នៅខណៈពេលដែលជំនួបកំពូល-កូរ៉េខាងជើង មានហានិភ័យមិនអាចប្រព្រឹត្តទៅបានតាមផែនការនោះ តាមប្រភពព័ត៌មានមួយចំនួនត្រូវបានទម្លាយចេញឲ្យដឹងថា មេដឹកនាំប្រទេសនេះ អាចកំពុងមានកង្វល់ភ័យខ្លាចចំពោះឧបាយកលផ្ទៃក្នុងពេលលោកចាកចេញទៅបរទេស ។
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ទើបចេញទៅបរទេស ២លើកប៉ុណ្ណោះ គិតចាប់ពីពេលឡើងកាន់អំណាចឆ្នាំ ២០១១ មក ។
តាមកាសែត Washinton Post ដែលដកស្រង់ប្រភពព័ត៌មានដែលទាក់ទិនដល់កាងារត្រៀមបម្រុងសម្រាប់ជំនួបកំពូលអាមេរិក-កូរ៉េខាងជើង ឲ្យដឹងថា លោកគីម អាចកំពុងខ្វាយខ្វល់ចំពោះព្រឹត្តិការណ៍ដែលបានរៀបចំនៅប្រទេសក្រៅ ។
ថ្វីត្បិតតែបានកាន់អំណាច ៧ ឆ្នាំ ហើយក្តី ប៉ុន្តែលោកគីម ទើបធ្វើដំណើរទៅទស្សនកិច្ចនៅប្រទេសក្រៅពីរលើកប៉ុណ្ណោះ កាលពីចុងខែមីនា និងដើមខែឧសភា កន្លងមក ហើយការធ្វើដំណើរទស្សនកិច្ចទាំងពីរលើកនេះ សុទ្ធសឹងតែប្រព្រឹត្តទៅដោយសម្ងាត់ និងទៅកាន់ប្រទេសជិតខាងចិនប៉ុណ្ណោះ ។
ដើម្បីជួបនឹងប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ លើកនេះ លោកគីម នឹងត្រូវអង្គុយលើយន្តហោះ ឆ្លងកាត់ចម្ងាយផ្លូវប្រមាណ 5.000Km ទៅកាន់សិង្ហបុរី នៅថ្ងៃទី ១២ ខែមិថុនា ។ ថ្វីត្បិតត្រូវបានចាត់ទុកថា នោះជាកន្លែងល្អបំផុតសម្រាប់រៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះក្តី ក៏ប៉ុន្តែការចាកចេញឆ្ងាយពីប្រទេសខ្លួនបែបនេះ បណ្តាលឲ្យលោកគីម ព្រួយបារម្ភអំពីលទ្ធភាពផ្ទុះឡើងនូវព្រឹត្តិការណ៍ក្នុងប្រទេសជាអាទិ៍ ការធ្វើរដ្ឋប្រហារយោធា ឬឧបាយកលរបស់ប្រទេសក្រៅ ដែលប៉ុនប៉ងផ្តួលរំលំរដ្ឋអំណាច ៕ សូយន