មនុស្សជាច្រើន តែងស្រមើស្រមៃចង់បានផ្ទៃមុខ ដែលមើលទៅ ឃើញនៅក្មេងជាងវ័យ តែសម្រាប់កំលោះចិនម្នាក់នេះ វាដូចជាមិនមែនអ៊ីចឹងទេ។ គេយល់ឃើញថា ការមានផ្ទៃមុខ ដែលមើលទៅ ឃើញនៅក្មេងជាងវ័យនេះ វាប្រៀបដូចជាការរងបណ្ដាសាបិសាចអ៊ីចឹង ព្រោះវាបានក្លាយជាឧបសគ្គដ៏ធំ ក្នុងការរកការងារធ្វើរបស់គេទៅវិញ។ បើទោះជាគេបានអះអាង អំពីរឿងអាយុពិតរបស់គេយ៉ាងណាក៏ដោយ ក៏មនុស្សទាំងឡាយ បែរជាគិតថា គេជាកូនក្មេងវ័យបឋមទៅវិញ។
“ម៉ៅ ស៊ឹង” មកពីតំបន់តុងកួន មណ្ឌលក្វាងទុង នៃប្រទេសចិន បានក្លាយជាជនល្បីល្បាញតែក្នុងរយៈពេល ១យប់ប៉ុណ្ណោះ ក្រោយពីឃ្លីបវីដេអូ ទម្លាយអារម្មណ៍តានតឹងនៅក្នុងចិត្តរបស់គេ បានក្លាយជាវ៉ៃរ៉ាល់នៅក្នុងបណ្ដាញសង្គមទិកតុក របស់ប្រទេសចិន។
លោក ម៉ៅ អាយុ ២៧ឆ្នាំ តែមនុស្សគ្រប់គ្នា បែរជាជឿថា គេមានអាយុត្រឹមតែ ១០ឆ្នាំទៅវិញ ព្រោះមិនមែនត្រឹមតែផ្ទៃមុខ ដែលមើលទៅក្មេងប៉ុណ្ណោះទេ សូម្បីតែសំឡេងរបស់គេ ក៏ស្ដាប់ទៅដូចកូនក្មេងដែរ ទើបទាំងអស់នេះហើយ បានក្លាយជាហេតុផលសំខាន់ ដែលមិនមានអ្នកណាហ៊ានទទួលយករូបគេឱ្យធ្វើការ ព្រោះខ្លាចរងការចោទប្រកាន់ថា ប្រើកម្លាំងពលកម្មកុមារ។
តាមរយៈឃ្លីបវីដេអូ លោកម៉ៅ បានទម្លាយអារម្មណ៍ថា ដោយសារតែផ្ទៃមុខ ដែលមើលទៅដូចកូនក្មេងនេះហើយ ដែលធ្វើឱ្យរូបគេមិនអាចរកការងារធ្វើ ដើម្បីរកប្រាក់មកចិញ្ចឹមមើលថែឪពុក ដែលឈឺដោយជំងឺសរសៃឈាមខួរក្បាលបាន។ រូបគេធ្លាប់ទៅសុំការងារធ្វើ ព្រមជាមួយមិត្តភក្តិ នៅឯរោងចក្រមួយ មិត្តភក្តិរបស់គេ បានការងារធ្វើទាំងអស់ លើកលែងតែរូបគេម្នាក់។
រឿងរ៉ាវរបស់លោកម៉ៅ បានក្លាយជារឿងដ៏គួរឱ្យអាសូរ ពីមនុស្សម្នាទូទាំងប្រទេសចិន មនុស្សជាច្រើនបានរិះគន់និយោជក(ថៅកែ) ដែលមិនព្រមផ្ដល់ឱកាស ដោយសារតែមុខមាត់ដែលមើលទៅ ឃើញនៅក្មេងខុសប្រក្រតីរបស់គេ តែសំណាងល្អដែរ ក្រោយពីរូបគេល្បីល្បាញនៅក្នុងពិភពអនឡាញមក ក៏មានសហគ្រិនជាច្រើននាក់ ជួយយកអាសា ផ្ដល់ការងារឱ្យគេ។
ក្រោយមក លោកម៉ៅ បាននិយាយថា ខ្លួនបានទទួលយកសំណើ ឱ្យចូលធ្វើការនៅក្នុងក្រុមហ៊ុនមួយ។ គេសង្ឃឹមថា នឹងទទួលបានប្រាក់ចំណូលច្រើន ល្មមនឹងជួយឱ្យឪពុករបស់គេ ជាសះស្បើយបាន និងបន្ទាប់ពីបានធ្វើការហើយ គេនៅសង្ឃឹមទៀតថា ខ្លួនគេអាចនឹងរកបានសង្សារម្នាក់ និងចាប់ផ្ដើមមានគ្រួសារបានដូចអ្នកឯទៀត៕