Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាប្រមូលចំណូលបាន ២០លានដុល្លារ ចូលថវិកាជាតិ ពីវិស័យរ៉ែ ក្នុងរយៈពេល៦ខែ ឆ្នាំនេះ

ភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងរ៉ែ និងថាមពល ដែលរៀបចំដោយទីស្តីការគណរដ្ឋមន្រ្តី ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានឱ្យដឹងថា បើទោះបីជាបច្ចុប្បន្នកើតមានវិបត្តិសេដ្ឋកិច្ចសកលលោកក៏ដោយ ក្រសួងរ៉ែនៅតែបន្តកៀរគររកចំណូលមិនឱ្យធ្លាក់ចុះនោះទេ។

ឯកឧត្តម អ៊ឹង ឌីប៉ូឡា បានគូសបញ្ជាក់ទៀតថា គិតត្រឹមឆ្នាំ ២០២២នេះ ក្រសួងរ៉ែ បានផ្តល់អាជ្ញាបណ្ណដល់អាជីវកម្មរ៉ែបើកអណ្តូងរ៉ែ និងអាជីវកម្មវាយថ្ម បានចំនួន ៤៧៨ កន្លែង ឧស្សាហកម្មរ៉ែ ចំនួន ២១កន្លែង អាជ្ញាបណ្ណរុករករ៉ែចំនួន ៣៤កន្លែង។​

ឯកឧត្តម អ៊ឹង ឌីប៉ូឡា បន្តថា ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២២នេះ ក្រសួងរ៉ែ និងថាមពល បានប្រមូលចំណូលប្រមាណ ២០លានដុល្លារ ចាក់ចូលទៅក្នុងថវិកាជាតិ ខណៈកាលពីឆ្នាំ ២០២១ ក្រសួង ប្រមូលចំណូលបានជាង ៣៥ លានដុល្លារ និងឆ្នាំ ២០២០ បានចំណូល ២៥លានដុល្លារ។​

ក្រៅពីចំណូល ដែលសម្បទានិក បានបង់តាមរបបស្វ័យប្រកាស ក្រសួងរ៉ែ និងថាមពល បានចុះត្រួតពិនិត្យភាពអនុលោម និងផ្ទៀងផ្ទាត់បរិមាណផលិតកម្ម ដោយប្រមូលចំណូលបន្ថែម នៅក្នុងរយៈពេល ៣ឆ្នាំ (២០២០ដល់២០២២) បានចំនួន ៦ ១៥៨ ៣១៧,៦២ ដុល្លារអាមេរិក និងផាកពិន័យចំនួន ៤៦ ៦៦០,៥៧ ដុល្លារ។

បើតាមក្រសួងរ៉ែ និងថាមពល រយៈពេល ៥ឆ្នាំនេះ ពោលគឺពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២នេះ ក្រសួងរ៉ែ និងថាម​ពល សម្រេចបាននូវសមិទ្ធផលធំៗជាច្រើននៅក្នុងវិស័យរ៉ែ ដូចជា ការដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងត៍ចំនួន ៣ បន្ថែមទៀត និងការដាក់ឱ្យដំណើរការរោងចក្រចម្រាញ់រ៉ែមាសខ្នាតឧស្សាហកម្មចំនួន ០១ និងការធានានិរន្តរភាពនូវការផ្គត់ផ្គង់វត្ថុធាតុដើមរ៉ែសំណង់ ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសំណង់នានានៅកម្ពុជា ការដាក់ឱ្យដំណើរការមន្ទីរពិសោធន៍ភូគព្ភសាស្ត្រជាតិកម្ពុជា ការកសាងផែនទីគីមី ភូគព្ភសាស្រ្តដង់ស៊ីតេកម្រិតទាបមាត្រដ្ឋាន ១/១ ០០០ ០០០ បានចំនួន ៧១ ផ្ទាំង និងការកសាងផែនទីវារី ភូគព្ភសាស្ត្រនិង ភូគព្ភសាស្ត្រសមុទ្រ៕​

×