ភ្នំពេញ ៖ គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ដឹកនាំដោយ លោកបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការ ដោយមានការចូលរួមពីតំណាង គណៈកម្មការជំនាញផ្សេងៗទៀតនៃរដ្ឋសភា បានជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីធ្វើការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា ។អ្នកច្បាប់បានចាប់ផ្តើមពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តីនេះដោយមានមាត្រាមួយចំនួនលែងមានលក្ខណៈសមស្របនឹងកិច្ចដំណើរការរបស់រាជរដ្ឋាភិបាល ដែលចាំបាច់ត្រូវធ្វើការកែសម្រួលឡើងវិញ។
លោកបណ្ឌិត ប៉ែន បញ្ញា បានមានប្រសាសន៍ថា គណៈកម្មការបានប្រជុំផ្ទៃក្នុងដើម្បីពិនិត្យ និងធ្វើការកែសម្រួលលើខ្លឹមសារ អត្ថន័យ អក្ខរាវិរុទ្ធ នៃសេចក្តីព្រាងច្បាប់នេះខ្លះៗរួចមកហើយ ដើម្បីឲ្យមានលក្ខណៈសមស្របទៅតាមស្តង់ដាច្បាប់ និងស្មារតីនៃច្បាប់រដ្ឋធម្មនុញ្ញ។ រីឯជំនួបពិភាក្សា ជាមួយតំណាងរាជរដ្ឋាភិបាលនាពេលនេះ គឺដើម្បីសាកសួរនូវចំណុចមួយចំនួនដែលជាចម្ងល់របស់គណៈកម្មការនៃរដ្ឋសភាបន្ថែមទៀត។
លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះ គឺជាការរៀបចំតាក់តែងជាថ្មី សម្រាប់យកទៅអនុវត្តជំនួស ច្បាប់ចាស់ ក្នុងគោលបំណងធានាការពារនីត្យានុកូលភាព ព្រមទាំងធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ ជាពិសេសការធានាការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី និងការអភិវឌ្ឍប្រទេសជាតិ។ លោកបន្តថា ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ដែលកំពុង អនុវត្តសព្វថ្ងៃ មានមាត្រាមួយចំនួនលែងមានលក្ខណៈសមស្របនឹងកិច្ចដំណើរការរបស់រាជរដ្ឋាភិបាល ដែលចាំបាច់ត្រូវធ្វើការកែសម្រួលឡើងវិញ ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍បច្ចុប្បន្នដែលមានការរីកចម្រើនរបស់ប្រទេសជាតិ ។
បន្ទាប់ពីតំណាងរាជរដ្ឋាភិបាល បានធ្វើការបកស្រាយនូវសំណួរមួយចំនួនរបស់គណៈកម្មការជំនាញនៃរដ្ឋសភា ពាក់ព័ន្ធទៅនឹងខ្លឹមសារនៃសេចក្តី ព្រាងច្បាប់នេះរួចមក លោកបណ្ឌិត ប៉ែន បញ្ញា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន និងសហការី ជាតំណាងរាជរដ្ឋាភិបាល ដែលបានមកឆ្លើយបំភ្លឺ និងបកស្រាយលើខ្លឹមសារដែលទាក់ទងនិងសេចក្តីព្រាងច្បាប់នេះយ៉ាងក្បោះក្បាយ។
លោកបណ្ឌិត ប៉ែន បញ្ញា បានបញ្ជាក់ថា ក្រោយពីបានស្ដាប់ការបកស្រាយបំភ្លឺពីតំណាងរាជរដ្ឋាភិបាលហើយនេះ គណៈកម្មការនឹងបញ្ជូនសេចក្ដី ព្រាងច្បាប់នេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីសម្រេចដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភាធ្វើការពិភាក្សានិងអនុម័ត នាពេលខាងមុខ៕ ដោយ៖បញ្ញាស័ក្តិ