ប្រជាជនកូរ៉េខាងជើងចំនួន ១០នាក់ ដែលបានរត់ចោលប្រទេសរបស់ខ្លួន ត្រូវបានអាជ្ញាធរចិនចាប់ខ្លួនកាលពីសប្តាហ៍មុន ហើយជនរត់ចោលស្រុកទាំងនោះអាចប្រឈមនឹងការបញ្ជូលទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញ។ នេះបើតាមការចេញផ្សាយរបស់សារព៌តមានកូរ៉េខាងត្បង (Yonhap)។
ជនរត់ចោលស្រុក កូរ៉េខាងជើងទាំង ១០នាក់ត្រូវបានប៉ូលីសចិនចាប់ខ្លួនកាលពីថ្ងៃសៅរិ៍អាទិត្យមុន ដោយក្នុងនោះមានកម្មករម្នាក់ ដែលបានរៀបចំពួកគេឲ្យរត់ចេញពីកូរ៉េខាងជើង។
ប្រភពបញ្ជាក់ថា ជនរត់ចោលស្រុកទាំងនោះ មានបំណងចង់ធ្វើដំណើរទៅកាន់កូរ៉េខាងត្បូង។
ព៌តមាននៃការចាប់ខ្លួនជនជាតិកូរ៉េខាងជើង ត្រូវបានគេរាយការណ៍ទៅដល់ស្ថានកុងស៊ុលកូរ៉េខាងត្បូងនៅក្នុងទីក្រុង Shenyang នៃខេត្ត Liaoning ប្រទេសចិន ហើយស្ថានកុងស៊ុលកូរ៉េខាងត្បូងបានស្នើឲ្យប៉ូលីសចិនដោះស្រាយបញ្ហាតាមលក្ខណៈមនុស្សធ៌ម។
ប្រទេសចិនជារឿយៗ បញ្ជូលជនរត់ចោលកូរ៉េខាងជើង ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ ដោយអនុវត្តកិច្ចព្រមព្រៀងជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួនគឺកូរ៉េខាងជើង ហើយជនដែលត្រូវគេបញ្ជូលទៅកាន់ប្រទេសកំណើតវិញ ត្រូវបានគេដឹងថា នឹងប្រឈមនឹងការទោសទណ្ឌធ្ងន់ធ្ងរ ដោយរួមមានការធ្វើទារុណកម្ម និងការប្រហារជីវិតជាសាធារណៈជាដើម៕ ដោយ ៖ សុភ័ក្ត្រ