Sunday, January 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ខេត្តព្រះសីហនុ បង្កើត​ក្រុម​ការងារ​​ចុះវាស់​ដីលើ​ទីតាំង​មាន​ទំនាស់​ជូន លោកស្រី ជា សុខឡេង ​យ៉ាង​តក់​​ក្រហល់ ​ក្រោយ​តុលាការ​ចាប់​ពលរដ្ឋ​រស់​នៅ​លើដី​ជាក់ស្តែង​៤នាក់ ​ដាក់គុក​​(មានរូបវីដេអូ)

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋរងគ្រោះដីធ្លីនៅសហគមន៍អូរខ្សាច់ ស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ​ បាន​ឲ្យដឹងថា កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៨រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជូន​គណៈកម្មការ​ចម្រុះ​មួយ​ក្រុម ឲ្យ​ចុះវាស់វែងដីធ្លីនៅលើទីតាំងដីកំពុងមានទំនាស់ ទៅតាមការស្នើ របស់​​​លោកស្រី ជា សុខឡេង ដែល​អះអាងថា ជាភាគីម្ចាស់ដី ​នៅ​ចំណុច​លើ​ទីតាំងដី​កំពុងមានទំនាស់ ជាមួយ​ពលរដ្ឋ​នៅសហគមន៍អូរ​ខ្សាច់។

ក្រុមការ​ងារចម្រុះ​ខាងលើនេះ ​បានបង្កើតឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ​២០១៨ ដោយលិខិតបង្កាប់ការ មានចុះ​ហត្ថលេខា និង​បោះ​ត្រា ​ដោយ ឯកឧត្តម យន្ត មីន ​អភិបាលខេត្តព្រះសីហនុ។ ក្រុមការងារ​នេះ តម្រូវឲ្យ​ចុះវាស់ដី នៅលើទីតាំង​ដី ដែល​កំពុង​មានទំនាស់ បន្ទាប់ពី​ប្រធាន​សហគមន៍​អូរខ្សាច់ គឺលោកស្រី ឡុច ទូច និង ពល​រដ្ឋរងគ្រោះដីធ្លី ៣នាក់​ទៀត រស់នៅ​ក្នុងសហគមន៍នេះ ត្រូវសាលាដំបូង​ខេត្តព្រះសីហនុ ​ចាប់ដាក់គុក ​កាល​ពីថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៨ ទៅ​តាមបណ្តឹង របស់លោកឧកញ៉ា តាន់ តាត់ និង​លោក ឡុញ វណ្ណៈ ​អ្នក​មាន​ទ្រព្យ​ដ៏ល្បីរស់​នៅ​ខេត្តព្រះ​សីហនុ។

​​យោង​តាម​លិខិត​បង្គាប់ការ​ចុះ​ថ្ងៃទី២១ ​ខែឧសភា ​ឆ្នាំ២០១៨ ​ចុះហត្ថ​លេខា​ដោយ ឯកឧត្តម យន្ត មីន ​អភិបាល​ខេត្ត​ព្រះ​សីហនុ ​បានបង្កើត​គណៈ​កម្មការ​ចម្រុះមាន​សមាសភាពចំនួន១០នាក់ ឲ្យចុះវាស់ដីជូន លោកស្រី ជា សុខឡេង ក្រោយ​ពេល​តុលាការ​ចាប់​ពលរដ្ឋរស់នៅ​លើដីជាក់ស្តែង ៤នាក់ដាក់​គុក​រួចមក។

មន្ត្រីទាំង ១០នាក់​នោះ​រួមមាន

.លោក អ៊ី ធារិន ប្រធាន ក្រុមការងារ

.លោក ស៊ុន ពិសី អភិបាល​រងស្រុកស្ទឹងហាវ ជាអនុប្រធានក្រុមការងារ

. លោកស្រី កែវ សុត្ថារី ​ប្រធានកា​រិយាល័យ​កិច្ចការច្បាប់ និង សុវត្ថិភាពសាធារណៈ ជាអនុប្រធានក្រុមការងារ

.លោក សំ គល់ អនុ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ ជាសមាជិក

. លោក ឌី សុភី នាយរងខណ្ឌរដ្ឋបាលព្រៃឈើ ជាសមាជិក

. លោក កែ សារឿន ​ប្រធាន​ការិយាល័យ​បច្ចេកទេស នៃមន្ទីរដនសសខេត្ត​ព្រះសីហនុ

. លោក សំរិទ្ធ កុសល ប្រធាន​ការិយាល័យ ....​ស្រុកស្ទឹងហាវ ជាសមាជិក

. លោក ហាក់ ម៉េង មេឃុំអូរត្រេះ ជាសមាជិក

. លោកមេភូមិ៤ ឃុំអូរត្រេះ ជាសមាជិក

១០. លោកនាយប៉ុស្តិ៍នគរបាលឃុំអូរត្រេះ

  

កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ​២០១៨ លោក ហេង ប៊ុនទី មេបញ្ជា​ការកងរាជអាវុធហត្ថ​ខេត្តព្រះសីហនុ បាន​បញ្ជា​កម្លាំង​ចំនួន២រថយន្ត ​​ចុះ​ចាប់​ពលរដ្ឋចំនួន ៦នាក់ រស់នៅសហគមន៍អូរខ្សាច់ ភូមិ៤ ឃុំអូរត្រេះ ស្រុក​ស្ទឹង​ហាវ ​ជាទីតាំងដីកំពុងមានទំនាស់ និងចាប់ពលរដ្ឋដាក់​ខ្នោះ ​បញ្ជូន​ភ្លាមៗ​មក​​កាន់​បញ្ជា​ការ​ដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​។ ​ហើយក្រោយមក​បាន​បញ្ជូនបន្តទៅកាន់​សាលា​ដំបូងខេត្តព្រះសីហនុ ទៅតាមបណ្តឹង ​របស់​លោក​ឧកញ៉ា តាន់ តាត់ និង​លោក ឡុញ វណ្ណៈ ដែល​ជា​អ្នកមាន​ទ្រព្យ​ស្តុកស្តម​ រស់នៅ​ខេត្ត​ព្រះសីហនុ​​។

