ភ្នំពេញ៖ អ្នកជំនាញផ្នែកជួញដូរឧបករណ៍និស្សន្ទ ឬការជួញដូររូបិយប័ណ្ណអន្តរជាតិ លើកទឹកចិត្តសាធារណៈជន ចូលរួមស្វែងយល់ពីសារៈសំខាន់នៃការជួញដូរ ឧបករណ៍និស្សន្ទ ដើម្បីចាប់យកឱកាសវិនិយោគថ្មី និងជួយជំរុញវិស័យសេដ្ឋកិច្ចជាតិ។

អ្នកជំនាញ បានឲ្យដឹងពីការជួញដូរឧបករណ៍និស្សន្ទ និងទីផ្សារមូលបត្រថា ទីផ្សារមូលបត្រជាកន្លែងទិញ-លក់មូលបត្រ ឬហៅម្យ៉ាងទៀតថា ទីផ្សារហ៊ុន ព្រោះផលិតផលលក់ដំបូងគេលើទីផ្សារ គឺជាភាគហ៊ុន ដូច្នេះហើយទើបហៅទីផ្សារនេះជាទីផ្សារភាគហ៊ុន ប៉ុន្ដែមិនមែនមានតែទីផ្សារភាគហ៊ុនមួយមុខឡើយ ដែលត្រូវបានដាក់លក់ តែឧបករណ៍ផ្សេងៗទៀត ក៏បានដាក់លក់លើទីផ្សារនេះផងដែរ ដែលរួមមានដូចជា ឧបករណ៍និស្សន្ទ និងមូលបត្របំណុលជាដើម។

លោក ស្រី សំណាង នាយកគ្រប់គ្រងទូទៅ នៃ ក្រុមហ៊ុន GFG investment ដែលជាក្រុមហ៊ុនផ្ដល់ការប្រឹក្សាទាក់ទងទៅ នឹងការជួញដូរឧបករណ៍និស្សន្ទ បានបញ្ជាក់ថា ឧបករណ៍និស្សន្ទ គឺជាការជួញដូរទៅលើតម្លៃហាងឆេងលុយ ហាងឆេងមាស និងហាងឆេងផ្សេងទៀត ដើម្បីទទួលបានប្រាក់ចំនេញ។

ថ្លែងក្នុងកម្មវិធី Financial best top contest នាចុងសប្តាហ៍កន្លងទៅ លោក ស្រី សំណាង នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន GFG investment បានបញ្ជាក់ថា កម្មវិធីរៀបចំនេះឡើង ក្នុងគោលបំណង ផ្ដល់ឱកាសទៅដល់សាធារណជន ដើម្បីក្នុងការចូលរួមប្រកួត ប្រជែងទៅលើការវិនិយោគឧបករណ៍និស្សន្ទ។ ពិសេសជំរុញឱ្យសាធារណជន និងអ្នកមានចំណង់ទាក់ទងទៅការវិនិយោគ ទៅលើឧបករណ៍និស្សន្ទ អាចឲ្យគាត់បានយល់ជ្រាប យល់ដឹងអំពីការវិនិយោគ យល់ដឹងទៅលើការគ្រប់គ្រងហានិភ័យ ទាក់ទងទៅនឹងវិធីសាស្រ្តនៅក្នុងការវិភាគ ក្នុងការចូលទីផ្សារ ដើម្បីទទួលបានឱកាសនឹងផលចំណេញ។

លោក ស្រី សំណាង លើកឡើងថា ការវិនិយោគទៅលើវិស័យនេះ គឺសំខាន់បំផុតគឺការស្វែងយល់ព័ត៌មាន ឧទាហរណ៍ ដូចជាស្ថានភាពវិបិត្តសង្រ្គាមរុស្ស៊ី អ៊ុយក្រែនជាដើម បើសាធារណៈជន មានការចាប់អារម្មណ៍ លើការជួញដូរឧបករណ៍និស្សន្ទ នោះវានិងជួយជំរុញវិស័យសេដ្ឋកិច្ច របស់យើយឲ្យរីកចំរើនដូចគ្នាដែរ។
សូមជម្រាបថា ការជួញដូរឧបករណ៍និស្សន្ទ គឺជាការជួញដូរលើកិច្ចសន្យាគម្លាតថ្លៃនៃឧបករណ៍ហិរញ្ញវត្ថុដើម ដែលចេញពីមូលបត្រកម្មសិទ្ធិ មូលបត្របំណុល សន្ទស្សន៍លោហធាតុ មានដូចជា តម្លៃប្រេងឆៅ ឧស្ម័នធម្មជាតិ កសិផល រូបិយប័ណ្ណជាដើម។ ការវិនិយោគលើឧបករណ៍និស្សន្ទ អាចឱ្យវិនិយោគិនទទួលបានផល ចំណេញ ប្រសិន បើវិនិយោគិននោះ មានចំណេះដឹង និងយល់ច្បាស់ពីហានិភ័យពាក់ព័ន្ធ នឹងការជួញដូរ ឧបករណ៍និស្សន្ទ។

ការជួញដូរឧបករណ៍និស្សន្ទ សំដៅលើការជួញដូរលើគម្លាតថ្លៃហិរញ្ញវត្ថុដូចជា រូបិយប័ណ្ណអន្ដរជាតិ, លោហធាតុមានតម្លៃ, មាស, ប្រាក់, ប្រេងឆៅ ដែលជាផលិតផលកសិកម្ម និងឧស្សាហកម្ម សំដៅលើការជួញដូរ នៅថ្ងៃអនាគត។ ការជួញដូរឧបករណ៍និស្សន្ទផ្លូវការ ជាការជួញដូរលើហាងឆេងមាស, ប្រាក់, រូបិយបណ្ណអន្ដរជាតិ តាមប្រព័ន្ធអេឡិចត្រូនិក និងធ្វើបានតែនៅលើឧបករណ៍ Smart Phone ឬកុំព្យូរទ័រ នេះហៅថាការជួញដូរឧបករណ៍និស្សន្ទ។

បើតាមអ្នកជំនាញ រាល់ការវិនិយោគសុទ្ធតែមានហានិភ័យ ដូចគ្នានេះដែរ ការវិនិយោគលើឧបករណ៍និស្សន្ទ អាចទទួលបានប្រាក់ចំណេញខ្ពស់ ហើយក៏មានហានិភ័យខ្ពស់ផងដែរ។ តម្លៃនៃឧបករណ៍និស្សន្ទ តែងតែមាន ការប្រែប្រួល ឡើង ឬ ចុះជារៀងរាល់ថ្ងៃ ទៅតាមស្ថានភាពសេដ្ឋកិច្ច និងនយោបាយពិភពលោក ដូចនេះបើ ចង់វិនិយោគលើវិស័យនេះ វិនិយោគិនទាំងអស់ ត្រូវតាមដានពីស្ថានភាពសេដ្ឋកិច្ច និង នយោបាយពិភព លោក និងត្រូវចេះធ្វើការសន្និដ្ឋាន ឬប៉ាន់ស្មានពីទំនោរទីផ្សារនេះ ឱ្យបានត្រឹមត្រូវ និងត្រូវជ្រើសរើសក្រុមហ៊ុន ដែលទទួលបានអាជ្ញាប័ណ្ណ ឬការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.)៕