វីដេអូបង្ហាញថា យុវជន បានយំស្រែក និងប្រវេប្រវារំដោះខ្លួនចេញពីនារីជាសង្សារ ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ២០ ខែឧសភា កន្លងទៅនៅទីក្រុងតានសាន់ ខេត្តអានហ៊ួយ ប្រទេសចិន ។ តាមសាក្សីដែលបានឃើញផ្ទាល់ គឺយុវជន វ័យ ២៣ឆ្នាំ បានសុំចែកផ្លូវគ្នាជាមួយនារីជាសង្សារវ័យ ២៦ឆ្នាំ ហើយខាងស្រីចង់ឲ្យពួកគេថើបគ្នាលើកចុងក្រោយ ។
តាមរយៈវីដេអូ គូស្នេហ៍ទាំង២ ហាក់ដូចបានថើបគ្នានៅខាងក្រៅមជ្ឈមណ្ឌលបង្ការប្រឆាំងជំងឺឆ្លង ទីក្រុងតានសាន់ ។ យុវជនចាប់ផ្តើមយំស្រែក និងប្រវេប្រវា រំដោះខ្លួនចេញពីមិត្តស្រី ពេលនោះស្រាប់នាងខាំអណ្តាតគេជាប់មិនលែង ។
ប៉ូលិសខេត្តអានហ៊ួយ ត្រូវបានហៅមកកាន់កន្លែងកើតហេតុ និងបង្ខំចិត្តត្រូវបាញ់ចំហាយហ៊ឺរដាក់មុខខាងស្រី ដើម្បីរំដោះមិត្តប្រុសរបស់នាង ។ ជនរងគ្រោះត្រូវបាននាំទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ហើយសំណាងល្អពុំមានរបួសធ្ងន់ធ្ងរ ។ ក្នុងពេលនោះ នារីជាសង្សារត្រូវបានបញ្ជូនទៅឲ្យឪពុកម្តាយនាងមើលថែទាំ ។
ឪពុកម្តាយរបស់នាងនិយាយប្រាប់ប៉ូលិសថា កូនស្រីរបស់ពួកគេ ថ្មីៗនេះមានបញ្ហាសរសៃប្រសាទ ក្រោយពេលនាងត្រូវគេបោកប្រាស់ពេលទិញទំនិញតាមអនឡាញ ។ នេះអាចជាមូលហេតុធ្វើឲ្យនាងមានទង្វើមិនប្រក្រតី ៕ ចន្ទ្រា