុយលោះ ៣ លានយ័ន (ស្មើនឹង ១៥ លានបាត) ប៉ុន្តែ ប្តីជនជាតិកូរ៉េរបស់ជនរងគ្រោះ លោក Han Young Lim ដែលមានសញ្ជាតិតង់ហ្សានី បានបង់ប្រាក់ត្រឹមតែ ១,៩ លានយ័ន (១០ លានបាត) ។ នៅពេលពួកគេបរាជ័យក្នុងការដោះលែង Chen, លោកបានដាក់ពាក្យបណ្តឹងទៅប៉ូលីសនៅថ្ងៃទី១៨ ខែឧសភា ។ វីដេអូកាមេរ៉ាឃ្លាំមើលបានជួយដល់ប៉ូលីស ក្នុងការកំណត់អត្តសញ្ញាណជនសង្ស័យ ៥ នាក់ ហើយការស៊ើបអង្កេតបន្ថែមទៀត បានរកឃើញថាពួកជនទាំងនោះបានឃុំខ្លួនស្រីរងគ្រោះនៅក្នុងសណ្ឋាគារមួយ នៅទីក្រុងបាងកក។
ពួកគេបន្ទាប់មក នាំយកនាងទៅកាន់ផ្ទះជួលមួយនៅក្នុងទីក្រុងប៉ាតាយ៉ា និងបន្ទាប់មក នៅផ្ទះមួយផ្សេងទៀតនៅលើកោះ Samet ក្នុងខេត្តរ៉ាក់យ៉ង និងសណ្ឋាគារមួយទៀត ។ វេលាម៉ោង ១១ យប់ ថ្ងៃទី១៩ ខែឧសភា ប្រហែលទំនងមានអារម្មណ៍ថាទទួលរងសម្ពាធពីការស៊ើបអង្កេតរបស់សមត្ថកិច្ច ក្រុមចាប់ជំរិតនោះ ក៏បានដោះលែងជនរងគ្រោះនៅទីកន្លែងចិញ្ចើមផ្លូវមួយកន្លែង នៃផ្លូវ Bang Na មុនពេលគេចខ្លួន ។
Surachate បានឱ្យដឹងថា ស្ត្រីរងគ្រោះក៏បានទាក់ទងទៅប្តីរបស់នាង ហើយបានទៅធ្វើសក្ខីកម្មដល់ប៉ូលីសនូវរឿងរ៉ាវដែលបានកើតឡើង ៕ ចន្ទី