ខេត្តក្រចេះ ៖ ករណីឃាតកម្មមួយ គឺកូនប្រុសតិរច្ឆានម្នាក់ បានប្រើកាំបិតចុងស្រួច ចាក់សម្លាប់ឪពុកខ្លួនឯង បណ្តាលឲ្យស្លាប់ កាលពីវេលាម៉ោង៧និង៣០ នាទីយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចសម្ងំកូន ភូមិក្រសាំង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា កូនអកតញ្ញូឈ្មោះ គឿន ផារី អាយុ២៦ឆ្នាំ ។ ចំណែកជនរងគ្រោះជាឪពុកឈ្មោះ រិន គឿន អាយុ៥៩ឆ្នាំ រស់នៅភូមិក្រសាំង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។ ដើមចមបណ្តាលឲ្យកូនប្រុសបង្កើតចាក់សម្លាប់ឪពុកនោះអ្នកស្រុកបានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនកើតហេតុកូនប្រុសបានដើរផឹកស្រាស្រវឹងមកដល់ផ្ទះរករឿងប្អូនថ្លៃស្រីឈ្មោះ ព្រាប ស្រីមុំ អាយុ២២ឆ្នាំ និងបានយកចម្ពាមកៅស៊ូបាញ់ទៅលើប្អូនថ្លៃនោះតែមិនត្រូវ ។ ពេលនោះឪពុកបង្កើត បានឮកូនៗឈ្លោះគ្នាក៏ចេញទៅមើល ហើយដេញតាមឈ្មោះ គឿន ផារី ដល់លើផ្លូវលំមួយក៏បានចាប់បោចយកពិលដែលឈ្មោះគឿន ផារី ពាក់នៅលើក្បាលបោកចោលទៅលើផ្លូវ ។
ពេលនោះ ឈ្មោះ គឿន ផារី បានយកកូនកាំបិតចាក់ទៅលើឪពុកឈ្មោះរិន គឿន ត្រូវភ្លៅ ជើងខាងស្ដាំ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយប្រពន្ធ និងកូនបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្នួលជាបន្ទាន់ ដើម្បីសង្គ្រោះតែគួឲ្យអនិច្ចាឪពុកបានដាច់ខ្យល់ស្លាប់ភ្លាមទៅ ដោយឈាមហូរច្រើនពេក ។
កូនអកតញ្ញូដែលសងគុណឪពុកចាក់សម្លាប់ដោយកាំបិតចុងស្រួចនោះ រត់គេចខ្លួនបាត់ ៕ ដោយ៖បញ្ញាស័ក្តិ