Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណេះដឹងទូទៅ៖ “ពិរ៉ាន់យ៉ា ត្រីស៊ីមនុស្ស” ពេជ្ឈឃាតនៃដងទន្លេ អាម៉ាហ្សូន

ត្រី “ពិរ៉ាន់យ៉ា” ល្បីឈ្មោះថា ជាត្រីដែលគ្រោះថ្នាក់បំផុត ១ប្រភេទរបស់ពិភពលោក រស់នៅរួមគ្នាជាហ្វូង និងសម្រុកចូលវាយប្រហារមុខសញ្ញា យ៉ាងលឿនរហ័ស ដោយធ្មេញដ៏មុតស្រួចរបស់វា អាចនិយាយបានថា ជាវិធីសម្លាប់គូសត្រូវ យ៉ាងសាហាវ ក្នុងរយៈពេលតែ ១ប៉ព្រិចភ្នែកប៉ុណ្ណោះ។

ត្រីពិរ៉ាន់យ៉ា (Piranha) មានឈ្មោះខាងវិទ្យាសាស្ត្រហៅថា Serrasalmas spp ជាត្រីទឹកសាប ១ក្រុម ដែលត្រូវបានចាត់ចូលទៅក្នុងត្រកូលត្រី ស៊ើរ៉ាសាល់ម៉ាស់ (Serrasalmas) ដែលត្រីក្នុងក្រុមនេះ មានទាំងអស់ ២៥ប្រភេទ តែ មានតែ ៤ប្រភេទប៉ុណ្ណោះដែលបង្កគ្រោះថ្នាក់ដល់មនុស្ស និងសត្វដទៃទៀត។

ត្រីពិរ៉ាន់យ៉ា ស៊ីសាច់ឆៅជាអាហារ ច្រើនតែរស់នៅរួមគ្នាជាហ្វូងខ្នាតធំ ប្រទះឃើញមានច្រើននៅក្នុងទន្លេអាម៉ាហ្សូន និងទន្លេជាច្រើនទៀតក្នុងទ្វីបអាមេរិកខាងត្បូង។ មានធ្មេញមុតស្រួច រាងត្រីកោណខ្នាតធំ ផ្នែកខាងក្បាលមានទំហំធំ មានសាច់ដុំបរិវេណថ្ពាល់រឹងមាំ សម្រាប់ប្រើត្របាក់ខាំស៊ីសាច់សត្វណា ដែលធ្លាក់ចូលទៅជិតកន្លែងរស់នៅរបស់ពួកវាជាអាហារ។ ជាពិសេសសត្វដែលកំពុងភ្ញាក់ផ្អើល ឬស្ថិតក្នុងសភាវទន់ខ្សោយមានរបួស។ សំឡេងគ្រុងគ្រាំងរបស់ទឹក ដែលខ្ទាតខ្ចាយ នឹងទាក់ទាញត្រីពិរ៉ាន់យ៉ា ឱ្យចូលមកយ៉ាងឆាប់រហ័ស ដោយត្រីពិរ៉ាន់យ៉ា នឹងប្រើធ្មេញដែលមុតស្រួចនោះ ខាំស៊ីសាច់របស់សត្វធំៗ រហូតធ្លុះទៅដល់ឆ្អឹងកងខ្នង បានត្រឹមតែមិនប៉ុន្មានវិនាទីប៉ុណ្ណោះ។ ភាពកាចសាហាវរបស់ត្រីពិរ៉ាន់យ៉ា ខុសប្លែកពីគ្នាទៅតាមប្រភេទនីមួយៗ តែគេជឿថា ត្រីពិរ៉ាន់យ៉ាគ្រប់ប្រភេទ អាចហឹតចាប់ក្លិនឈាមនៅក្នុងទឹកបានដូចត្រីឆ្លាមដែរ។

