ស្របពេលដែលកាលពីថ្ងៃទី២ ខែសីហា ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi បានទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់ បើទោះបីជាមានការជំទាស់យ៉ាងខ្លាំងក្លាពីប្រទេសចិនក៏ដោយនោះ ស្រាប់តែនៅថ្ងៃបន្ទាប់ អ្នកប្រើប្រាស់ Twitter ម្នាក់បានបង្ហោះរូបថតបង្ហាញរថក្រោះតម្រៀបជាជួរយ៉ាងវែង នៅលើឆ្នេរមួយ ដោយអះអាងថា កងទ័ពរំដោះប្រជាជនចិន (PLA) កំពុងរៀបចំវាយប្រហារទៅលើកោះតៃវ៉ាន់តែម្តង។
ពិតណាស់ រូបថតមួយសន្លឹកនេះ ត្រូវបានសាយភាយយ៉ាងលឿនលើបណ្តាញសង្គម ដែលបង្កឱ្យមានការភ្ញាក់ផ្អើលជាមួយនឹងមតិលើកឡើងយ៉ាងចម្រុះ។
រូបថតដ៏ចាប់អារម្មណ៍នេះ ក៏បានជំរុញឲ្យមានការពិភាក្សាយ៉ាងផុសផុលនៅលើវេទិកា PTT របស់តៃវ៉ាន់ផងដែរ។ អ្នកអត្ថាធិប្បាយជាច្រើនបានចោទប្រកាន់ថា នេះគឺជាការប្រមូលផ្តុំរថក្រោះនៅលើឆ្នេរនៃប្រទេសចិនដីគោក ដើម្បីរៀបចំបើកការវាយប្រហារលើច្រាំងផ្សេងទៀត។
តែទោះជាយ៉ាងណា យោងតាមគេហទំព័រព័ត៌មានហុងកុង Ifeng នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នេះ បានឲ្យដឹងថា នៅពេលស្រាវជ្រាវ អ្វីៗគឺផ្ទុយពីរូបថតដែលបានបង្ហោះក្នុងអត្ថបទនោះទាំងស្រុង ដោយគេបានរកឃើញថា គណនីធ្វីតទ័រនោះ បានដកស្រង់ចេញពីអត្ថបទមួយដែលបានចុះផ្សាយក្នុងកាសែត Chosun Ilbo របស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ដែលមានចំណងជើងថា “កូរ៉េខាងជើងប្រើនាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់បែក បញ្ចេញកាណុងបាញ់ដោយខ្លួនឯង ៣០០ ដំណាលគ្នា ដើម្បីបង្ហាញថាមពលវាយប្រហារដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រ” តាមរយៈរូបភាពពីអ៊ីនធឺណិត។
ចំណងជើងនៃរូបថតនោះបង្ហាញថា នេះគឺជាឈុតមួយនៃការបង្ហាញយោធារួមគ្នា ដែលធ្វើឡើងដោយកូរ៉េខាងជើងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំដដែល ដើម្បីអបអរសាទរខួបលើកទី៨៥ នៃការបង្កើតកងទ័ពប្រជាជនកូរ៉េ។
យោងតាមកាសែត Chosun Ilbo មេដឹកនាំកូរ៉េខាងជើងដែលចូលរួមក្នុងការបង្ហាញថាមពលកម្លាំងនាពេលនោះ គឺរួមមានមេដឹកនាំ Kim Jong-un លោក Hwang Byung-so និងព្រមទាំងអនុប្រធាននាយកដ្ឋាននយោបាយទូទៅនៃកងទ័ពប្រជាជនកូរ៉េ Tien និង Lee Myung-soo ដែលពេលនោះជាអគ្គសេនាធិការកងទ័ព។
យោងតាមអត្ថបទខាងលើ ការបង្ហាញភាពខ្លាំងនេះ ត្រូវបានធ្វើឡើងនៅព្រលានជួរមុខនៅភាគខាងកើត (ពោលគឺអាកាសយានដ្ឋាន Wonsan និងអាកាសយានដ្ឋាន Gema នៅ Gangwon-do)។ អត្ថបទដដែលក៏បានបញ្ជាក់ឲ្យដឹងថា យន្តហោះស្វ័យជំរុញខ្នាតធំចំនួន ៣០០ គ្រឿងបានតម្រង់ជួរតាមបណ្តោយឆ្នេរសមុទ្រជាច្រើនគីឡូម៉ែត្រ និងបានបាញ់ភ្លាមៗតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង













