មនុស្សវ័យក្មេងជាច្រើនធ្វើពាណិជ្ជកម្មរូបថតដ៏ស្រស់ស្អាតរបស់ពួកគេ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ជាមួយការប្រថុយអាយុជីវិតបំផុត បានធ្វើឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ដោយសារគ្រោះថ្នាក់ថតរូប Selfie ។
ការព្យាយាមថតរូប Selfie នៅរណ្ដៅភ្នំភ្លើង Vesuvius (អុីតាលី) អ្នកទេសចរ Philip Carroll អាយុ ២៣ ឆ្នាំ សហរដ្ឋអាមេរិក ស្ទើរតែបាត់បង់ជីវិត នៅពេលទូរស័ព្ទធ្លាក់ចូលក្នុងរណ្ដៅ ហើយយុវជននោះបានរអិលជើងធ្លាក់ជាច្រើនម៉ែត្រ។ ពេលទាញឡើង Carroll បានសន្លប់ដោយមានស្នាមជាំ និងស្នាមរបួសធ្ងន់ធ្ងរ ហូរឈាមនៅជើង ដៃ និងខ្នង។
មិនមែនគ្រប់គ្នាសុទ្ធតែមានសំណាងល្អ ក្នុងការរស់រានមានជីវិតដូច Carroll នោះទេ ព្រោះថាជារៀងរាល់ឆ្នាំ ពិភពលោកបានកត់ត្រាគ្រោះថ្នាក់ និងសោកនាដកម្មរាប់ពាន់ករណី នៃការស្លាប់របស់យុវជន ដោយផ្តើមចេញពីប្រភពនៃការចង់បានរូបថតស្អាតៗ ដើម្បីឆែកមើលក្នុងបណ្តាញសង្គម។
ការស្លាប់ Selfie គឺញឹកញាប់ជាងមនុស្សភាគច្រើនគិតទៅទៀត។ ក្នុងនោះ ភាគច្រើនដោយសារជនរងគ្រោះមិនយកចិត្តទុកដាក់កម្រិតគ្រោះថ្នាក់ជុំវិញ ឬដឹងខ្លួន ប៉ុន្តែនៅតែប្រថុយប្រថានក្នុងការថតរូប។
យោងតាមកាសែត The Guardian យ៉ាងហោចណាស់មនុស្ស ១២៧ នាក់ ត្រូវបានសម្លាប់ដោយការថតរូប Selfie នៅក្នុងឆ្នាំ ២០១៤ ។ នៅក្នុងភាសាអង់គ្លេស ការស្លាប់បែបនេះត្រូវបានគេស្គាល់ថាជា “killfie” – ការស្លាប់ដោយការ selfie ។ “ឃាតករ” ភាគច្រើនកើតឡើងនៅអគារខ្ពស់ៗ ច្រាំងថ្មចោទក្រោមទឹក។ អាយុជាមធ្យមរបស់ជនរងគ្រោះគឺ២៤ ឆ្នាំ និងក្រុមធំជាងគេគឺ ១៩ ឆ្នាំ។
កាលពីខែមករា យុវជន Richard Jacobson (អាយុ ២១ ឆ្នាំ) មកពីរដ្ឋ Arizona (សហរដ្ឋអាមេរិក) បានរអិល និងធ្លាក់ពីកម្ពស់ ២១៣ ម៉ែត្រ ខណៈពេលកំពុងព្យាយាមថតរូប Selfie នៅលើច្រាំងថ្មចោទក្នុងភ្នំ Superstition ។ អាជ្ញាធរបាននិយាយថា ពួកគេមិនបានរកឃើញសញ្ញានៃការប្រើប្រាស់គ្រឿងញៀនឬការប៉ុនប៉ងធ្វើអត្តឃាតនោះទេ។
នៅចុងខែកក្កដា ឆ្នាំ ២០២១ Albert Dyrlund ដែលជា YouTuber ដ៏ល្បីខាងបទភ្លេង និងឈុតកំប្លែងជាច្រើន មិនបានរស់រានមានជីវិតនោះទេ បន្ទាប់ពីធ្លាក់ពីលើច្រាំងថ្មភ្នំកម្ពស់ ២០០ ម៉ែត្រ។ ឧបទ្ទវហេតុនេះបានកើតឡើងខណៈពេលដែល Albert កំពុងថតវីដេអូថ្មីនៅ Forcella Pana នៅភ្នំអាល់ (ប្រទេសអ៊ីតាលី) ។
នៅខែមេសា ឆ្នាំ ២០២០ Olesya Suspitsyna (អាយុ ៣១ ឆ្នាំ កាហ្សាក់ស្ថាន) ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងឧទ្យាន Duden ដែលល្បីល្បាញដោយសារទឹកជ្រោះជាច្រើន និងទេសភាពដ៏ស្រស់ស្អាតនៅក្នុងទីក្រុង Antalya ប្រទេសតួកគី។ គេបានឲ្យដឹងថា បន្ទាប់ពីការបញ្ចប់នៃការបិទទីក្រុង ដោយសារតែការរីករាលដាលជំងឺ, Suspitsyna និងមិត្តភក្តិរបស់នាងបានទៅសួននេះដើម្បីទស្សនាកម្សាន្ត។ ពេលកំពុងដើរ Suspitsyna បានឡើងលើរបងសុវត្ថិភាព ដើម្បីថតរូបជាមួយទឹកជ្រោះ។ ប៉ុន្តែ ដោយសាររវល់ថតរូប នាងក៏បានធ្លាក់ពីច្រាំងថ្មកម្ពស់៣៥ម៉ែត្រស្លាប់ភ្លាមៗតែម្តង។
