ភ្នំពេញ ៖ រថយន្តដឹកខ្សាច់ចង្កូតស្តាំមួយគ្រឿង បានបើកឡើងចំណោតមិនរួច ខណ:ដឹកខ្សាច់ធ្ងន់ពេកបានថយក្រោយ បណ្ដាលឲ្យបុ.កផ្ទះល្វែងមួយកន្លែងរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង ០០ នាទីរសៀល ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវបេតុងមួយកន្លែងជាប់នឹងផ្លូវ ៣៧១ ភូមិត្នោតជ្រុំ ២ សង្កាត់បឹងទំពុន ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដចង្កូតស្ដាំមួយគ្រឿងខាងលើ បានបើកបរចុះពីផ្លូវ៣៧១ បត់ចូលតាមបណ្ដោយផ្លូវបេតុង ដើម្បីចូលទៅដឹកខ្សាច់នៅការដ្ឋានលក់ខ្សាច់មួយកន្លែងខាងលើ ក្រោយពេលចូកខ្សាច់ ដាក់លើរថយន្តរួចរាល់ហើយនោះ អ្នកបើកបរបានបើកឡើងចំណោតមកផ្លូវ៣៧១វិញ ក្នុងទិសដៅពីជើងទៅត្បូង ខណៈរថយន្តបើកឡើងជិតដល់ពាក់កណ្ដាលផ្លូវ បានរអិលថយក្រោយបណ្ដាលឲ្យបុ.កផ្ទះល្វែងបា.ក់ទ្វារដែក និងធ្នឹមខាងក្នុង រងការខូចខាតយ៉ាងដំណំ ភ្លាមៗនោះ អ្នកបើកបររថយន្ត បានព្យាយាមបើករថយន្ត ចេញពីកន្លែងកើតហេតុ ចូលក្នុងការដ្ឋានលក់ខ្សាច់វិញ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់បឹងទំពុនទី ២ សហការជាមួយនឹងកម្លាំងជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះមកដល់ទីតាំងកើតហេតុខាងលើ ដើម្បីឱ្យភាគីខាងរថយន្ត និងម្ចាស់ផ្ទះ ដែលរងការខូចខាតខាងលើ ធ្វើការចចារគ្នា ដោយខាងភាគីរថយន្ដ សុខចិត្តសងថ្លៃជួសជុលផ្ទះល្វែងខាងលើ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង។
គួរបញ្ជាក់ផងដែរថា នាពេលកន្លងមក មានករណីរថយន្តដឹកខ្សាច់ចេញពីការដ្ឋានខាងលើ រអិលថយក្រោយបុ.កអ្នកជិះម៉ូតូ បណ្តាលឲ្យរងររបួសយ៉ាងធ្ងន់ធ្ងរចំនួន២នាក់ ហើយលើកទី២នេះ រងការខូចខាតផ្ទះល្វែងអស់១ល្វែង ផ្នែកខាងមុខយ៉ាងដំណំ៕ រក្សាសិទ្ធិដោយ ៖ សួង សាម