បន្ទាប់​ពី​ត្រូវ​តុលា​ការ​សាក​សួររួច ​ពល​រដ្ឋរង​គ្រោះដីធ្លី​ចំនួន ៤នាក់ ក្នុងចំណោម​៦នាក់ ​ត្រូវ​ លោក ឡូត ផារី ចៅ​ក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តព្រះ​សីហនុ សម្រេច​ចេញដីកា​បង្គាប់​ឲ្យឃុំខ្លួន​​ ដាក់​ក្នុង​ពន្ធនាគារ​ខេត្តនេះ​ជា​បណ្តោះ​អាសន្ន កាលពីល្ងាចថ្ងៃ​ទី៨ ​ខែ​ឧសភា​ ដោយចោទ​ពីបទ ​«ប្រើហឹង្សា​លើ​អ្នក​កាន់​កាប់​អចលន​វត្ថុ​ដោយ​សុចរិត​» ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ៤ ​ឃុំ​អូរត្រេះ ​ស្រុក​ស្ទឹងហាវ ​ខេត្ត​ព្រះ​សីហនុ ​កាលពី​ថ្ងៃទី​៦ ខែ​ឧសភា​ ឆ្នាំ​២០១៨។

មុនពេល​ត្រូវកម្លាំងកងរាជអាវុធហត្ថ នាំខ្លួនពីសាលាដំបូងខេត្តព្រះសីហនុ បញ្ជូនទៅដាក់ពន្ធនាគារ ស្ត្រីវ័យ​ចំណាស់ ដែលមាន​សក់ស្កូវសំពោង ឈ្មោះ ឡុច ទូច ជាពលរដ្ឋរងគ្រោះដីធ្លីម្នាក់ ស្ថិតក្នុងចំណោមពលរដ្ឋ​​៤នាក់​ បាន​ចាត់ទុកដីកា​សម្រេច របស់​លោក ឡូត ផារី ចៅ​ក្រមស៊ើប​សួរ​សាលា​​ដំបូង​ខេត្ត​ព្រះសីហនុ ថា​មាន​ភាព​អយុត្តិធ៌ម​សម្រាប់​ពួកគាត់ និងបាន​​ដង្ហោយរក​ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ ឲ្យ​ជួយ​រក​យុត្តិ​ធ៌ម​រួច​ផុតពីការ​ចោទប្រកាន់ និង​​មាន​សិទ្ធិ​កាន់​កាប់ដីធ្លី​​​ធ្លាប់​រស់នៅ​ដូចដើមវិញ។

សំណុំរឿងដីធ្លីនៅសហគមន៍អូរខ្សាច់ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវខាងលើនេះ ក្រោយពេលតុលាការចាប់ ប្រជាពលរដ្ឋ ដែលតស៊ូមតិលើវិវាទដីធ្លី​ដាក់គុក កាលពីថ្ងៃទី​៨ ខែឧសភា ឆ្នាំ២០១៨រួចមក គឺជាបន្តបន្ទាប់​មកនេះ បានកើតមាន​សកម្មភាព​បុគ្គល​មួយចំនួន ដែលអះអាងថា មាន​ចំណែក​ក្បាល​ដីនៅលើទីតាំងដី​កំពុង​មាន​ទំនាស់ជាមួយ​ពលរដ្ឋ​នៅ​សហគមន៍​អូរ​ខ្សាច់មាន​ដូចជា៖ លោក ឧកញ៉ា តាន់ តាត់ ក៏បាននាំក្រុមការងារ​ចុះ​ទៅ​មើល​​ដីជា​ទីតាំងដី ​ដែល​លោក​អះអាងថា ​មានប្លង់​កម្មសិទ្ធិស្រប​ច្បាប់​ចំនួន ១៦ប័ណ្ណ កាល​ពីថ្ងៃទី១០ ខែ​ឧសភា ឆ្នាំ២០១៨ និង​បាន​សង់​ផ្ទះតូចៗ នៅ​លើ​ដី​ទំនាស់នោះ ដោយគ្មាន​ការរំខាន​ពី​អាជ្ញាធរ​មានសមត្ថកិច្ចទេ

បន្ថែមលើនេះ ​កាលពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ គណៈកម្មការចម្រុះ របស់រដ្ឋបាលខេត្តព្រះសីហនុ ក៏បាន​ចុះ​ទៅ​វាស់វែងដីតាម​ការស្នើសុំ របស់​​​លោកស្រី ជា សុខឡេង ​ដែលកន្លង​មកត្រូ​វលោក​មេភូមិ៤ បញ្ជាក់​ថា ទីតាំង​ដីជាក់ស្តែង របស់​លោក​ស្រី ជា សុខឡេង មិនមែននៅ​ទីតាំងដី​កំពុង​​​មាន​ទំនាស់ខាងលើទេ គឺនៅ​ទីតាំង​ផ្សេងពីមូលដ្ឋាននេះ ​ប៉ុន្តែជាក់​ស្តែង​ត្រូវ​ក្រុម​ការងារ​ចម្រុះ ​របស់រដ្ឋបាលខេត្តព្រះសីហនុ បន្តចុះ​​មកវាស់វែង​​ដី នៅ​លើ​ដីប្រជាពលរដ្ឋ នៅ​សហគមន៍​អូរខ្សាច់ ត្រង់ចំណុចភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ​​ទៅវិញ៕

×