ការដែលគូស្នេហ៍ ១គូ សម្រេចចិត្តថា នឹងឃ្លាតគ្នាមួយរយៈនោះ វាបង្ហាញថា ពួកគេច្បាស់ជាមានបញ្ហាអ្វីម្យ៉ាង រ៉ាំរ៉ៃ មកជាយូរហើយ ទើបនាំមកដល់ដំណើរផ្លូវកែបញ្ហា តាមរបៀប “បែកគ្នាមួយរយៈ” នេះ។
នាងខ្ញុំខ្លួនឯង ក៏ធ្លាប់ជួបអំឡុងពេល "បែកគ្នាមួយរយៈ" នៅក្នុងជីវិតដែរ តែនាងខ្ញុំទទួលយកវាបាន និងសម្លឹងឃើញថា វាជារឿងមួយ ដែលគូស្នេហ៍ទាំងអស់ ប្រហែលជាធ្លាប់ជួប យ៉ាងតិចណាស់ ក៏ ១ដងដែរ ព្រោះវានឹងមានប្រយោជន៍ក្នុងរយៈពេលវែង និងប្រហែលជា វាអាចជួយឆ្លើយនឹងសំណួរជាច្រើន ចំពោះសម្ព័ន្ធភាពស្នេហារបស់អ្នកបានទៀតផង...។
ពីបទពិសោធផ្ទាល់ ដែលនាងខ្ញុំបានជួបប្រទះមក នៅពេលនាងខ្ញុំ បានសាកល្បងរស់នៅតែឯង ដោយមិនមានរូបគេ, សម្រេចចិត្តធ្វើអ្វីមួយ ដោយមិនមានរូបគេ, ទៅណាមកណា ដោយមិនមានរូបគេ...យើងនឹងបានសិក្សាដឹងពីខ្លួនឯងថា តើយើងទទួលយកសភាពបែបហ្នឹងបានដែរឬទេ? ហើយវានឹងធ្វើឱ្យយើង ទទួលបានចម្លើយថា "ការពិតទៅ តើយើង នៅត្រូវការរូបគេ នៅក្នុងជីវិតទៀតដែរឬទេ?"។
ក្រៅពីនេះ នៅពេលអ្នកទាំង២ រស់នៅឆ្ងាយពីគ្នាហើយ ម្នាក់ៗក៏អាចនឹងបានជួប បានស្គាល់មនុស្សម្នាផ្សេងៗ។ ជួបមនុស្សថ្មីៗ ដែលដើរចូលមកក្នុងជីវិត និងមានពេលខ្លះ យើងអាចនឹងនឹកបារម្ភថា អតីតគូស្នេហ៍របស់យើង ក៏អាចនឹងមានអ្នកណាម្នាក់ ចូលមកទំនាក់ទំនង ឬចូលមកសុំស្គាល់ដូចគ្នា ក៏មានដែរ។
តែចំពោះរូបនាងខ្ញុំ នាងខ្ញុំមិនដែលនឹកខ្លាចរឿងទាំងនោះឡើយ មិនមែនដោយសារតែភាពជឿជាក់លើខ្លួនឯងនោះទេ តែនាងខ្ញុំយល់ឃើញថា ទាំងអស់នោះ វាជាបទសាកល្បងដ៏ល្អមួយ ដែលនឹងធ្វើឱ្យយើងបានដឹងថា តើយើងនៅស័ក្តិសមជាមួយគេទៀតដែរឬទេ? តើយើងល្អគ្រប់គ្រាន់សម្រាប់គេឬទេ?។ បើយើងនៅមិនទាន់ល្អគ្រប់គ្រាន់ គេក៏ប្រហែលជាទៅមានអ្នកថ្មី វាជាសិទ្ធិរបស់គេ យើងប្រហែលជាមិនអាចទៅបញ្ជា រារាំង ឬបង្ខំគេបានទេ ព្រោះមនុស្សម្នាក់ៗ តែងតែស្វែងរកអ្វី ដែលល្អបំផុតសម្រាប់ខ្លួនឯងជានិច្ច។
ដូចគ្នានឹងខ្លួនអ្នកដែរ បើមានឱកាសជួបមនុស្សថ្មី ខណៈកំពុងស្ថិតក្នុងអំឡុងពេល "បែកគ្នាមួយរយៈ" នេះ អ្នកក៏គួរប្រើឱកាសនេះ ពិចារណាមើលឱ្យបានច្បាស់លាស់ថា តើអ្នកត្រៀមជាស្រេច ក្នុងការបោះបង់ស្នេហ៍ចាស់ចោល ដើម្បីចាប់ផ្ដើមស្នេហ៍ថ្មីដែរឬទេ? ឬក៏អ្នកនៅតែត្រូវការត្រឡប់ ទៅរកមនុស្សដដែលរបស់អ្នកវិញ?
សម្រាប់រូបនាងខ្ញុំវិញ "ការបែកគ្នាមួយរយៈ" ក៏សំខាន់មិនចាញ់ ពេលរស់នៅជាមួយគ្នាដែរ ព្រោះនាងខ្ញុំជឿថា វានឹងធ្វើឱ្យយើងបានដឹងថា តើអ្វីដែលសំខាន់ និងអ្វីដែលមិនសំខាន់ បន្ទាប់ពីបានសាកល្បងរស់នៅតែម្នាក់ឯង មួយរយៈរួចមក...៕