ផ្អើលអស់អ្នកលេងបណ្តាញសង្គម ខណៈបានឃើញកូនក្រមុំអាយុ ៣៨ ឆ្នាំ បានដង្ហែក្បួននាំយកថ្លៃបណ្ណាការរាប់លាន ទៅកាន់ផ្ទះកូនកំលោះវ័យក្មេងអាយុទើបតែ ១៩ ឆ្នាំ ដោយសារតែស្រ្តីជាកូនក្រមុំបានមើលឃើញថា បុរសរូបនោះខិតខំធ្វើការ និងមើលថែនាងយ៉ាងយកចិត្តទុកដាក់ អស់រយៈពេល ២ ឆ្នាំ មកហើយ។
នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ សារព័ត៌មាន Channel 3 បានរាយការណ៍ថា នៅក្នុងឃុំ Phu Sawan ស្រុក Kaeng Krachan ខេត្ត Phetchaburi មានផ្ទះមួយរៀបចំពិធីមង្គលការ ដោយកូនក្រមុំ បានដង្ហែក្បួនទៅកាន់ផ្ទះកូនកំលោះ ដោយនាំយកថ្លៃបណ្ណាការរាប់លានបាតបង្កើតចំណាប់អារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ភ្ញៀវដែលបានមកចូលរួមក្នុងកម្មវិធី។
កូនក្រមុំរូបនេះ មានឈ្មោះថា Thanaradee អាយុ ៣៨ ឆ្នាំ ជាអ្នករៀបចំពិធីដង្ហែក្បួនដឹកនាំថ្លៃបណ្ណាការ ។ ក្នុងនោះមានសាច់ប្រាក់ចំនួន ២០ ម៉ឺនបាត ប័ណ្ណកម្មសិទ្ធិដី២សន្លឹក ច្បាប់ចម្លង១សន្លឹកបញ្ជាក់ ឡានពណ៌ក្រហម១គ្រឿង និងមេគោ៩ក្បាល ដើម្បីយកមកផ្គាប់កូនកំលោះឈ្មោះ Pongsakorn អាយុ ១៩ ឆ្នាំ (នៅផ្ទះកើតហេតុ)។
តែទោះជាយ៉ាងណា នាង Thanaradee បានបង្ហើបថា ខ្លួនមិនមែនជាស្ត្រីនៅលីវទេ ព្រោះធ្លាប់ឆ្លងកាត់ជីវិតគ្រួសារជាច្រើនដង (៣ដង និងមានកូន៧នាក់) រួចហើយ។ នាងត្រូវមើលថែខ្លួនឯងគ្រប់ពេលវេលា។ នាងបន្តថា «នៅពេលបានជួបលោក Pongsakorn ដែលជាបុរសឧស្សាហ៍ធ្វើការស្រលាញ់ខ្ញុំ និងទទួលយកនូវអ្វីដែលខ្ញុំមាន និងត្រៀមខ្លួនមើលថែខ្ញុំ ដូច្នេះ ខ្ញុំមានទំនុកចិត្ត និងចង់បានគាត់ខ្លាំងណាស់។ ដូច្នេះ ខ្ញុំមិនស្ទាក់ស្ទើរនាំយកថ្លៃបណ្ណាការមកសុំគាត់រួមរស់ក្នុងគ្រួសារ ហើយនឹងមើលថែគ្នាជារៀងរហូត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






