Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CDC សម្រេចឲ្យបង្កើតគម្រោងរោងចក្រផលិតបន្ទះសូឡា និងគ្រឿងបង្គុំថ្មីមួយ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ

spot_img

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ថ្មីៗនេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ ក្រុមហ៊ុន Solar Long PV-Tech (Cambodia) Co., Ltd. លើគម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា និងគ្រឿងបង្គុំ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ក្នុងទុន វិនិយោគ ចំនួន ១២ លានដុល្លារអាមេរិក និងបង្កើតការងារបានប្រមាណ ៥០០នាក់។

ទីផ្សារសំខាន់ ដែលកម្ពុជា នាំចេញភាគច្រើន សម្រាប់ផលិតផលសូឡា និងផលិផលគ្រឿងបង្គុំ គឺទៅកាន់សហរដ្ឋអាមេរិក ដោយមានកំណើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រទេសកម្ពុជា កំពុងក្លាយជាទីតាំងដ៏មានសក្តានុពលមួយនៅក្នុងប្លុកអាស៊ានដែលមានការទាក់ទាញខ្លាំងទៅលើគម្រោងវិនិយោគបង្កើតរោងចក្រផលិតបន្ទះសូឡា ខណៈដែលពិភពលោកកំពុងតម្រង់ទិសទៅរកការប្រើប្រាស់ថាមពលកកើតឡើងវិញ ឬថាមពលស្អាតដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលនាំឲ្យប៉ះពាល់ដល់បរិស្ថាន និងការបម្រែបម្រួលអាកាសធាតុ។

កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្លាប់បានអនុម័តលើគម្រោងវិនិយោគបង្កើតរោងចក្រផលិតបន្ទះសូឡាថ្មីមួយផងដែររបស់ក្រុមហ៊ុន L-Q New Energy CO., LTD.  ដែលមានតម្លៃទុនចុះបញ្ជីប្រមាន ៨៤,៥លានដុល្លារ ស្ថិតនៅទីតាំង ខេត្តក្រចេះ និងបង្កើតការងារបានប្រមាណ ១.០០០នាក់។

សូមជម្រាបថា ការនាំចេញផលិតផលបន្ទះសូឡារបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក នៅឆ្នាំ ២០២១ មានតម្លៃទឹកប្រាក់សរុប ២៥៦,៨៩លានដុល្លារ បានកើនឡើង ៩៣,៦៦ភាគរយ បើធៀបនឹងឆ្នាំ ២០២០ ដែលកាលនោះ មានតម្លៃទឹកប្រាក់ ១៣២,៦៥លានដុល្លារ។ នេះបើយោងតាមទិន្នន័យដែលផ្តល់ដោយក្រសួងពាណិជ្ជកម្មកម្ពុជា។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានសម្រេចអនុញ្ញាតឱ្យបន្ទះសូឡា នាំចូលមកសហរដ្ឋអាមេរិក ពីប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងវៀតណាម ដោយគ្មានរបាំងពន្ធគយសម្រាប់រយៈពេល ២ឆ្នាំ៕

spot_img
×