ថ្ងៃនេះ (ទី១២ សីហា ឆ្នាំ២០២២) ឃើញថាប្រជាពលរដ្ឋខ្មែរជាច្រើន ជាពិសេសនៅក្នុងរាជធានីភ្នំពេញ មិនថាខ្មែរសុទ្ធ ឬ អ្នកខ្សែស្រឡាយកាត់ចិននោះទេ បាននាំគ្នាសែនក្បាលទឹកយ៉ាងគគ្រឹកគគ្រេង ដោយធ្វើឡើងទៅតាមប្រពៃណីរបស់ដូនតា ដើម្បីសុំសេចក្តីសេចក្តីសុខ លាភសំណាង និងភ្លៀងធ្លាក់ត្រជាក់ត្រជុំ។
តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងហួសចិត្តខ្លាំងបំផុតនោះ គឺក្នុងអំឡុងពេលវេលានៃពិធីសែន កំពុងប្រព្រឹត្តទៅ ស្រាប់តែផ្ទះមួយបានឆេះកុងម៉ាឡើងសន្ធោសន្ធៅ ផ្អើលអស់អ្នកផ្ទះជិតខាងភ័យស្លន់ស្លោគ្រប់ៗគ្នាតែម្តង។
ហេតុការណ៍នេះ បានកើតឡើងនៅក្នុងបុរីពិភពថ្មី ផ្សារឈូកមាស (ផ្លូវ២) នៅវេលាម៉ោងប្រមាណជាង ១០ ព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។ ចំពោះមូលហេតុ គេមិនបានដឹងនោះទេ ប៉ុន្តែ អគ្គីភ័យត្រូវបានបណ្តែតបណ្តោយឲ្យឆាបឆេះដល់ថ្នាក់នេះ គឺដោយសារតែម្ចាស់ផ្ទះមិននៅ។
តែទោះជាយ៉ាងណា ភ្លើងឆេះកុងម៉ាសែនក្បាលទឹកនេះ ពុំបង្កឲ្យរីករាលធ្ងន់ធ្ងរនោះទេ ដោយសារសំណាង បានប្រជាពលរដ្ឋជិតខាង ប្រទះឃើញ ហើយពួកគាត់បាននាំគ្នាខ្នះខ្នែងជួយគាស់ទ្វារ ដើម្បីពន្លត់ភ្លើងទាន់ពេលវេលា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





