Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពុងល្បីគេគប់គិតគ្នាលក់ដីផ្នែកខ្លះនៃសួនសត្វភ្នំតាម៉ៅ ខណ:ប្រធានថា អត់ទេ, តែពលរដ្ឋថា បើរកឃើញលក់មែន ត្រូវតែមកទទួលទោស

spot_img

តាកែវ ៖ បន្ទាប់ពីមានមជ្ឈដ្ឋានផ្សេងៗផ្ទុះការលើកឡើងថា ឧទ្យានសួនសត្វភ្នំតាម៉ៅ ស្ថិតក្នុងខេត្តតាកែវ ដីមួយផ្នែក ឬច្រើនផ្នែក ត្រូវបានលក់ទៅឱ្យក្រុមហ៊ុនឯកជន ពុះជាដីឡូត៍លក់ និងសាងសង់សំណង់ផ្ទះល្វែង, ហើយថា ឧទ្យានសួនសត្វនេះ នឹងត្រូវរុះរើទៅរៀបចំនៅកន្លែងផ្សេងនោះ លោក ញ៉ឹក រតនៈពេជ្រ ប្រធានឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំម៉ៅ បានឆ្លើយបំភ្លឺថា ពាក្យចចាមអារ៉ាម និងការផ្សព្វផ្សាយនោះ ជាការបំភ្លៃពីសំណាក់បុគ្គល និងអង្គភាពសារព័ត៌មានមួយចំនួន។

លោក ញ៉ឹក រតនៈពេជ្រ និងក្រុមរបស់លោកដែលជាអនុរក្ស ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំម៉ៅ ដដែលនេះ បានបកស្រាយទៀតថា ការបង្កើតពាក្យចចាមអារ៉ាម និងការផ្សព្វផ្សាយខុសពីការពិតបែបនេះ បណ្ដាលឱ្យមានការភាន់ច្រឡំថា ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំម៉ៅ នឹងត្រូវរើទៅតាំងនៅខេត្តសៀមរាប ឬខេត្តកំពង់ឆ្នាំង ឬខេត្តកំពង់ស្ពឺ ឬខេត្តមណ្ឌលគិរីវិញ ដែលនាំឱ្យមានផលប៉ះពាល់ដល់សត្វព្រៃនៅភ្នំតាម៉ៅនេះ។

គួរបញ្ជាក់ថា ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំម៉ៅមានទីតាំងស្ថិតនៅស្រុកទន្លេបាទី ខេត្តតាកែវ ដែលលាតសន្ធឹងលើផ្ទៃដីជាង៤០០ហិកតា និងមានរបងសុវត្ថិភាពព័ទ្ធជុំវិញ។ នៅទីនោះមានសត្វដំរី ឈ្លូស ប្រើស ក្ដាន់ រមាំង ស្វា ជ្រូកព្រៃ សត្វស្លាប ព្រមទាំងសត្វកម្រ សត្វកម្រជិតផុតពូជដទៃទៀតជាច្រើន។

ទាក់ទងទៅនឹងឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំម៉ៅនេះដែរ លោកប្រធានឧទ្យានសួនសត្វ បញ្ជាក់ថា អង្គភាពគ្រប់គ្រងពុំមានផែនការរុះរើ ឬផ្ទេរឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំម៉ៅនេះ ទៅទីតាំងផ្សេងនោះឡើយ ខណៈបណ្ដាសត្វព្រៃនៅក្នុងឧទ្យានកំពុងរស់នៅជាធម្មតា ពុំបានរងការគំរាមកំហែង ឬរងផលប៉ះពាល់អ្វីឡើយ។ ក្រៅពីការថែរក្សា អភិរក្ស សង្គ្រោះ អប់រំ និងបង្កាត់ពូជសត្វព្រៃ ឧទ្យានសួនសត្វនិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំម៉ៅ ក៏មានផែនការរៀបចំកែលម្អ និងកសាងបន្ថែមនូវហេដ្ឋារចនាសម្ពន្ធគាំទ្រដល់ការងារទាំងនេះទៀតផងដែរ ដូច្នេះមិនមានហេតុផលណាដែលត្រូវផ្ទេរទៅកន្លែងផ្សេងនោះទេ។

