ភ្នំពេញ៖ ក្រៅពីផលិតផលកាត់ដេរ កម្ពុជា មានមហិច្ឆតាងាកទៅផលិតមុខទំនិញ ដែលមានតម្លៃបន្ថែមខ្ពស់ ដើម្បីបង្កើតមូលដ្ឋានសេដ្ឋកិច្ចកាន់ តែរឹងមាំ។ ប្រទេសកម្ពុជា បានបង្ហាញពីសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់នៃទិសដៅការធ្វើពិពិធិកម្មមុខទំនិញនាំចេញរបស់ខ្លួន ដោយបានបង្ហាញពីកំណើនលឿននៃការធ្វើពិពិធកម្មនាំចេញមុខទំនិញជាបន្តបន្ទាប់។

ដើម្បីសម្រេចមហិច្ឆតានេះ កម្ពុជា ត្រូវមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ និងងាកទៅផលិតមុខទំនិញដែលមានតម្លៃបន្ថែមខ្ពស់។ រាជដ្ឋាភិបាល បានកំណត់ទិសដៅប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូលខ្ពស់ នៅឆ្នាំ ២០៥០។

វិស័យយានយន្ត និងអេឡិចត្រូនិក ត្រូវបានជ្រើសរើស និងកំណត់ជាវិស័យអាទិភាព ដើម្បីចូលរួមចំណែកដល់ការស្តារសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩ និងជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង ព្រមទាំងការធ្វើទំនើបកម្ម និងពិពិធកម្ម ដែលមានសង្គតិភាពជាមួយគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ និង «ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣»។

យោងតាមរបាយការណ៍អគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ ដូចជា គ្រឿងបំណែកអេឡិចត្រូនិក កង់ ផលិត ផលពីឈើ គ្រឿងសង្ហារឹម ផលិតផលប្លាស្ទិច គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត មានចំនួន ២៦៥៩,១លានដុល្លារ កើនឡើងប្រមាណ ៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គោលនយោបាយរបស់រាជរដ្ឋាភិបាល កំពុងងាកចេញពីវិស័យកាត់ដេរ ដែលប្រើប្រាស់កម្លាំងពលកម្មច្រើន ប៉ុន្តែទទួលចំណូល ឬតម្លៃបន្ថែមទាប ក្នុងពេលដែលប្រទេសកម្ពុជា ក៏ដូចជាពិពភលោក កំពុងឈានទៅរកបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។ ប៉ុន្តែទោះបីជាយ៉ាងណា វិស័យកាត់ដេរ នៅតែជាក្បាលម៉ាស៊ីនអូសទាញកំណើនសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជានៅពេលបច្ចុប្បន្ន ជាមួយតម្លៃនាំចេញសរុបប្រមាណ ៦៥៦១,៩លានដុល្លារ កើនឡើង ៣៩% នៅឆមាសទី ១ឆ្នាំ ២០២២នេះ។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់រដ្ឋាភិបាល បានបង្ហាញថា ការនាំចេញផលិតផលផ្សេងទៀត ដូចជា គ្រឿងបង្គុំអេឡិចត្រូនិក កង់ គ្រឿងសង្ហារឹម និងឧស្សាហកម្មដំឡើងយានយន្ត មានការកើនឡើងគួរឲ្យកត់សម្គាល់៕