ក្រុមយុវជនស្ទាវៗក្នុងទីក្រុង ធុរៈខាពូរ៍ រដ្ឋបេងហ្គលខាងលិច នៃប្រទេសឥណ្ឌា ផុសចំណូលចិត្តថ្មី មហាសែនប្លែក ដោយនាំគ្នាផឹកទឹកស្ងោរស្រោមអនាម័យ ដើម្បីជួយឱ្យស្រវឹងបានយូរ ជាង ១០ម៉ោង។
ស្រោមអនាម័យ ជាវត្ថុដែលអាចរកទិញបានយ៉ាងងាយស្រួល និងមានលក់យ៉ាងទូលំទូលាយ មានតម្លៃធូរថ្លៃ ព្រោះជាវត្ថុចាំបាច់ សម្រាប់មនុស្សជាច្រើន ដូច្នេះបើនិយាយថា នៅក្នុងប្រទេសឥណ្ឌា មានតម្រូវការស្រោមអនាម័យខ្ពស់នោះ ក៏អាចមិនមែនជារឿងចម្លែកឡើយ។
តែបើសិនជាប្រាប់ថា ហាងលក់ទំនិញនានានៅក្នុងទីក្រុងធុរៈខាពូរ៍ ក្នុងរដ្ឋបេងហ្គលខាងលិច នៃប្រទេសឥណ្ឌា បានលក់ស្រោមអនាម័យដាច់អស់រលីងគ្មានសល់នោះ ប្រហែលជាធ្វើឱ្យយើងមើលឃើញយ៉ាងច្បាស់ថា វាប្រហែលជាមានរឿងអ្វីម្យ៉ាង ខុសប្រក្រតីយ៉ាងពិតប្រាកដមិនខាន។
អាជ្ញាធរក្នុងទីក្រុងធុរៈខាពូរ៍ បាននាំគ្នាព្រួយបារម្ភ អំពីតម្រូវការស្រោមអនាម័យ ដែលកើនឡើងនេះ ក៏បានធ្វើការត្រួតពិនិត្យ និងតាមដាន រួចហើយក៏រកឃើញថា ហាងលក់ទំនិញមួយចំនួន ដែលធ្លាប់លក់បានតែ ៣-៤ប្រអប់ ក្នុង ១ថ្ងៃនោះ ពេលនេះ ស្ទើរតែគ្មានស្រោមអនាម័យ ដាក់លក់នៅលើទូតាំងទំនិញឡើយ។ ម្ចាស់ហាងលក់ទំនិញម្នាក់ ធ្លាប់សួរយុវជនដែលមកទិញថា តើហេតុអីបានជាគេទិញស្រោមអនាម័យចំនួនច្រើនម្ល៉េះ? យុវជនម្នាក់នោះឆ្លើយថា គេយកស្រោមអនាម័យទាំងនោះ ទៅស្ងោរផឹក ដើម្បីឱ្យស្រវឹង។
ដោយពួកគេ យកស្រោមអនាម័យ ទៅដាក់ត្រាំនៅក្នុងទឹកក្ដៅជាច្រើនម៉ោង ស្រោមអនាម័យនឹងបញ្ចេញសារធាតុផ្សំ អារ៉ូម៉ាទិក ចេញមក ធ្វើឱ្យអ្នកដែលផឹក មានអាការស្រវឹងបានយូរ ដល់ទៅជាង ១០-១២ម៉ោង។
សាស្ត្រាចារ្យបង្រៀនមុខវិជ្ជាគីមីក្នុងតំបន់ម្នាក់ បានអធិប្បាយបន្ថែមថា «ស្រោមអនាម័យដែលមានរសជាតិ មានសារធាតុផ្សំម្យ៉ាង ដែលធ្វើឱ្យមានប្រតិកម្មជាមួយកម្ដៅ និងក្លាយជាសារធាតុផ្សំអាល់កុល ដូច្នេះ ការយកស្រោមអនាម័យប្រភេទមានរសជាតិ មកត្រាំនៅក្នុងទឹកក្ដៅ ហើយផឹក នឹងធ្វើឱ្យស្រវឹងបាន»
តែយ៉ាងណាក៏ដោយ យុវជនប្រុសស្រី ដែលសេពសារធាតុទាំងនោះជាប្រចាំ នឹងធ្វើឱ្យកើតរោគជ្រៀតជ្រែកខាងសុខភាពធ្ងន់ធ្ងរ តាំងពីអាការឈឺចុកចាប់ក្នុងដើមទ្រូង រហូតដល់អាការឈឺក្បាលរ៉ាំរ៉ៃ៕