ក្រៅពីការធ្លាក់ពីទីខ្ពស់នេះ គ្រោះថ្នាក់ជាច្រើនក៏កើតចេញពីយុវជនមិនយកចិត្តទុកដាក់ដូចជាការអង្គុយលើផ្លូវរថភ្លើង ឬថតឈុត «លើគ្រែ» ជាដើម។
នៅចុងឆ្នាំ ២០១១ Savannah Webster (អាយុ ១៣ ឆ្នាំ) បានបង្ហោះនៅលើទំព័រផ្ទាល់ខ្លួនរបស់នាង នូវស្ថានភាព “ការឈរនៅក្បែររថភ្លើងគឺសប្បាយខ្លាំងណាស់” ប៉ុន្មានវិនាទី មុនពេលនាង Kelsea បងស្រីរបស់នាង (អាយុ ១៥ ឆ្នាំ) និងមិត្តភក្តិ Essa Ricker (អាយុ១៥ ឆ្នាំ) បានស្លាប់នៅរដ្ឋយូថាហ៍ សហរដ្ឋអាមេរិក។ ក្មេងស្រីទាំងបីមានភាពជក់ចិត្តនឹងការថតរូប Selfie ជាខ្លាំងដែលពួកគេមិនបានកត់សម្គាល់វត្តមានរបស់រថភ្លើងនោះទេ សូម្បីតែរថភ្លើងបានចូលដល់ជ្រុងនៃរូបថតក៏ដោយ។
អ្នកស្រាវជ្រាវបានចង្អុលបង្ហាញពីទំនោរទៅរកការញៀន selfie ដែលមានឫសគល់នៅក្នុងវឌ្ឍនភាពសង្គម និងបច្ចេកវិទ្យារបស់មនុស្សវ័យៗក្មេង ហើយព្រមានថា ការស្លាប់ទាក់ទងនឹងការថតរូប Selfie បានក្លាយជា “បញ្ហា” សុខភាពសាធារណៈដ៏សំខាន់ ។
Rita Joshi សាស្ត្រាចារ្យផ្នែកសង្គមវិទ្យានៅសាកលវិទ្យាល័យ Delhi បាននិយាយថា នៅក្នុងប្រទេសដែលមានឋានានុក្រមខ្ពស់ដូចជាប្រទេសឥណ្ឌា ការថតរូប Selfie ផ្តល់សេចក្តីប្រាថ្នាដល់វណ្ណៈកណ្តាល ដើម្បីបង្ហាញពីខ្លួនឯងតាមរបៀបពិសេសមួយ។
នាងបាននិយាយថា “Selfie ធ្វើឱ្យមនុស្សមានអារម្មណ៍ទាន់សម័យ នៅពេលដែលពួកគេបង្ហោះវានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងទទួលបានការចូលចិត្ត។ វាជាវិធីងាយស្រួលបំផុតសម្រាប់មនុស្សវ័យក្មេង ដើម្បីភ្ជាប់ពិភពលោកជាពិសេសអ្នកដែលនៅលោកខាងលិច ជាមួយនឹងរចនាបទជីវិតដែលពួកគេចង់យកតម្រាប់តាម”។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការស្លាប់នៃការថតរូប Selfie ត្រូវបានប្រមូលផ្តុំនៅក្នុងប្រទេសឥណ្ឌា ដែលត្រូវបានគេដាក់ឈ្មោះថា “រដ្ឋធានីនៃការស្លាប់ selfie របស់ពិភពលោក” ដែលជំរុញឱ្យអាជ្ញាធរធ្វើអន្តរាគមន៍។
Deepak Gandhi (អាយុ ៤៣ ឆ្នាំ) សហគ្រិនទីផ្សារឌីជីថល បានចាប់ផ្តើមយុទ្ធនាការ SelfieToDieFor ដើម្បីបង្កើនការយល់ដឹងអំពីបញ្ហានៃការថតរូប Selfie នៅក្នុងទីតាំងគ្រោះថ្នាក់។
ក្នុងឆ្នាំ ២០១៦ រដ្ឋាភិបាលទីក្រុង Mumbai បានហាមឃាត់ការថតរូប Selfie នៅក្នុង ១៦ តំបន់។ ប៉ូលិសមានភារកិច្ចតាមដានតំបន់ហាមឃាត់ខាងលើ ជាពិសេសចំណុចខ្ពស់ៗតាមបណ្តោយឆ្នេរដោយគ្មានរបាំងការពារ និងផ្លូវដែក។
នៅក្នុងប្រទេសអេស្បាញ អាជ្ញាធរអនុវត្តច្បាប់ហាមឃាត់អ្នកទេសចរមិនឱ្យថតរូប Selfie ក្នុងអំឡុងពេលពិធីបុណ្យប្រណាំងគោប្រចាំឆ្នាំនៅ Pamplona ។
យោងតាមសារព័ត៌មាន BBC News ទីក្រុងញូវយ៉ក ហាមមនុស្សមិនឱ្យថតរូប “Selfie” នៅជិតខ្លា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



