Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា និងអាពាហ៍ពិពាហ៍៖ ការស្ដារសេចក្ដីស្នេហាឡើងវិញ ក្នុងជីវិតប្ដីប្រពន្ធ

spot_img

គេនិយាយថា “ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ” តែដល់ពេលនៅជាមួយគ្នាយូរៗទៅ “ទោះឃ្លានក៏លែងឆ្ងាញ់ ទោះស្រឡាញ់ក៏លែងល្អ”។ ហេសៗ រឿងបែបនេះ តើវាជាការពិត ឬយ៉ាងណា?
វាក៏ដូចជារាងពិបាកនឹងប្រាប់ដែរ ព្រោះថា គូស្វាមីភរិយាជាច្រើនគូ ក៏នៅតែផ្អែមល្ហែមនឹងគ្នា ទោះជាពេលវេលាកន្លងទៅយូរសែនយូរយ៉ាងណាក៏ដោយ ដូច្នេះយើងនាំគ្នាមកមើលថា តើពួកគេទាំងនោះធ្វើយ៉ាងណាខ្លះ ទើបសម្ព័ន្ធភាពស្នេហ៍របស់ពួកគេនៅតែស្ថិតស្ថេរយូរអង្វែង និងផ្អែមល្ហែមរៀងរាល់ថ្ងៃបែបហ្នឹង?

“រឿងបែបហ្នឹងហ្អេ៎? គ្មានអ្វីពិបាកសោះ គ្រាន់តែនិយាយគ្នាឱ្យដឹង និយាយគ្នាដោយពាក្យដែលពីរោះត្រចៀក និងមិនប៉ះពាល់ក្ដៅក្រហាយដល់ចិត្តគ្នាទៅវិញទៅមក តែប៉ុណ្ណឹងទៅ បានហើយ។ ប្ដីខ្ញុំ គាត់ជាមនុស្សមិនសូវមាត់ក និងគួរឱ្យស្រឡាញ់ ខ្ញុំថាយ៉ាងម៉េច ក៏គាត់មិនដែលប្រកែកដែរ តែបើថ្ងៃណា ស្រាប់តែគាត់ប្រកែក ខ្ញុំក៏ព្រមតាមគាត់ដូចគ្នាទៅ។ បែបហ្នឹងគេហៅថា ស្គាល់ពីចិត្តគេ ស្គាល់ពីចិត្តយើង នៅជាមួយគ្នាបានយូរ និងមិនចេះធុញទ្រាន់ឡើយ”

“ផស់ខ្ញុំវិញហ្អេ៎? ម៉ាក់ប្រាប់ថា មនុស្សប្រុស បើញ៉ាំឆ្អែតគ្រប់យ៉ាងហើយ ធានាថាមិនទៅណាទេ…ខ្ញុំក៏ព្យាយាមរិះរកវិធី ឱ្យគាត់បានទទួលទានអាហារយ៉ាងមានសេចក្ដីសុខ។ ពេលញ៉ាំបាយជាមួយគ្នា កុំនិយាយពីរឿងការងារ ឬរឿងអ្វីដែលធ្វើឱ្យមិនសប្បាយចិត្ត ហើយបើថ្ងៃណា គាត់កើតមានអារម្មណ៍ផង ក៏ផ្ដល់ឱ្យគាត់បានឆ្អែតជាមួយនឹងសេចក្ដីស្នេហា ដែលយើងប្រគល់ឱ្យទាំងកាយ និងចិត្តដោយក្ដីស្មោះស្ម័គ្រ និងឆ្អែតទៅជាមួយសេចក្ដីសុខដែលកើតពីទង្វើរបស់យើងរួមគ្នា។ បែបនេះ នៅជាមួយគ្នាប៉ុន្មានឆ្នាំ ក៏នៅតែផ្អែមល្ហែមដូចមុនដដែលដែរ”

