កាសែត Washiton Post នៅថ្ងៃទី ២០ ខែឧសភា ឲ្យដឹងថា មន្ត្រីអាមេរិកកំពុងរៀបចំទៅកាន់សិង្ហបុរីនៅចុងសប្តាយ៍នេះ ដើម្បីចរចាជាមួយបណ្តាមន្ត្រីកូរ៉េខាងជើង អំពីការងាររៀបចំ ជំនួបកំពូលនៅខែក្រោយនេះ រវាងប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ និងមេដឹកនាំគីម ជុងអ៊ុន ។
មន្ត្រីអាមេរិកនិងកូរ៉េខាងជើង នឹងជួបគ្នានៅសិង្ហបុរីនាចុងសប្តាហ៍នេះ
តាមប្រភពព័ត៌មានឲ្យដឹងថា ប្រតិភូចរចារបស់សេតវិមាន ក្នុងនោះមានអនុខុទ្ទកាល័យប្រធានាធិបតី Joseph Hagin និងអនុទីប្រឹក្សាសន្តិសុខជាតិ Mira Ricardel ដែលកំពុងពង្រាងផែនការដើម្បីពិភាក្សាជាមួយដៃគូកូរ៉េខាងជើងអំពីរបៀបវីរៈជាក់លាក់មួយ ក៏ដូចជាការធានាលើផ្នែកភ័ស្តុភា សម្រាប់ជំនួបកំពូលត្រាំ-គីម ដែលតាមគម្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែមិថុនា ខាងមុខ នៅសិង្ហបុរី ។
កាសែតបានដកស្រង់ព័ត៌មានច្បាស់ការណ៍មួយឲ្យដឹងថា មុននេះមិនបានពីរសប្តាហ៍ផង ប្រតិភូកូរ៉េខាងជើងពុំបានមកចូលរួមជំនួបដូចគ្នានេះជាមួយអាមេរិកនិងសិង្ហបុរីឡើយ ព្រោះតែមានភាពរអាក់រអួលខណៈពេលដែលទំនាក់ទំនងតានតឹងកើតឡើងរវាងភាគីទាំងពីរ ។
នៅថ្ងៃដដែលនេះ ប្រមុខការទូតអាមេរិក Mike Pompeo បានលើកឡើងថា ផែនការរៀបចំជំនួបកំពូល នាខណៈពេលនេះ ប្រព្រឹត្តទៅបានដែរឬទេនោះ គឺអាស្រ័យទៅលើលោកគីម ប្រមុខការទូតដដែលប្រាប់ថា “លោកគីមបានស្នើសុំជំនួបនេះ ហើយប្រធានាធិបតីត្រាំ បានយល់ព្រម ខ្ញុំមានសង្ឃឹមយ៉ាងច្រើនថាជំនួបនេះនឹងប្រព្រឹត្តទៅ ។
ក្នុងបរិបទមួយផ្សេងទៀត តាម Reuter ប្រមុខការទូតចិន វ៉ាង យី បានសង្កត់ធ្ងន់ថា ៖ ប្រសិនបើអាមេរិកចង់មានសន្តិភាពជាមួយកូរ៉េខាងជើងនោះវេលានេះ ជាខណៈពេលសមស្របសម្រាប់ជំនួបកំពូលរវាងប្រធានាធិបតីត្រាំ និងមេដឹកនាំគីម ជុងអ៊ុន ។
ថ្លែងក្នុងសន្និសីទកាសែតរួមជាមួយសមាសភាគីម្ចាស់ផ្ទះ Pempeo លោកវ៉ាងយី និយាយថា ខ្ញុំបាននិយាយប្រាប់សមាសភាគីអាមេរិកថា ប្រសិនបើអ្នកចង់ដោះស្រាយបញ្ហានេះនោះ ឥឡូវគឺដល់ពេលហើយ ។ ប្រសិនបើអ្នកចង់បានសន្តិភាពឥឡូវវាក៏ត្រូវពេលដែរ ។ ប្រសិនបើអ្នកចង់សាងប្រវត្តិសាស្ត្រមួយឡើង គឺត្រូវធ្វើនៅពេលនេះឯង ៕ សូយន