ត្រីពិរ៉ាន់យ៉ាមានដងខ្លួនសំប៉ែត ពោះទូលាយ ស្រដៀងត្រីកន្ត្រប់របស់ខ្មែរយើងដែរ។ ត្រីពិរ៉ាន់យ៉ា ប្រភេទនីមួយៗ មានពណ៌អុចៗនៅលើដងខ្លួនខុសប្លែកពីគ្នា ស្រកាបរិវេណម្ដុំពោះ មានរាងជាបន្លាៗ ស្រដៀងធ្មេញរណាចំនួន ២៤–៣១គ្រាប់ មានអាវុធសំខាន់គឺ “ធ្មេញ” ដែលមានតែ ១ជួរ ជារាងត្រីកោណ និងមុតខ្លាំងណាស់ អាចខាំសាច់ឆៅឱ្យដាច់យ៉ាងងាយស្រួល។ បបូរមាត់ខាងក្រោម លយចេញមកវែង ជាងបបូរមាត់ខាងលើ តែនៅពេលបិទមាត់ទៅ នឹងជិតឈឹងតែម្តង។

នៅក្នុងពេលដែលត្រីពិរ៉ាន់យ៉ា ចាប់ផ្តើមចេញអាការឃ្លាន បើគ្មានសត្វអ្វីធ្លាក់ចូលក្នុងបរិវេណ ដែលពួកវារស់នៅទេនោះ ត្រីពិរ៉ាន់យ៉ានឹងស៊ីត្រីផ្សេងទៀតជាអាហារ ដោយប្រើវិធីប្រមាញ់ចំណី ដោយការស្ទុះចូលទៅខាំស៊ីយ៉ាងរហ័ស និងរោមខាំស៊ី រហូតសឹងតែគ្មាននៅសល់បំណែក ទើបពួកវាទទួលបានរហស្សនាមថា “ពេជ្ឈឃាតនៃដងទន្លេទឹកសាប”។

យ៉ាងណាក៏ដោយ ទោះជាល្បីឈ្មោះថាជា ត្រីសាហាវ មែនក៏ដោយ តែត្រីពិរ៉ាន់យ៉ា ក៏ជាត្រីដែលប៉ិនភ្ញាក់ផ្អើលណាស់ដែរ ដូច្នេះហើយទើបពួកវាត្រូវរស់នៅជាហ្វូងធំៗ ដើម្បីនឹងបានវាយសម្រុកទៅលើចំណី តែជាញឹកញាប់ណាស់ ដែលវាតែងក្លាយជាចំណីរបស់សត្វ ដែលមានខ្នាតធំជាង ដូចជា ត្រីរ៉ស់យក្សអាម៉ាហ្សូន ឬត្រីអៈរ៉ាផៃម៉ា ត្រីឡូម៉ាទន្លេ និងបក្សីស៊ីត្រីជាអាហារច្រើនប្រភេទទៀត រួមទាំងមនុស្សនៅក្នុងតំបន់ដែលនិយមហូបត្រីពិរ៉ាន់យ៉ាជាអាហារផងដែរ។

សម្រាប់ត្រីពិរ៉ាន់យ៉ា ប្រភេទដែលមានឈ្មោះល្បីថាកាចសាហាវបំផុតនោះគឺ ត្រីពិរ៉ាន់យ៉ាក្រហម ឬពិរ៉ាន់យ៉ាពោះក្រហម ស្រកាមានខ្នាតតូចៗ មានពណ៌ក្រហមលាយផ្កាឈូក ចាំងផ្លេកៗដូចកាកពេជ្រ ទំហំខ្លួនធំពេញទំហឹង ប្រមាណជា ៣៣សង់ទីម៉ែត្រ(ជាង ៣តឹក) ទម្ងន់ប្រមាណជា ៣,៥គីឡូក្រាម ថែមទាំងជីវិតវែងទៀតផង ព្រោះអាចរស់នៅលើគោកដោយគ្មានត្រូវទឹកសោះ បានយូរដល់ទៅ ២ម៉ោងឯណោះ៕

×