អាស្រ័យដោយឃើញហ្វូងកូនទា បានវង្វេងមកកាន់ដែនដីខ្លួន សុនកឈ្មោះ Fred បានថែទាំពួកវាប្រៀបដូចជាឪពុកម្តាយ។
សុនកឈ្មោះ Fred មានអាយុ ១០ ពូជ Labrabor បច្ចុប្បន្ននៅវិមាន Mountfitchet ចក្រភពអង់គ្លេស ។
បុគ្គលិកមើលថែវិមាន បានស្រឡាំងកាំង ពេលឃើញកូនទាមួយហ្វូងវង្វេងចូលសួនច្បារនៃវិមាន ។ អ្នកគ្រប់គ្រងវិមានឲ្យដឹងថា ៖ កាលពីមុនយើងខ្ញុំឃើញមានទាញីមួយវាធ្វើសំបុកនៅជិតៗនេះ ប៉ុន្តែពេលហ្វូងកូនទាចូលមកពុំឃើញមេរបស់វាទេ ។
ខណៈពេលបុគ្គលិកនៅនេះមិនទាន់ដឹងដោះស្រាយបែបណាចំពោះហ្វូងកូនទា ស្រាប់តែ Fred បង្ហាញការចូលចិត្តឲ្យកូនទាដើរលេងជាមួយ និងការពារពួកវា ។
កូនទាទាំងនោះចូលចិត្តចូលពួនក្រោមជើងរបស់សុនក Fred ដោយគ្មានការភ័យខ្លាចអ្វីទាំងអស់ ។
បុគ្គលិកធ្វើការនៅទីនេះ ក៏ធ្លាប់ឃើញសុនករបស់ខ្លួនឲ្យកូនទាជិះពីលើខ្នង ហើយនាំពួកវាទៅហែលទឹក ។
កូនទា “កំព្រារ” ឪពុកម្តាយទាំង ៩ វាហាក់បីដូចជាចាត់ទុកឆ្កែនេះជាឪពុកធម៌ ឬមេដោះរបស់វាអីចឹង ។
សុនកនេះនៅនាំពួកវាទៅហាលថ្ងៃក្រោយពេលហែលទឹករួច ។
ភ្ញៀវទេសចរជាច្រើនដែលមកទស្សនាវិមាននេះ ពិតជាស្ងើចសរសើរចំពោះភាពមិនរើសអើងក្នុងពិភពសត្វ ដើម្បីឲ្យកាន់តែច្បាស់សូមអញ្ជើញប្រិយមិត្តទស្សនាឃ្លីប ៕ ចន្ទ្រា