កាលពីថ្ងៃទី២៨ ឧសភា កន្លងទៅ អ្នកស្រី Nguyen Thi Thu Hien (រស់នៅក្នុងទីក្រុង Tuy Hoa ខេត្ត Phu Yen) បានឲ្យដឹងថា គ្រួសាររបស់នាងកំពុងរង់ចាំគណៈប្រតិភូពីទីក្រុងហូជីមិញ មកផ្ទះរបស់នាង ដើម្បីមើលវត្ថុដ៏ចម្លែកមានរូបរាងដូចជ្រូកខ្សាច់ ទម្ងន់ ១,១ គីឡូក្រាម និងយល់ព្រមលើតម្លៃទិញលក់ ៥០០ លានដុង (ស្មើជាង ២ ម៉ឺនដុល្លារអាមេរិក)។
អ្នកស្រី Hien បាននិយាយថា «ជ្រូកខ្សាច់» ដែលនាងរក្សាទុកនេះ ត្រូវបានរកឃើញកាលពីថ្ងៃទី២៥ ឧសភា ដោយនៅពេលនោះ គ្រួសាររបស់នាងបានទិញជ្រូកព្រៃមកពីស្រុក Phu Hoa (Phu Yen) ដើម្បីយកកាប់យកសាច់។ ប៉ុន្តែ អ្វីដែលភ្ញាក់ផ្អើលនោះ គឺស្រាប់តែបានរកឃើញវត្ថុរឹងដ៏ចម្លែក និងធ្ងន់ នៅក្នុងក្រពះរបស់ជ្រូកព្រៃ។
អ្នកស្រី Hien និយាយថា «យើងបានលាងវា ហើយសង្កេតឃើញវាដូចជ្រូកខ្សាច់អុីចឹង គឺដូចអ្វីដែលយើងបានអានក្នុងសៀវភៅ និងកាសែត ទើបយើងយកវាទៅដាក់ក្នុងទូទឹកកក បន្ទាប់មកខ្ញុំថតរូបបង្ហោះលើបណ្ដាញសង្គម»។ អ្នកស្រី Hien បន្តថា «នៅពេលនោះ មានមនុស្សជាច្រើនបានសុំទិញក្នុងតម្លៃខ្ពស់បំផុតគឺ ៥០០ លានដុង ពួកគេបានណាត់ខ្ញុំដោយធ្វើដំណើរពីទីក្រុងហូជីមិញដើម្បីមកពិនិត្យ «ជ្រូកខ្សាច់» ហើយក៏បានយល់ព្រមលើតម្លៃនេះ»។
បើតាមម្ចាស់ជ្រូកព្រៃ អ្នកស្រី Luong Hien (រស់នៅស្រុកភូហៀ អ្នកលក់ស្រែ) បានឲ្យដឹងថា ជ្រូកនេះជាជ្រូកព្រៃ គាត់ចិញ្ចឹមជាង១០ឆ្នាំ មកហើយ ប៉ុន្តែឥឡូវវាចាស់ហើយ ទើបលក់ឲ្យអ្នកស្រី Hien យកមកកាប់សាច់។
តាមការសង្កេតរបស់អ្នកយកព័ត៌មាន Dan Tri វត្ថុនេះគេជឿថាជាជ្រូកខ្សាច់មានរាងអឌ្ឍចន្ទ ក្លិនរបស់វាក្រអូបស្រាលស្រដៀងនឹងក្លិនថ្នាំបុរាណចិន ហើយមានពណ៌ខ្មៅច្រើន សក់រឹងខាងក្រៅ ហើយធ្ងន់។
គ្រូពេទ្យឱសថបុរាណមកពីសមាគមឱសថបូព៌ាខេត្ត Phu Yen បាននិយាយថា តាំងពីយូរយារណាស់មកហើយ ជ្រូកខ្សាច់ត្រូវបានចាត់ទុកថាជារបស់កម្រណាស់។ តែទោះបីជាយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ មិនទាន់មានការសិក្សាស្រាវជ្រាវណាមួយ ដែលអាចបញ្ជាក់បានថា វាអាចព្យាបាលជម្ងឺអ្វីបាននៅឡើយ។
យោងតាមឯកសារវេជ្ជសាស្ត្របូព៌ា វត្ថុនេះត្រូវបានគេស្គាល់ថាជា “ខ្សាច់ជ្រូក” ឬ “ជ្រូកខ្សាច់” វាជាប្រភេទនៃការប្រមូលផ្តុំសារធាតុនៅក្នុងប្រព័ន្ធរំលាយអាហាររបស់ជ្រូក ដូចជានៅក្នុងក្រពះ និង ពោះវៀន ។ ទឹកប្រមាត់ប្រមូលផ្តុំតាមពេលវេលា។
លក្ខណៈរបស់ខ្សាច់ជ្រូក គឺភាពផ្អែម ត្រជាក់ និងក្លិនរុក្ខជាតិ ដែលមានឥទ្ធិពលលើចិត្ត និងថ្លើម ហើយត្រូវបានគេនិយាយថា មានតម្លៃសេដ្ឋកិច្ចឱសថ និងការព្យាបាល ដោយសារតែការប្រមូលផ្តុំរយៈពេលយូរនៅក្រោមលក្ខខណ្ឌប្រហាក់ប្រហែលនឹងត្បូងដ៏មានតម្លៃ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

