ភ្នំពេញ ៖ រយៈពេល ២៥ឆ្នាំនេះមន្ទីរពេទ្យគន្ធបុប្ផា ចំណាយថវិកាសរុប ៦៣២លានដុល្លារលើថ្លៃចំណាយថ្នាំសម្រាប់ព្យាបាលកុមារ ប្រាក់ខែបុគ្គលិក ប្រាក់ខែសន្តិសុខ រួមជាមួយនឹងថ្លៃចំណាយផ្សេងៗទៀតផងដែរ។ ២៥ឆ្នាំនេះ កុមារមានជំងឺធ្ងន់ធ្ងរចំនួន ១.៨៥៣.៥១០ករណី ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយស្ត្រីមានផ្ទៃពោះ ២៤៥.៥៩១នាក់ បានសម្រាលកូននៅមន្ទីរពេទ្យសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់មន្ទីរពេទ្យគន្ធបុប្ផា បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលមន្ទីរពេទ្យគន្ធបុប្ផា បានបើកទ្វារផ្តល់សេវាព្យាបាលកុមារ មានជំងឺ និងស្ត្រីមានផ្ទៃពោះ។ រយៈពេល២៥ឆ្នាំនេះ មន្ទីរពេទ្យមនុស្សធម៌មួយនេះ បានជួយព្យាបាលជំងឺជូនកុមារ និងស្ត្រីមានផ្ទៃពោះសរុប ១៦.៨២២.២២៥ករណី។ មន្ទីរពេទ្យគន្ធបុប្ផា បានទទួលគ្រួសារអ្នកជំងឺមកពីគ្រប់ច្រកល្អកនៃផ្ទៃប្រទេស។ គ្រួសារនៃអ្នកជំងឺរបស់យើង ភាគច្រើនមានជីវភាពទីទ័លក្រ ។ ហេតុនេះហើយ ទើបរាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា។
ក្នុងសេចក្តីប្រកាសព័ត៌មាននេះ មន្ទីរពេទ្យគន្ធបុប្ផាបានគូសបញ្ជាក់ថា រយៈពេល ២៥ឆ្នាំនេះ ខ្លួនបានក្លាយទៅជាមន្ទីរពេទ្យគំរូមួយ ហើយកាកបាទក្រហមកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ និងអរគុណ ដល់សកម្មភាពដ៏ជោគជ័យរបស់មន្ទីរពេទ្យគន្ធបុប្ផាថា បានចូលរួមដល់ការកាត់បន្ថយ អត្រាស្លាប់របស់មាតា និងកុមារ នៅកម្ពុជា។ ២៥ឆ្នាំកន្លងទៅ មូលនិធីគន្ធបុប្ផា បានចំណាយថវិកាអស់ ៦៣២ លានដុល្លារអាមេរិក។ ទោះជាយ៉ាងហ្នឹង ក៏ត្រូវបានគេកត់ត្រាទុកជាសកលថា មន្ទីរពេទ្យយើងមានប្រសិទ្ធភាពព្យាបាលជាសះស្បើយខ្ពស់ល្អលើសគេ ធៀបទៅនឹងការចំណាយ។
មន្ទីរពេទ្យគន្ធបុប្ផា បានអរគុណដល់ការគាំទ្ររបស់សប្បុរសជនទាំងអស់ ដែលញ៉ាំងឲ្យបុគ្គលិកកម្ពុជាប្រមាណ ២៥០០នាក់ សម្រេចបានស្នាដៃធំធេងនេះ ហើយដែលយើងខ្ញុំ សូមសម្តែងនូវទឹកចិត្តអំណរអរគុណយ៉ាងជ្រាលជ្រោ ។ ប្រាក់១ហ្វ្រង់ ឬ១ដុល្លារ គឺពិតជាការចូលរួមចំណែក ជួយព្យាបាល ជួយសង្គ្រោះជីវិត និងជួយការពារជំងឺ៕ ដោយ៖កូឡាប