ទោះជាមានមាត់មានក មានអារម្មណ៍មួម៉ៅ ខឹងមនុស្សដែលយើងស្រឡាញ់ ក្នុងរឿងតូចតាច ឬរឿងធំដុំ និងចង់តែប្រកែក យកឈ្នះប៉ុនណាក៏ដោយ តែ បើសិនជាចង់រស់នៅជាមួយគ្នា យូរតទៅទៀតនោះ ខាងក្រោមនេះ គឺជារឿងដែលបុរសៗយើង ត្រូវនឹកដល់ជានិច្ច…៖
១.នៅឱ្យស្ងៀមៗសិន ពេលមានអារម្មណ៍មួម៉ៅ ឬខឹង
រឿងដំបូងបំផុត ដែលត្រូវធ្វើ គឺស្ងប់សតិអារម្មណ៍ និងរម្ងាប់ភាពក្រេវក្រោធឱ្យបាន ព្រោះបើសិនជាអ្នកទម្លាយអារម្មណ៍ក្ដៅក្រហាយនោះចេញមក អ្វីដែលអ្នកនិយាយចេញមក វាច្បាស់ជាគ្មានអ្វីផ្សេង ក្រៅពីរឹតតែធ្វើឱ្យកើតស្នាមរបួស កាន់តែជ្រៅទៅទៀតឡើយ…ដូច្នេះហើយ ទើបអ្នកត្រូវនៅស្ងៀម តាំងស្មារតីឱ្យនឹង ធ្វើចិត្តឱ្យត្រជាក់ និងរិះរកឱកាសពន្យល់ អធិប្បាយពីហេតុផលរបស់អ្នក ក្នុងពេលវេលាដ៏ស័ក្តិសមណាមួយ តាមទំនងដែលគេនិយាយថា “មិនសូវនិយាយច្រើនទេ តែបើនិយាយ គឺច្បាស់លាស់តែម្ដង” ហ្នឹងឯង។
២.មានហេតុផល គឺសំខាន់បំផុត
ពេលដែលមនុស្សយើងប្រកែកគ្នា គឺមិនមែនដើម្បីយកឈ្នះគ្នាតែម្យ៉ាងនោះទេ តែ គឺដើម្បីពន្យល់គ្នាពីហេតុផលរបស់ខ្លួនទៅវិញទៅមក…ដូច្នេះ តើវានឹងមានប្រយោជន៍អីទៅ នៅពេលដែលយើងប្រកែកឈ្នះហើយ តែនាង (ភរិយា ឬគូស្នេហ៍) មិនព្រមទទួលស្គាល់ ឬមិនព្រមយល់ពីហេតុផលរបស់យើងនោះ?។
ដូច្នេះត្រូវចាំទុកឱ្យជាប់ក្នុងចិត្តថា ហាមភ្លាត់មាត់ ឬរបូតធ្លាយពាក្យសម្ដីធ្ងន់ធ្ងរ ឬអាក្រក់ស្តាប់ណាមួយ ចេញទៅជាដាច់ខាត ព្រោះវានឹងធ្វើឱ្យយើងលែងមានការផ្ដល់កិត្តិយស ឬការគោរព រវាងគ្នាទៅវិញទៅមក តែ អ្វីដែលត្រូវធ្វើនោះគឺ គួររៀបចំ និងគិតចម្រាញ់ពាក្យសម្ដី ១ម៉ាត់ៗ ដែលប្រុងនិយាយចេញទៅនោះឱ្យបានច្បាស់ថា តើវាស័ក្តិសមឬទេ? មិនមែនជាការជះប្រេង ទៅលើភ្លើងថែមទៀតឡើយ។
ការប្រើហេតុផល អធិប្បាយអំពីប្រភពនៃរឿងហេតុ គួរតែធ្វើឡើងនៅក្នុងពេលវេលាដ៏សមរម្យណាមួយ វានឹងធ្វើឱ្យយើងបានយល់ចិត្តគ្នាឡើងវិញ នៅទីបំផុត។