ចំពោះការបកស្រាយនេះប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ព្រមទទួលជឿទុកមួយអន្លើសិនចុះ ប្រសិនបើគ្មានការលក់ដូរឲ្យឈ្មួញ ឬផ្លាស់ប្ដូរទីតាំងមែននោះ សូមចាត់ទុកថា ការផ្ទុះពាក្យចចាមអារ៉ាម ឬក៏ការផ្សាយរបស់អ្នកសារព័ត៌មាន ជាការផ្សាយស្ទាក់ទុកមុន ឬជាការផ្សាយជូនដំណឹងដល់ប្រធានសួនសត្វនេះ ឱ្យបង្កើនស្មារតីប្រុងប្រយ័ត្ន ក្រែងលោមានការគប់គិតគ្នាលក់ឲ្យឈ្មួញមែន។ ប៉ុន្តែបើសិនជាសួនសត្វនេះ ត្រូវបានរកឃើញថា លក់ឲ្យឈ្មួញពិតប្រាកដនោះ ក្រុមអ្នកទទួលខុសត្រូវ គ្រប់គ្រង សួនសត្វព្រៃភ្នំតាម៉ៅនេះត្រូវមកទទួលការថ្កោលទោសពីសំណាក់ប្រជាពលរដ្ឋ និងតាមច្បាប់ជាធរមាន។

ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋបានរាយការណ៍ថា ផ្លូវ ដីលំ មួយ កាត់ទៅភាគឦសាននៃព្រៃ ភ្នំ តាម៉ៅ ដែលកំណត់ចំណុច ចាប់ផ្ដើមនៃសំណង់លំនៅឋានមួយនៅលើ ដីឯកជន ជាប់ព្រំដែនតំបន់ការពារនៃសួនសត្វព្រៃភ្នំតាម៉ៅ។ បង្គោលព្រំដី រាប់សិបដើមនេះត្រូវបានគេបោះ នៅក្រោមដើមឈើដែលលាតសន្ធឹងប្រៀបបីដូចជាកម្រាលព្រំបៃតងមានទំហំ ប្រមាណ ៥ គីឡូម៉ែត្រការ៉េ , បង្គោលទាំងនេះជាសញ្ញាណ បញ្ជាក់អំពី កិច្ចព្រមព្រៀងដោះដូរទីតាំងដី ដែលនឹងត្រួសត្រាយ ផ្លូវសម្រាប់ ការអភិវឌ្ឍលំនៅដ្ឋាននៅក្នុងតំបន់ការពារនេះដោយផ្ទាល់, ប៉ុន្តែ អ្នកខ្លះមិនទាន់ដឹងច្បាស់ថា អភិវឌ្ឍអ្វីនោះទេ, ហើយឈ្មោះក្រុមហ៊ុនដែលត្រូវអភិវឌ្ឍន៍លើផ្ទៃដីផ្នែកខ្លះនៃសួនសត្វភ្នំតាម៉ៅនេះ ក៏គេមិនបង្ហាញឲ្យដឹងនៅឡើយដែរ។

ទាក់ទងនឹងរឿងនេះ មន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធជាច្រើនរូប មិនត្រូវបានមជ្ឈមណ្ឌលព័ត៌មាន CEN ស្នើសុំការបំភ្លឺបាននោះទេ ព្រោះពួកគេមិននិយាយអំពីរឿងនេះ និងអ្នកខ្លះថាមិនទាន់ទទួលបានព័ត៌មានរឿងលក់ដីឱ្យឈ្មួញនៅសួនសត្វព្រៃភ្នំតាម៉ៅនេះឡើយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×