“ខ្ញុំវិញ ពេលឃើញភរិយាគាត់រាងដូចជាធុញៗ ក្រញូវៗ ខ្ញុំក៏ធ្វើខ្លួនឱ្យសប្បាយរីករាយ ឬនិយាយរឿងកំប្លុកកំប្លែងឱ្យស្ដាប់ ព្យាយាមនាំគាត់ចេញពីស្ថានការណ៍ដែលធ្វើឱ្យគាត់មិនសប្បាយចិត្ត ជួយគាត់ធ្វើការងារផ្ទះខ្លះទៅ នាំទៅដើរលេងនៅទីនេះ ទីនោះខ្លះទៅ មិនយូរប៉ុន្មានគាត់ក៏តាំងស្មារតីបានឡើងវិញ និងសប្បាយរីករាយដូចមុនបាត់ទៅហើយ…”

“យើង ២នាក់ ទៅដើរលេងជាមួយគ្នានៅថ្ងៃឈប់ចុងសប្ដាហ៍ យ៉ាងហោចណាស់ក៏ ១ខែម្ដងដែរ។ ពេលដែលបាននៅជាមួយគ្នាតែ ២នាក់នៅក្នុងកន្លែងដែលសែនស្ងប់ស្ងាត់ និងរ៉ូមែនទិកនោះ រឿងរ៉ាវក្ដីផ្អែមល្ហែមក្នុងអតីតកាល ក៏ត្រឡប់មកជាថ្មី ហើយជីវិតគូរបស់យើង ក៏រលូនជាមួយគ្នារហូតមកដល់សព្វថ្ងៃនេះ។ គេនិយាយថា ជីវិតត្រូវមានតុល្យភាពទាំងមុខនាទីការងារ និងរឿងរបស់គ្រួសារ បើធ្វើបានបែបហ្នឹង ធានាថា អតីតកាលដែលផ្អែមល្ហែមនឹងនៅតែត្រឡប់មកឱ្យយើងបានជួបជានិច្ច”

“ការពិតទៅ រឿងដែលគួរឱ្យធុញទ្រាន់បំផុត គឺភាពដដែលៗរវាងគ្នានឹងគ្នា និងគ្មានអ្វីដែលគួរឱ្យរំភើបឡើយ ដូចជីវិតរបស់យើង ដែលព្រឹកឡើងក៏ទៅធ្វើការ ល្ងាចត្រឡប់មកវិញ ក៏អស់កម្លាំង ឱកាសចង់ស៊ិះស៊ុសគ្នា ក៏កាន់តែតិចទៅ ព្រោះស្ត្រីមេផ្ទះ គេការងារច្រើន យូរៗទៅ ក៏ធុញក្នុងការស្រឡាញ់គ្នា ដល់អ៊ីចឹង ភាពស្និទ្ធស្នាលគ្នា ក៏ចាប់ផ្ដើមរលាយបាត់។ តែល្អដែរ ដែលខ្ញុំចេះសង្កេតឃើញទាន់ និងចាប់ផ្ដើមកែសម្រួលខ្លួន ដោយធ្វើការងារឱ្យតិចជាងមុន មានពេលនាំភរិយាទៅដើរលេងនៅទីនេះ ទីនោះឱ្យបានច្រើនឡើង។ លុះពេលមានបរិយាកាសល្អៗ រឿងរ៉ាវនៃសេចក្ដីស្រឡាញ់ និងចំណង់រវាងគ្នា និងគ្នា ក៏ត្រឡប់មកជាថ្មី ហើយពេលមានសេចក្ដីសុខជាមួយគ្នាញឹកញាប់ទៅ អ្វីៗជាច្រើន វាក៏ត្រឡប់មកដូចដើមវិញ”

