បុរសជាច្រើន ច្រើនតែស្រឡាញ់នារីៗ ដែលមានវ័យក្មេងជាងខ្លួន ព្រោះមើលទៅនៅស្អាត គួរឱ្យស្រឡាញ់ ប៉ឹនងង៉ក់ ពូកែយកចិត្ត តែថ្ងៃនេះ អ្នកជំនាញខាងចិត្តវិទ្យា ចង់ប្រាប់ថា ស្ត្រីដែលមានអាយុ ៣០ឡើង ក៏មានអ្វីល្អៗច្រើនដែរណា៎…។ ស្រីៗវ័យ ៣០ឡើងមួយចំនួន ចេះមើលថែទាំខ្លួនបានល្អណាស់ រហូតមើលឃើញហើយ សឹងតែមិនចង់ជឿថា មានអាយុច្រើនដល់ថ្នាក់ហ្នុងផង ដូច្នេះសម្រាប់បុរសៗយើង សូមនាំគ្នាគិតទៅមើលថា បើមានគូស្នេហ៍ជាស្ត្រី ដែលមានអាយុច្រើនបន្តិចនោះ តើវាល្អយ៉ាងណាខ្លះ និងហេតុអីបានបុរសមួយចំនួនគេចូលចិត្ត?។
១.មិនចេះងង៉ក់
នារីវ័យ ៣០+ នឹងមានភាពជាមនុស្សចាស់ ឆាប់យល់ដឹងពីអ្វីៗជុំវិញខ្លួន មិនយករឿងតូចតាចមកធ្វើជាបញ្ហា អាចដោយសារតែខ្លួនឯងមានភារៈតួនាទី ដែលត្រូវទទួលខុសត្រូវ និងមានអ្វីត្រូវធ្វើច្រើន ដូច្នេះសេពគប់នារីៗក្នុងវ័យនេះ មិនសូវជាមានរឿងឱ្យរំខានចិត្តប៉ុន្មានឡើយ។
២.យល់ពីអារម្មណ៍របស់គូស្នេហ៍
ដោយបទពិសោធជីវិត និងការជួបប្រទះមនុស្សម្នាមកច្រើន ទើបនាងយល់ដឹង និងស្គាល់ពីពិភពលោកបានច្រើន យល់ពីអារម្មណ៍របស់មនុស្សជុំវិញខ្លួនច្រើន មិនថាតែសុខ ឬទុក្ខនោះទេ នាងនឹងយល់ពីអារម្មណ៍របស់គូស្នេហ៍ បានច្រើនជាងស្ត្រី ដែលអាយុនៅតិច។
៣.នាងនឹងមិនចេះប្រែប្រួលឡើយ
នារីវ័យ ៣០+ ភាគច្រើន គឺហួសអំឡុងពេលនៃការស្វែងរកខ្លួនឯងហើយ ឬនិយាយឱ្យស្រួលស្ដាប់ គឺស្គាល់ខ្លួនឯងច្បាស់ហើយ។ បើអ្នក ជួបនាងក្នុងអំឡុងអាយុនេះ អ្នកមើលឃើញនាងយ៉ាងម៉េច គឺនាងនឹងនៅតែបែបនោះជានិច្ច មិនបាច់កង្វល់ ខ្លាចថា សេពគប់គ្នាបានមួយរយៈហើយ នាងនឹងទៅជួបជីវិតថ្មីមួយទៀត សង្គមថ្មីមួយទៀត ហើយផ្លាស់ប្តូរ ក្លាយទៅជាមនុស្សម្នាក់ផ្សេងនោះទេ។
៤.មិនចាំបាច់មើលថែទាំនាងច្រើនឡើយ តែនាងថែមទាំងចេះមើលថែទាំយើងទៀតផង
នារីៗវ័យនេះ ច្រើនតែចេះមើលថែទាំខ្លួនឯងស្រេចទៅហើយ និងអ្នកខ្លះទៀត ថែមទាំងដូចជារាងទើសទាល់ទៀតផង ពេលមានអ្នកមកចាំយកចិត្តយកថ្លើមជ្រុលពេកនោះ ដូច្នេះហើយទើបបុរសដែលជាគូស្នេហ៍របស់នារីវ័យ ៣០+ មិនចាំបាច់នឿយហត់ក្នុងការមើលថែទាំនាងច្រើនទេ តែគួរបែរទៅយកចិត្តទុកដាក់រឿងអារម្មណ៍ និងធ្វើជាទីប្រឹក្សាឱ្យនាងវិញ ទើបជាការប្រសើរជាង។ ចំណែកការមើលថែទាំគូស្នេហ៍វិញ នៅពេលនាងស្គាល់ពីវិធីមើលថែទាំខ្លួនឯងតាមរយៈបទពិសោធជីវិតហើយនោះ នាងក៏នឹងចេះមើលថែទាំគូស្នេហ៍ បានកាន់តែល្អឡើងដូចគ្នាដែរ។
៥.ជាអ្នកចេះជួយគិតគូរដ៏ល្អ
នារីៗវ័យនេះ មានបទពិសោធទាំងក្នុងការរស់នៅ និងរឿងការងារ ច្រើនជាងនារីដែលអាយុនៅតិច រឹតតែជានារីប្រភេទ Working Woman ផងនោះ រឹតតែអាយុច្រើន នឹងរឹតតែពូកែឡើង ទើបនាងអាចធ្វើជាទីប្រឹក្សា ជួយគិតគូរយ៉ាងល្អសម្រាប់គូស្នេហ៍ និងជួយកែបញ្ហាផ្សេងៗបាន និងរួមទាំងការធ្វើជាគូជីវិតដ៏ល្អទៀតផង។
៦.មានស្នេហ៍ស្មោះ បំណងរៀបការ
នារីៗវ័យនេះ បើសេពគប់ជាមួយនរណាម្នាក់ហើយ ច្រើនតែគិតគូរពីរឿងរស់នៅជាជីវិតគូ ដែលវាខុសគ្នាពីការធ្វើជាគូស្នេហ៍នឹងគ្នា។ នាងនឹងមានភាពស៊ូទ្រាំច្រើនឡើង ព្រោះដឹងថា ការរស់នៅរួមគ្នា ត្រូវតែចេះស៊ូទ្រាំ អត់ធន់ និងអត់ទោស ដែលបើជាស្រីក្មេងៗក្រមុំៗវិញនោះ ពេលដឹងថា មិនល្អ ក៏នឹងទៅរកថ្មីទៀត អត់ខ្វល់!។ ដូច្នេះសម្រាប់កំលោះៗ ដែលមានអាយុច្រើនគួរសមហើយ ចង់សាងគ្រួសារ នារីៗវ័យនេះនឹងត្រៀមខ្លួនជាស្រេច ក្នុងការរស់នៅជាមួយអ្នក។ ក្រៅពីនេះ នារីក្នុងវ័យនេះ ច្រើនតែមានតួនាទីការងារដែលមាំមួននឹងនររួចហើយ និងអាចជួយគ្នាធ្វើការរកស៊ីបានតែម្តង។
ចំណុចល្អៗច្រើនយ៉ាងនេះ កំលោះៗយើង ប្រហែលជាចាប់អារម្មណ៍នារីៗបែបនេះ មកធ្វើជាគូជីវិតហើយមើលទៅ…៕