ភ្នំពេញ ៖ មានការសម្រេចជាថ្មីហើយចំពោះបញ្ហាសេវាទូរស័ព្ទ និងសេវាអ៊ីនធើណេត ពីព្រោះថា លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យលុបចោលទាំងអស់នូវកិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខឲ្យទៅក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ និងសេវាអ៊ីនធើណេត នៅគ្រប់បុរីទាំងអស់។
ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគទូរគមនាគមន៍បែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២, ដោយលោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានបញ្ជាក់ថា មុនខ្ញុំមកទីនេះ (ធ្វើសន្និសីទសារព័ត៌មាន) សម្តេចតេជោ ហ៊ុន សែន បានបញ្ជាខ្ញុំថា រាល់កន្លែងដែលមានសិទ្ធិផ្តាច់មុខ សេវាទូរស័ព្ទ និងអ៊ីនធើណេតក្នុងបុរី ត្រូវលុបចោលទាំងអស់ អត់មានឲ្យទៀតទេ, ព្រោះការផ្ដល់សិទ្ធិដាច់មុខបែបនេះបានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ជួបការលំបាក ដោយសារគ្មានការប្រកួតប្រជែងរវាងប្រតិបត្តិករ។

គួរបញ្ជាក់ផងដែរថា ប្រតិកម្ម និងការបញ្ជាពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យលុបចោលការគ្រប់គ្រងផ្តាច់មុខលើសេវាទូរស័ព្ទ និងអ៊ីនធើណេតនៅក្នុងបុរីនេះ កើតមានបន្ទាប់ពីប្រជាពលរដ្ឋផ្ទុះការតវ៉ាជាខ្លាំង តាមរយៈមជ្ឈមណ្ឌលព័ត៌មាន CEN, និងប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីពិភពថ្មី ជាច្រើនកន្លែង ដូចជា បុរីពិភពថ្មី កួរស្រូវ ១ , កួរស្រូវ ២ , គួរស្រូវ ៣ , បុរីពិភពថ្មីចំការដូង ១ , ចំការដូង ២ , បុរីពិភពថ្មីតំបន់កំបូល , បុរីពិភពថ្មីតំបន់ឈូកវ៉ាជាដើម គឺពិបាករឿងសេវាទូរស័ព្ទតែម្ដង ចង់ខលទៅរកដៃគូពាណិជ្ជកម្ម ឬមានការអ្វីជាមួយនរណា ក៏ពិបាកខលចូលដែរ, ចំណែកឯភាគីម្ខាងទៀត ចង់ខលមកកាន់ភាគីម្ខាងទៀតដែលរស់នៅក្នុងបុរីពិភពថ្មី ក៏ពិបាកខលចូលដូចគ្នា (និយាយឱ្យពិតត្រង់ទៅ សេវាខ្លះខលចូលដោយកម្រ, សេវាខ្លះខលអត់ចូលតែម្ដង)។
មុននេះមួយសប្ដាហ៍ តាមរយៈមជ្ឈមណ្ឌលព័ត៌មានស CEN ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីពិភពថ្មី ស្ទើរគ្រប់កន្លែង បានលើកឡើងថា ករណីបុរីពិភពថ្មីសេវាទូរស័ព្ទខ្សោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍គួរណាស់តែពិនិត្យមើល និងជំរុញឱ្យ អ្នកឧកញ៉ា ហុង ពីវ ដែលជាម្ចាស់សំណង់បុរីពិភពថ្មីនេះ ប្រមូលលុយពីប្រជាពលរដ្ឋក្នុងការលក់ផ្ទះល្វែងនេះឡើងឆ្អែតទៅហើយ, ហេតុអ្វីមិនផ្ដល់ផាសុកភាពផ្នែករសនិយម នៃសេវាទូរស័ព្ទនេះដល់ប្រជាពលរដ្ឋ?! ព្រោះថា សម័យនេះ មិនមែនជាសម័យ ផ្ញើសំបុត្រទៅស្រុកម្ដាយ ឬសម័យបររទេះគោទៅសួរសុខទុក្ខគ្នានោះទេ, តែពិតណាស់ ជាសម័យទំនើបទូរគនាគមន៍ភាវូបនីយកម្មទៅហើយ អ្នកណាក៏ប្រើទូរស័ព្ទដែរ ហើយត្រូវការសេវាទូរស័ព្ទប្រើប្រាស់ទៅតាមជីវភាពប្រចាំថ្ងៃ ហេតុអ្វី ម្ចាស់បុរី អ្នកឧកញ៉ា ហុង ពីវ មិនគិតគូរបញ្ហាសេវាទូរស័ព្ទ ជូនប្រជាពលរដ្ឋ មុនពេលស្ថាបនាបុរី?!