“ខ្ញុំសង្កេតឃើញថា ក្រោយពីបានរស់នៅជាមួយគ្នាហើយ គាត់ប្រែប្រួលមិនដូចពីមុន ខ្ញុំក៏ខិតខំព្យាយាមក្នុងការធ្វើគ្រប់យ៉ាង ឱ្យគាត់ដូចដើមវិញ ប្រាប់ឱ្យគាត់ចេះយកចិត្តគ្នាខ្លះ ប្រាប់ឱ្យគាត់ត្រឡប់មកផ្ទះវិញទៀងពេលខ្លះ ទាំងការងាររបស់គាត់ក៏ច្រើន។ ពេលនោះប្រៀបដូចជាមនុស្សឆ្កួត ព្យាយាមប្រើអំណាច ដើម្បីគ្រប់គ្រងគាត់ ឱ្យបានដូចចិត្តខ្លួនឯងចង់បាន តែមើលទៅហាក់ដូចជាកាន់តែធ្វើ កាន់តែយ៉ាប់យ៉ឺនឡើង។ គាត់ព្យាយាមរកវិធីគេចវេះពីការនៅក្បែរគ្នា ដែលវារឹតតែធ្វើឱ្យខ្ញុំខឹងគាត់កាន់តែខ្លាំងឡើង និងកាចឡើងៗ។ គាត់ក៏ចាប់ផ្ដើមឆ្ងាយទៅៗ ពេលនោះគិតថា មិនយូរទេជីវិតគូរបស់យើងនឹងដួលរលំមិនខាន…។

លុះមកដល់ថ្ងៃមួយ ពេលនៅម្នាក់ឯងស្ងាត់ៗ ក៏នឹកឃើញថា ដែលប្រាប់ខ្លួនឯងថា គាត់ប្រែប្រួលមិនដូចមុននោះ ការពិតទៅ
គាត់ប្រែប្រួល ព្រោះមកពីយើងប្រែប្រួលខ្លួនឯងទេតើ!។ លុះនឹកឃើញដូច្នេះហើយ ក៏ចាប់ផ្ដើមកែសម្រួលខ្លួនឯងជាថ្មី ឱ្យត្រឡប់មកជានារីម្នាក់ ដែលគាត់ធ្លាប់សុំសេចក្ដីស្នេហា និងសុំរៀបការជាមួយកាលពីមុន។ ប្លែកមែនទែន តែជារឿងពិត! គាត់ក៏ចាប់ផ្ដើមប្រែប្រួល ត្រឡប់ក្លាយមកជារូបគាត់ ដែលគួរឱ្យស្រឡាញ់ ដែលធ្លាប់មកសុំសេចក្ដីស្នេហាពីយើងដូចកាលពីមុនវិញដែរ…បន្ទាប់ពីនោះមក ខ្ញុំក៏លែងត្រឡប់ទៅធ្វើជានាងយក្ខិនីទៀត ឯគាត់ក៏ត្រឡប់មកជាតួឯកដ៏សែនល្អរបស់ខ្ញុំ រហូតតទៅដូចគ្នា”

ទាំងអស់នេះ ប្រហែលវាជាផ្នែកមួយរបស់ជីវិតពិត ដែលបានកើតឡើង និងដែលអាចហៅអតីតកាលដ៏សែនផ្អែមល្ហែម ឱ្យត្រឡប់មកសាជាថ្មីវិញបាន តែ តើមានអ្នកណាខ្លះដឹងថា ហេតុអ្វីបានពួកគេ អាចហៅភាពផ្អែមល្ហែមរបស់ជីវិតគូ ឱ្យត្រឡប់មកវិញបាន?
ចម្លើយក៏គឺ ពួកគេមើលឃើញអំពើល្អរបស់គ្នាទៅវិញទៅមក ព្រោះនៅពេលដែលមនុស្សយើងមើលឃើញអំពើល្អរបស់គ្នាទៅវិញទៅមកហើយ រឿងអ្វីក៏អាចធ្វើបានដែរ សម្រាប់មនុស្សល្អម្នាក់ គឺមនុស្សដែលយើងស្រឡាញ់…៕

spot_img
×