បច្ចុប្បន្ននេះ ករណីចោរឆក់ ចោរលួច បាននិងកំពុងកើតឡើងស្ទើរតែជារៀងរាល់ថ្ងៃ ដែលត្រូវបានអ្នកលេងបណ្តាញសង្គម តែងបង្ហោះឲ្យឃើញជារឿយៗ ពីសកម្មភាពរបស់ក្រុមចោរ មិនថាឆក់នៅតាមដងផ្លូវសាធារណៈ ឬលួចនៅក្នុងកន្លែងដែលសូម្បីមានកាមេរ៉ាដោយក៏ដោយ។
ជាក់ស្តែង ថ្មីៗនេះ នៅវេលាម៉ោង ៧ និង៨ នាទី ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ចោរម្នាក់ជិះម៉ូតូស្មាក់ ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 1AS-2525 បានធ្វើជាចូលចាក់សាំង និងឆ្លៀតឱកាសល្អ ខណៈបុគ្គលិកចាក់សាំង កំពុងជាប់រវល់ចាក់ម៉ូតូផ្សេង ស្រាប់តែជិះម៉ូតូចូលអែបលួចយកទូរស័ព្ទដាក់លើធុងក្បែរបំពង់ពន្លត់អគ្គីភ័យ ជិះចាកចេញបាត់ស្រមោលតែម្តង។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Sps S. Pisey បានបង្ហោះឲ្យឃើញរូបភាពស្តែងៗ និងស្នើឲ្យលោកចោររូបនោះ យកទូរស័ព្ទឲ្យគាត់វិញផង ដោយបានរៀបរាប់ថា៖ «សូមបងប្រុសដែលពាក់អាវខ្មៅជិះម៉ូតូ Smashពណ៌ក្រហម ស្លាកលេខ 1AS-2525 យកទូរស័ព្ទមកឱ្យប្អូនវិញផង។ អាណិតប្អូនប្រុសផង និស្សិតក្រីក្រមកពីខេត្តធ្វើការយកលុយរៀនសូត្រទេ សូមបញ្ឈប់ទង្វើថោកទាបដែលសង្គមស្អប់ខ្ពើមនេះចោលទៅ»។
តែទោះជាយ៉ាងណា នេះជាបទពិសោធន៍ និងមេរៀនមួយ ដែលអ្នកដទៃបានឃើញហើយ ត្រូវមានការប្រុងប្រយ័ត្នជានិច្ច ដោយមិនគួរធ្វេសប្រហែសនោះទេ ព្រោះថា មនុស្សឥឡូវស្លៀកពាក់ស្អាតបាត ពិបាកមើលដឹងថាជាចោរណាស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









