ប្រភពព័ត៌មានការទូតឲ្យដឹងថា លោក Trump បានចោទសួរពីការដែលជប៉ុនពុំសម្រេចចិត្តបាញ់ទម្លាក់កាំជ្រួចកូរ៉េខាងជើង ហើយបើតាម Kyodo ប្រធានាធិតីអាមេរិក ពោលថា “លោកពុំអាចយល់ថា ហេតុអ្វីទឹកដីរបស់យុទ្ធជនសាម៉ូរាយ (Samurai) បែរជាបាញ់ទម្លាក់កាំជ្រួចនោះ។ សម្តីរបស់លោក Trump ត្រូវបានទម្លាយចេញក្រោយពេលលោក Trump ទៅដល់ជប៉ុនពីថ្ងៃទី ៥ ខែ ១១ ចាប់ផ្តើមដំណើរទស្សនៈកិច្ចប្រទេស៥ នៅអាស៊ី។
កាំជ្រួចវាយស្កាត់ “ដីទល់មេឃ” PAC-3 នៅមូលដ្ឋានទ័ពអាកាស Yakota របស់អាមេរិកនាតំបន់ Fussa ជាយក្រុងតូក្យូជប៉ុន
ការគំរាមកំហែងពីកម្មវិធីនុយក្លេអ៊ែរ និងកាំជ្រួចរបស់កូរ៉េខាងជើង ជាខ្លឹមសារស្នូលនៃកិច្ចសន្ទនារវាងប្រធានាធិបតី Trump ជាមួយសមភាគីម្ចាស់ផ្ទះលោកនាយករដ្ឋមន្ត្រី Shinzo Abe នៅថ្ងៃទី ០៦ ខែ ១១។
ដើម្បីឆ្លើយតបនឹងការដាក់ទណ្ឌកម្មអន្តរជាតិ កូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចអន្តរទ្វីបនៅថ្ងៃទី ២៩ ខែ៨ និង ១៥ ខែ៩ ហោះរំលង Hokkaido មុនពេលធ្លាក់ចុះមហាសមុទ្រប៉ាស៊ីហ្វិក។
កងកម្លាំងស្វ័យការពារជប៉ុន (SDF) ពុំបានបាញ់ទម្លាក់កាំជ្រួចនោះទេ ។ រដ្ឋការជប៉ុឲ្យដឹងថា SDF បានតាមដានមើលកាំជ្រួចនេះ តាំងពីវាចាកចេញពីទម្រ ហើយសន្និដ្ឋានថា វាពុំធ្លាក់ចុះទឹកដីជប៉ុនឡើយ។
ម្យ៉ាងទៀតរយៈចម្ងាយបាញ់ និងល្បឿនលឿនរបស់កាំជ្រួចទាំងនេះក៏បង្កការលំបាកសម្រាប់ការវាយស្កាត់ពេលវាកំពុងហោះ។ លើសពីនេះ ប្រសិនបើការវាយស្កាត់បរាជ័យ នោះជប៉ុនអាច “បាក់មុខ” ខណៈពេលកូរ៉េខាងជើងកាន់តែ “បានចិត្ត” ។
ដែនដីប្រទេស ៥ ដែលលោក Trump ទៅទស្សនៈកិច្ច
ក្នុងពេលនោះអាមេរិក សម្ព័ន្ធមិត្ត និងដៃគូ កំពុងបង្កសម្ពាធដើម្បីឲ្យកូរ៉េខាងជើង បោះបង់កម្មវិធីនុយក្លេរអ៊ែរ។ រដ្ឋការអាមេរិកអះអាងថា រាល់គ្រោងការណ៍បានត្រៀមរួចជាស្រេច រួមទាំងប្រតិបត្តិការយោធា ដើម្បីប្រឈមមុខនឹងស្ថានការណ៍៕ ដោយ ៖ សូយន