Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះអដ្ឋិ នៃសម្តេចព្រះបរមរាមា នរោត្តម យុវនាថ យាងនិវត្តន៍មកដល់កម្ពុជា

spot_img

ភ្នំពេញៈ ព្រះអដ្ឋិ នៃសម្តេចព្រះបរមរាមា នរោត្តម យុវនាថ នឹងយាងនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជា នាវេលាម៉ោង ៩ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ តាមព្រះទីនាំងយន្តហោះ ដើម្បីប្រារព្ធព្រះពិធីថ្វាយព្រះកុសលព្រះវិញ្ញាណក្ខ័ន្ធ នាវត្តបទុមវតីរាជវរារាម និងយាងដង្ហែស្តេចគង់ប្រថាប់ក្នុងព្រះចេតិយ នាវត្តព្រែកប្រាំង។

សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ទ្រង់យាងចូលព្រះទិវង្គត ក្នុងព្រះជន្មាយុ ៧៨ព្រះវស្សា នៅសហរដ្ឋអាមេរិក ដោយព្រះជរាពាធ នាយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ (ម៉ោងនៅប្រទេសកម្ពុជា)។

សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ទ្រង់ព្រះប្រសូតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ព្រះអង្គ ជាព្រះរាជបុត្រាច្បង នៃព្រះករុណា ព្រះ បាទ សម្ដេច ព្រះ នរោត្តម សីហនុ ព្រះ មហា វីរក្សត្រ ព្រះ វររាជ បិតា ឯក រាជ្យ បូរណភាពទឹកដី និងឯកភាព ជាតិ ខ្មែរ ព្រះ បរម រតន កោដ្ឋ ជា ទី គោរព សក្ការៈ ដ៏ ខ្ពង់ខ្ពស់ បំផុត និងព្រះអង្គម្ចាស់ក្សត្រី សុីសុវត្ថិ ពង្សសានមុនី ព្រះរាជបុត្រី នៃព្រះករុណា ព្រះបាទសម្ដេចព្រះ សុីសុវត្ថិ មុនីវង្ស ចមចក្រពង្ស ហរិរក្សបរមិន្ទ្រ ភូវន័យក្រៃកែវហ្វា សុលាល័យ ព្រះបរមខត្តិយកោដ្ឋ ព្រះចៅក្រុងកម្ពុជាធិបតី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ សម្តេចព្រះបរមរាមា ត្រូវជាព្រះរៀមបង្កើតមាតាទីទៃ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ព្រះអង្គ បានបំពេញការសិក្សានៅវិទ្យាល័យព្រះសុីសុវត្ថិ និងធ្លាប់បានយាងជាតំណាងដ៏ខ្ពង់ខ្ពស់នៃប្រទេសកម្ពុជាចូលរួមក្នុងកម្មវិធី « World Scout Jamboree » នៅក្នុងប្រទេសហ្វីលីពីន នាឆ្នាំ១៩៥៩ និងបានយាងដង្ហែព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាច្រើនរាប់មិនអស់ផងដែរ។ ស្របពេលដែលរាជធានីភ្នំពេញ មានរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ គឺនៅក្នុងកំឡុងពេលដែល ព្រះអង្គ និងអ្នកម្នាង ស្ថិតក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសសឹង្ហបុរី បានធ្វើឲ្យព្រះអង្គ ពុំអាចយាងនិវត្តន៍មកកាន់កម្ពុជាវិញបាន ទើបបង្ខំឲ្យ ព្រះអង្គ ភៀសព្រះកាយទៅគង់នៅប្រទេសចិនរហូតដល់ឆ្នាំ ១៩៧៥ ទើបភៀសព្រះកាយមកកាន់ទីក្រុងហុងកុង រហូតដល់ឆ្នាំ១៩៨០ ទ្រង់បានភៀសព្រះកាយបន្តទៅរស់នៅក្នុងសហរដ្ឋអាមេរិក និងបានបំពេញការងារក្នុងក្រុមហ៊ុន US Surgical Corporation ប្រមាណជាង ១៤ឆ្នាំ។

ក្រោយពីបានយាងនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៣ ព្រះអង្គ ត្រូវបានប្រោសព្រះរាជទានព្រះរាជក្រឹត្យតែងតាំងជា «ស្តេចក្រុមហ្លួង» និងមានព្រះឋានៈជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើឧបនាយករដ្ឋមន្រ្តី និងក្រោយមកនៅខែសីហា ឆ្នាំ២០០៤ ត្រូវបានទទួលគោរមងារជា «សម្តេចព្រះបរមរាមា»។

ព្រះអង្គ បានរៀបអភិសេកជាមួយ អ្នកម្នាង ភាព (ក្រោយមកលែងលះ) និងមានព្រះបុត្រា ១អង្គនាម អ្នកអង្គម្ចាស់ នរោត្តម ឆវ័ន្តរង្សី ប្រសូតនៅឆ្នាំ១៩៦០។ និងបានរៀបអភិសេកជាមួយ អ្នកម្នាង គឹម យិន ដោយមានព្រះបុត្រាបុត្រីចំនួន ៤អង្គ ៖
១/ អ្នកអង្គម្ចាស់ នរោត្តម វជ្ជរ៉ាវុឌ្ឍ ប្រសូតនៅឆ្នាំ ១៩៦៦
២/ អ្នកអង្គម្ចាស់ នរោត្តម ឯកជ្ជរិន ដែលត្រូវបានសន្និដ្ឋានថាត្រូវបានខ្មែរក្រហមធ្វើគុតនៅកំឡុងឆ្នាំ ១៩៧៦ ក៏ប៉ុន្តែ អ្នកអង្គម្ចាស់ បានភៀសខ្លួនទៅកាន់ជំរំជនភៀសខ្លួននៅក្នុងប្រទេសថៃ រួចភៀសខ្លួនបន្តទៅរស់នៅក្នុងប្រទេសស៊ុយអែត។ អ្នកអង្គម្ចាស់ បានត្រឡប់មកកាន់កម្ពុជាវិញនៅក្នុងឆ្នាំ២០១៣។
៣/ អ្នកអង្គម្ចាស់ក្សត្រី នរោត្តម ភគិណា ប្រសូតនៅឆ្នាំ១៩៧០
៤/ អ្នកអង្គម្ចាស់ក្សត្រី នរោត្តម យុវទេវី ប្រសូតនៅឆ្នាំ១៩៧៤៕ រក្សាសិទ្ធិដោយៈចេស្តារ

spot_img
×