៣.ប្រកែកឱ្យត្រូវទីកន្លែង និងត្រូវពេលវេលា
ការប្រកែកគ្នានៅក្នុងទីសាធារណៈ ក្រៅតែពីខ្មាស់គេហើយ នៅប្រឈមនឹងការបកអាក្រាតពីកំហុសរបស់គ្នាទៅវិញទៅមក នៅចំពោះមុខមនុស្សដទៃទៀតផង ដែលទង្វើនេះ វានឹងក្លាយជាបញ្ហារីករាលដាលធំដុំ វែងឆ្ងាយតទៅទៀត រហូតដល់លែងអាចស្រុះស្រួលគ្នាបាន។ រឿងទាស់ចិត្តគ្នា រវាងមនុស្ស ២នាក់ វាជារឿងផ្ទាល់ខ្លួនរបស់អ្នកទាំង២ ដូច្នេះគួរខាំមាត់ លាក់ទុកវាសិន ចាំទៅប្រកែកគ្នា នៅក្នុងកន្លែងណាស្ងាត់ៗ វិញប្រសើរជាង។
គ្រប់ពេលដែលយើងមានមាត់មានកនឹងគ្នា បើយើងប្រកែកគ្នាយ៉ាងមានសតិស្មារតី ព្យាយាមយល់ និងចេះទទួលស្គាល់ពីចំណុចល្អ ចំណុចអន់ និងចរិតនិស្ស័យ ដែលខុសគ្នារបស់យើង រួមទាំងចេះអត់ឱនទោស ឱ្យគ្នាទៅវិញទៅមកផងនោះ យើងនឹងកាន់តែស្គាល់ចិត្តគ្នា និងកាន់តែស៊ីជម្រៅជាមួយគ្នាខ្លាំងឡើង ក្លាយជាសេចក្តីស្នេហាក្នុងជីវិតអាពាហ៍ពិពាហ៍ ដែលរឹងមាំជាមិនខាន។
៤.ធ្វើខុស ចេះសុំទោស-ចេះអត់ទោស និងការកែខ្លួន គឺការរស់រានមានជីវិតរបស់ស្នេហា
ទោះជាស្រឡាញ់គ្នាខ្លាំងប៉ុនណាក៏ដោយ វានឹងមានច្រើនដងណាស់ ដែលក្តីស្នេហា ស្ទើរតែបាក់ដួលរលំ ហើយយើងក៏រកឃើញដែរថា មូលហេតុសំខាន់នោះ វាមិនបានស្ថិតនៅឆ្ងាយពីខ្លួនយើងឡើយ គឺវាស្ថិតនៅក្នុងខ្លួនរបស់យើងហ្នឹងឯង គឺដោយសារតែយើងមានអស្មិមានះរបស់ខ្លួនឯងខ្លាំងជ្រុលពេក ទើបមិនយល់ និងមិនស្គាល់ពីវិធី ក្នុងការទទួលស្គាល់អ្នកដទៃ។
ការធ្វើខុសហើយ ចេះសុំទោសពីចិត្តស្មោះ និងចេះអត់ទោសឱ្យ គឺជាជម្រើសដ៏ល្អបំផុត តែបើត្រូវសុំទោស និងត្រូវអត់ទោសឱ្យ នៅក្នុងតែរឿងដដែលៗ ញឹកញាប់ពេកនោះ វាក៏ប្រហែលជាមិនសូវល្អប៉ុន្មានដែរ។
រឿងដែលល្អបំផុតគឺ នៅគ្រប់ពេលឈ្លោះគ្នា យើងគួររៀនយល់ដឹង ក្នុងការកែសម្រួលខ្លួន ឱ្យចូលចុះនឹងគ្នាបានឡើងវិញ ទើបជាការប្រសើរ៕