Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លែក​មែន! ប្តី​ប្រពន្ធ​វ័យ​ចំណាស់​អាយុ​ជាង ៧០ ឆ្នាំ ទទួល​បានកូន​លើកដំបូ​ង បន្ទាប់​រៀបការ​គ្មាន​កូន​អស់​រយៈ​ពេល…

ប្តីប្រពន្ធជនជាតិឥណ្ឌាអាយុជាង ៧០ ឆ្នាំ ទើបបានផ្តល់កំណើតកូនលើកដំបូង បន្ទាប់ពីពួកគាត់បានរៀបការអស់រយៈពេល ៥៤ ឆ្នាំ។ អព្ភូតហេតុក្នុងជីវិតពិតមួយនេះ បានកើតឡើងចំពោះគ្រួសាររបស់អ្នកស្រី Chandravati អាយុ ៧០ ឆ្នាំ និងលោក Gopichan អាយុ ៧៥ ឆ្នាំ រស់នៅក្នុងរដ្ឋ Rajasthan ប្រទេសឥណ្ឌា។

តាមប្រភពព័ត៌មានមួយរបស់ឥណ្ឌា បានឲ្យដឹងថា ថ្មីៗនេះ អ្នកស្រី Chandravati សម្រាលបានកូនដំបូង ទម្ងន់ ៣.៣៧ គីឡូក្រាម តាមរយៈ IVF ។ ទោះបីជាយ៉ាងណាក៏ដោយ នេះក៏ជាករណីដ៏កម្រមួយនៅក្នុងពិភពលោក។ យោងតាមសេវាសុខភាពជាតិរបស់ចក្រភពអង់គ្លេស (NHS) IVF ត្រូវបានណែនាំសម្រាប់ស្ត្រីដែលមានអាយុក្រោម ៤៣ ឆ្នាំ ដែលបានព្យាយាមមានផ្ទៃពោះលើសពី ២ ឆ្នាំ ដោយគ្មានលទ្ធផល។

វេជ្ជបណ្ឌិត Pankaj Gupta បាននិយាយថា “មានករណីទារកកើតនៅក្នុងប្រទេសនេះ ពេលដែលម្តាយមានអាយុលើសពី ៧០ ឆ្នាំ ប៉ុន្តែនេះគឺជាករណីដំបូងនៅ Rajasthan ដែលបុរសអាយុ ៧៥ ឆ្នាំ និងស្រ្តីអាយុ ៧០ ឆ្នាំ ទើបតែមានកូនដំបូង»។

អ្នកស្រី Chandravati និងលោក Gopichan បានរៀបការតាំងពីឆ្នាំ ១៩៦៨ មកម្ល៉េះ។ លោក Gopichan គឺជាអតីតទាហានម្នាក់ដែលត្រូវបានរងរបួសជើងដោយគ្រាប់កាំភ្លើង នៅពេលចូលរួមក្នុងសង្គ្រាមនៅប្រទេសបង់ក្លាដេស។ ការរងរបួសយ៉ាងធ្ងន់ធ្ងរនេះ បានធ្វើ​ឱ្យលោក Gopichan ប្រឈមនឹងផលវិបាកមួយ​ដែលពិបាកមានកូនណាស់។

បន្ទាប់ពីរៀបការរួច ក្រោយមក ប្តីប្រពន្ធនេះបានព្យាយាមមានផ្ទៃពោះជាច្រើនឆ្នាំ ហើយជារឿយៗបានទៅមន្ទីរពេទ្យ ដើម្បីសុំការអន្តរាគមន៍ ប៉ុន្តែពុំទទួលបានជោគជ័យនោះទេ។

ទោះជាយ៉ាងណាក៏ដោយ ស្នាមញញឹមសម្រាប់ប្តីប្រពន្ធលោក Gopichan ពិតជារីករាយយ៉ាងខ្លាំង គឺបន្ទាប់ពីរួមរស់ជាមួយគ្នា ៥៤ ឆ្នាំ នៅពេលនេះ ពួកគេបានស្វាគមន៍កូនដំបូងរបស់ពួកគេហើយ នៅអាយុជាង ៧០ ឆ្នាំ។

លោក Gopichan បានចែករំលែកថា គាត់មិនអាចបង្ហាញពីសុភមង្គលរបស់គាត់បានទេ។ ទឹកភ្នែករបស់គាត់ស្រក់រាល់ពេលដែលមនុស្សសួរ និងអបអរសាទរគាត់។

គូស្នេហ៍ Chandravati និង Gopichan ទទួលបានលទ្ធផលលើសពីការរំពឹងទុកនេះ គឺបន្ទាប់ពីពួកគេបានជម្នះរាល់ការលំបាកក្នុងការព្យាយាមមានផ្ទៃពោះអស់ជាច្រើនឆ្នាំ។ NHS និយាយថា ការព្យាបាល IVF មានប្រសិទ្ធភាពត្រឹមតែ ៣២% ប៉ុណ្ណោះសម្រាប់ស្ត្រីអាយុក្រោម ៣៥ ឆ្នាំ។ សម្រាប់ស្ត្រីដែលមានអាយុលើសពី ៤៤ ឆ្នាំ ចំនួននេះគឺទាបណាស់គឺត្រឹមតែ ៤% ប៉ុណ្ណោះ។

ក្នុងឆ្នាំ ២០១៩ អ្នកស្រី Erramatti Mangayamma មកពីប្រទេសឥណ្ឌា បានក្លាយជាមនុស្សចាស់ជាងគេបំផុតក្នុងពិភពលោក ដែលសម្រាលកូនបន្ទាប់ពីសម្រាលកូនភ្លោះ នៅអាយុ ៧៤ ឆ្នាំ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×