ប្រជាពលរដ្ឋមួយចំនួនធំក្នុងរាជធានីភ្នំពេញ ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីពិភពថ្មី បានផ្ទុះការរិះគន់រឿងសេវាទូរស័ព្ទនេះ ធ្វើឡើងបន្ទាប់ពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹង ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ស្ដីពីការបញ្ចប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និងឧបករណ៍ពង្រីកសេវាដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេវាទូរសព្ទចល័ត, ហើយដាក់កំណត់ឲ្យប្រជាពលរដ្ឋរុះរើឧបករណ៍នេះជាបន្ទាន់ បើពុំដូច្នោះទេ នឹងមានវិធានការផ្លូវច្បាប់។
ត្រង់ការជូនដំណឹងបែបនេះរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនធំរិះគន់ថា ហេតុអ្វី ក្រសួងចេះតម្រូវឱ្យប្រជាពលរដ្ឋ រុះរើ ដកចេញ នូវឧបករណ៍បង្កើនកម្លាំងសេវា ឬពង្រីកសេវាទូរគមនាគមន៍ (សេវាទូរស័ព្ទ) ចេញពីតំបន់ដែលគ្មានសេវាទូរស័ព្ទ ចុះហេតុម្ដេចក្រសួងក្នុងនាមរដ្ឋ មិនបោះបង្គោលពង្រីកសេវាទូរគមនាគមន៍នៅតាមតំបន់ដែលគ្មានសេវាទូរស័ព្ទផងទៅ?! ព្រោះថា ក្រសួងតំណាងរដ្ឋ អនុញ្ញាតឱ្យក្រុមហ៊ុនលក់សេវាទូរស័ព្ទជាច្រើនក្រុមហ៊ុន ប្រមូលលុយពីប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ប៉ុន្តែបែរជាមិនអើពើនឹងតំបន់ដែលគ្មានសេវាទូរស័ព្ទ ឬសេវាខ្សោយនៅក្នុងក្រុងទៅវិញ?!
ទោះជាយ៉ាងណា ពេលថ្មីៗនេះ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានបានគិតគូរ និងធ្វើសវនកម្មបញ្ហាសេវាទូរស័ព្ទ និងសេវាអ៊ីនធើណេតនេះឡើងវិញហើយ, ដោយលោករដ្ឋមន្ត្រីបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បញ្ជាខ្ញុំថា រាល់កន្លែងទាំងអស់ដែលមានសិទ្ធិផ្តាច់មុខ អ៊ីនធើណេតក្នុងបុរី ត្រូវលុបចោលទាំងអស់ អត់មានឲ្យទៀតទេ, សូមឲ្យប្រតិបត្តិករទាំងអស់យល់ដឹង និងសូមឲ្យនិយ័តករទូរគមនាគមន៍ អនុវត្តប្រសាសន៍របស់សម្តេចតេជោ អត់មានឲ្យផ្តាច់មុខទៀត ប្រតិបត្តិករត្រូវចូលប៉ុន្មានចូលទៅ។ ការរំលាយចោលនូវការផ្ដល់សិទ្ធិផ្ដាច់មុខទាំងអស់នេះ គឺចាប់អនុវត្តន៍ពីថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២២ នេះតទៅ។
ដូច្នេះ ប្រជាពលរដ្ឋសង្ឃឹមថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មិនត្រឹមរៀបចំឡើងវិញចំពោះសេវាទូរស័ព្ទ និងអ៊ីនធើណេតនៅក្នុងប្លុកបុរីប៉ុណ្ណោះទេ នៅតាមតំបន់ផ្សេងៗ ឬទីសាធារណៈផ្សេងៗ ក៏ត្រូវពង្រីកសេវាទាំងនោះផងដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN






